អ៊ុយក្រែនក្តីក្តាំចាញ់រុស្ស៊ីក្នុងរឿងចោទម៉ូស្គូថាគាំទ្រភេរវនិយម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៥
ម្សិលម៉្ងៃថ្ងៃ១៩មេសា តុលាការអ.ស.ប. នៅក្រុង ឡាអេ បានចេញសេចក្តីសម្រេច មិនព្រមចាត់ឡើយវិធានការដាក់ទណ្ឌកម្មរុស្ស៊ីទៅតាមការទាមទាររបស់អ៊ុយក្រែន ដែលចោទរុស្ស៊ីថា គាំទ្រភេរវនិយម។ ប៉ុន្តែព្រមជាមួយនេះ តុលាការ សុខចិត្តបំពេញខ្លះៗតាមការទាមទាររបស់អ៊ុយក្រែនឲ្យ ចាត់វិធានការរឹតត្បិតរុស្ស៊ីដែលតាមយោបល់ក្រុងគៀវ គឺចេះតែបំពានលើ អនុសញ្ញាស្តីអំពីការរើសអើង ពូជសាសន៍។ ទោះយ៉ាងណាក្តី ក៏ក្រសួងការបរទេសរុស្ស៊ី បានសំដែងទៅហើយសេចក្តីត្រេកអរដោយ តុលាការអ.ស.ប. មិនបានរំលឹកឯណាពី“ការកាន់កាប់”ទឹកដីគ្រីមេ។
“ម៉ូស្គូចាត់ទុកជាសំខាន់ការដែលតុលាការអ.ស.ប. នៅក្រុងឡាអេពេលពិនិត្យមើលពាក្យបណ្តឹងរបស់ក្រុងគៀវមិនគាំទ្រឯណាដល់សេចក្តីថ្លែងការណ៍អះអាងបន្លឺឡើងដោយអ៊ុយក្រែនស្តី“អំពីការឈ្លានពាន”, ស្តី”អំពីការកាន់កាប់”ទៀបកោះគ្រីមេនិងឥតប៉ះពាល់ឡើយដល់លក្ខន្តិកៈទៀបកោះនេះ” -ការនេះមាននិយាយក្នុងបទអត្ថាធិប្បាយរបស់ដេប៉ារតឺម៉ង់ព័ត៌មាននិងឃោសនាការក្រសួងការបរទេសរុស្ស៊ីចេញថ្ងៃ១៩មេសាក្រោយពីឮសេចក្តីសម្រេចរបស់តុលាការនោះ។
គឺថ្ងៃនោះឯងដែលតុលាការអ.ស.ប. នៅក្រុងឡាអេបានប្រកាសសេចក្តីសម្រេចរបស់ខ្លួនទាំងប្រកែកមិនព្រមបំពេញតាមការចោទប្រកាន់ដែលចែងក្នុងពាក្យបណ្តឹងអ៊ុយក្រែនថារុស្ស៊ីរំលោភលើអនុសញ្ញាស្តីអំពីការប្រយុទ្ធទល់នឹងការផ្តល់ហិរញ្ញប្បទានដល់ពួកភេរវជន។
តាមមតិអាជ្ញាធរអ៊ុយក្រែន រុស្ស៊ីបំពានលើអនុសញ្ញានេះពីព្រោះចេះតែផ្តល់អាវុធនិងជំនួយផ្សេងទៀត ដល់ក្រុមប្រដាប់អាវុធខុសច្បាប់ដែលសកម្មនៅលើដែនដីអ៊ុយក្រែនជាពិសេសគឺដល់ពួកឧទ្ទាមផ្តាច់ ទឹកដីរុស្ស៊ីនិយនៅប៉ែកខាងកើតអ៊ុយក្រែន។
“ដោយមិនធ្វើការបោះឆ្នោតអ្វីណាក្នុងចំណោមចៅក្រម ១៥ រូបរបស់ខ្លួនដែលតំណាងឲ្យគ្រប់ទ្វីប ទាំងអស់នៃផែនដី តុលាការអន្តរជាតិរបស់អ.ស.ប. បានទទួលស្គាល់ថា ការទាមទាររបស់អ៊ុយក្រែន ចំពោះរុស្ស៊ីគឺគ្មានមូលដ្ឋានអ្វីជាសំអាងឡើយ ម៉្លោះហើយបានជាតុលាការគ្មានលេសអ្វីណានឹងចាត់វិធានការដាក់ទណ្ឌកម្មបណ្តោះអាសន្នប្រឆាំងរុស្ស៊ី “ -ក្រសួងការបរទេសរុស្ស៊ីកត់សម្គាល់។
ប៉ុន្តែព្រមជាមួយនេះ តុលាការអ.ស.ប. សុខចិត្តបំពេញខ្លះៗ តាមការទាមទាររបស់អ៊ុយក្រែនឲ្យចាត់ វិធានការរឹតត្បិតបណ្តោះអាសន្នទល់នឹងរុស្ស៊ីដ្បិតក្នុងពាក្យបណ្តឹងខ្លួន ក្រុងគៀវចោទរុស្ស៊ីថារំលោភលើអនុសញ្ញាស្តីអំពីការរើសអើងពូជសាសន៍។
ជាអាទិ៍ តុលាការតម្រូវឲ្យរុស្ស៊ី ធានាដល់សិទ្ធិសេរីភាពរបស់អ្នកស្រុកគ្រីមេ ដើម្បីទទួលចំណេះវិជ្ជាជាភាសាអ៊ុយក្រែន ព្រមទាំងធានាសិទ្ធិជនជាតិ Tatare មានដើមកំណើតនៅគ្រីមេ ឲ្យគេអាចតំណាងផលប្រយោជន៍របស់គេផ្ទាល់បែបយ៉ាងក្នុងក្របខ័ណ្ឌនៃ សភា Tatare ហៅថា Medjlis ដែលជាអង្គការហាមប្រាមដោយច្បាប់រុស្ស៊ី។
ទន្ទឹមនេះ តុលាការក៏យល់ថាគ្មានមូលដ្ឋានត្រឹមត្រូវជាសំអាងឡើយការចោទប្រកាន់មួយចំនួនពីខាងអ៊ុយក្រែនបែបយ៉ាងថារុស្ស៊ីប្រព្រឹត្តទង្វើបំបាត់ចោលតែម្តងជាតិពន្ធុខ្លះនៅគ្រីមេ ក្រោមមូលហេតុជាក់លាក់ , ប្រព្រឹត្តឃាតកម្មនិងចាប់ឃុំឃាំងរង្គាលអ្នកស្រុកគ្រីមេណាដែលមិនចង់ឲ្យទៀបកោះនេះ ភ្ជាប់ខ្លួនទៅនឹងសហព័ន្ធរុស្ស៊ី , តាមដានធ្វើទុកបុកម្នេញប្រព័ន្ធផ្សព្វផ្សាយនិងអង្គការសង្គមណានៅគ្រីមេ ដែលលំអៀងទៅខាងក្រុងគៀវ។
ជាការរំលឹក គឺកាលពីខែមករាឆ្នាំនេះ ដែលភាគីអ៊ុយក្រែន បានដាក់ពាក្យទៅតុលាការអន្តរជាតិរបស់អសប នៅក្រុងឡាអេប្តឹងទល់នឹងរុស្ស៊ី ដែលតាមយោបល់ក្រុងគៀវ គឺមិនគោរពតាមអនុសញ្ញាអន្តរជាតិស្តីអំពី ការប្រយុទ្ធទល់នឹងការផ្តល់ហិរញ្ញប្បទានដល់ ពួកភេរវជននិងអនុសញ្ញាអន្តរជាតិ ស្តីអំពីការកំទេចរាល់តែការរើសអើង គ្រប់សណ្ឋានទាំងអស់។ សេចក្តីនៃបណ្តឹងនោះលើកឡើងជាអាទិ៍ ៖
សហព័ន្ធរុស្ស៊ី បានបំពានលើច្បាប់អន្តរជាតិ បានប្រើសិទ្ធិមនុស្សទាំងរំលោភដោយផ្តល់ជំនួយដល់ក្រុមប្រដាប់អាវុធខុសច្បាប់នៅលើដែនដីអ៊ុយក្រែននិងនៅទៀបកោះគ្រីមេដែលកាន់កាប់ដោយម៉ូស្គូ។ អ៊ុយក្រែន ប៉ះទង្គិចនឹងសកម្មភាពបែបនេះពីខាងរុស្ស៊ីអស់៣ឆ្នាំហើយ។ ចំណែក រុស្ស៊ីតែងបានបដិសេធមិនទទួលស្គាល់សកម្មភាពខ្លួនបែបនេះម៉្លោះហើយបានជាអ៊ុយក្រែនដាក់ពាក្យប្តឹងទៅ តុលាការអន្តរជាតិរបស់អ.ស.ប.។
សម្រាប់ក្រុងគៀវ គ្មានអ្វីគួរឲ្យមន្ទិលឡើយតើតំបន់បះបោរខាងកើតអ៊ុយក្រែនបានអាវុធពីណាមក។ អ៊ុយក្រែនដែលក្នុងដំណើរប្រព្រឹត្តទៅនៃជម្លោះបាត់បង់ពលរដ្ឋខ្លួនអស់ ជាង ១០.០០០នាក់ទៅហើយសុំតុលាការអន្តរជាតិរបស់អសបឲ្យចាត់វិធានការបណ្តោះអាសន្នជាបន្ទាន់ដើម្បីកុំបណ្តោយឲ្យជម្លោះលង់កាន់តែជ្រៅទៅៗនិងកាន់តែរាលដាល។
លុះនៅខែមិនា ភាគីរុស្ស៊ី បានលាតត្រដាងគោលជំហរខ្លួននៅពីមុខតុលាការនោះ ទាំច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែនដែលថារុស្ស៊ីគាំទ្រស្អីណាដល់ភេរវនិយមនិងផ្តល់អាវុធស្អីណាដល់តំបន់ប៉ែកខាងកើតអ៊ុយក្រែន។ តាមម៉ូស្គូ ៖ប្រភពបឋមទី១ នៃអាវុធសម្រាប់ពួកយោធាតំបន់ខាងកើតនោះ គឺឃ្លាំងអាវុធដែលបន្សល់ទុកនៅអ៊ុយក្រែន ក្រោយពីសហភាពសូវៀតរលំទៅក្នុងឆ្នាំ១៩៩១ ហើយដែលមួយភាគធំរបស់វាគឺលាក់ទុកក្នុងអណ្តូងរ៉ែចាស់ៗនៃតំបន់ខាងកើតនោះម៉្លោះហើយបានជាវាធ្លាក់ទៅក្នុងដៃពួកឧទ្ទាមនៅទីនោះតែម្តង។ ប្រភពមួយទៀតគឺគេដណ្តើមបានពីកងទ័ពអ៊ុយក្រែនផ្ទាល់។
-មូលហេតុពិតនៃជម្លោះយោធានៅតំបន់ខាងកើតអ៊ុយក្រែន មិនមែនមកពីសកម្មភាពរុស្ស៊ីទេតែគឺមកពី “បដិវត្តន៍ព័ណ៌” ឫ រដ្ឋប្រហារ”នៅក្រុងគៀវឆ្នាំ ២០១៤។
-ពាក្យបណ្តឹងអ៊ុយក្រន តាំងគោលដៅបំភាន់ តុលាការអន្តរជាតិរបស់អសប ឲ្យយល់ខុស អំពីមូលហេតុពិតប្រាកដ។ មូលហេតុពិតប្រាកដគឺអ្នកស្រុកតំបន់ខាងកើតអ៊ុយក្រែន មិនព្រមស្ថិតនៅក្រោមការត្រួតត្រានៃពួកដែលបានប្លន់យកអំណាចនោះ។
ម៉ូស្គូសង្កត់ធ្ងន់ថា ៖ គ្មានស្ថាប័នរដ្ឋណាមួយឬអង្គការណាមួយ បកស្រាយស្ថានការណ៍នៅប៉ែកខាងកើតអ៊ុយក្រែនថាជាភេររវនិយមសោះឡើយ។ បែបដូច្នេះ ភេរវនិយមគ្រាន់តែជារបាំងសម្រាប់អាជ្ញាធរអ៊ុយក្រែនបង្ក្រាបរលកតវ៉ាស៊ីវិល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ