កោះCorse របស់បារាំង លើវិថីនៃការទាមទារស្វ័យភាព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤១
ក្នុងខណៈដែលតំបន់កាតាឡូញ៉ា របស់អេស្ប៉ាញ កំពុងប្រឈមនឹងវិបត្តិទាមទារផ្តាច់ទឹកដី ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន នៅប្រទេសបារាំង ចរន្តទាមទារស្វ័យភាពតំបន់ ក៏មានសន្ទុះឡើងខ្លាំងនៅតំបន់ Corse។ ក្រោយពីបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នៅក្នុងសម័យបោះឆ្នោតសភាតំបន់ កាលពីថ្ងៃអាទិត្យ គណបក្សជាតិនិយមករ្ស មានទឹកមាត់កាន់តែប្រៃ និងចង់ដាក់សម្ពាធលើក្រុងប៉ារីស បន្ថែមដើម្បីទាមទារស្វ័យភាពបន្ថែមទៀត។ តើកោះករ្សបារាំងមានលក្ខន្តិកៈយ៉ាងណា ? និងចង់បានស្វ័យភាពយ៉ាងណា?
ទោះបីជាបរិបទពិភពលោកកំពុងរងព្យុះជាតិនិយមខ្លាំងយ៉ាងណាក៏ដោយ ក៏គ្មានទេ ឬមិនទាន់មានទេពាក្យថា ទាមទារឯករាជ្យសម្រាប់តំបន់ករ្សរបស់បារាំង ប៉ុន្តែចរន្តជាតិនិយមក្នុងតំបន់មានសន្ទុះកាន់តែខ្លាំង។ នៅក្នុងការបោះឆ្នោតសភាតំបន់Corse កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗ គណបក្សជាតិនិយមករ្ស បានទទួលជោគជ័យ ខ្លាំងជាប្រវត្តិសាស្ត្រ មានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា ដោយបានទទួលសំឡេងគាំទ្រដល់៥៦% ត្រូវជា៦៣អាសនៈនៅក្នុងសភាករ្ស។
ជោគជ័យនេះ បានរុញច្រានអ្នកជាតិនិយមករ្សឱ្យកាន់តែមានប្រៀប លើអំណាចកណ្តាលក្រុងប៉ារីស។ នាយករដ្ឋមន្ត្រីបារាំង លោក អេដ័រហ្វីលីព បានទូរស័ព្ទទៅអបអរសរសើរប្រធានគណបក្ស ក្នុងនាមសាធារណរដ្ឋនិងត្រៀមទទួលជួបប្រធានសភាករ្សថ្មីទៀត ក្នុងពេលឆាប់ៗនៅទីក្រុងប៉ារីស។ អ្នកឯករាជ្យនិយម ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមអ្នកជាតិនិយមករ្ស បានប្រកាសចំៗថាដល់ពេលករ្សត្រូវសុំបើកការចរចាជាមួយរដ្ឋាភិបាលក្រុងប៉ារីសហើយ។ តើពាក្យនេះមានន័យយ៉ាងដូចម្តេច ? គឺចរចាសុំស្វ័យភាព។
មានប្រជាពលរដ្ឋរស់នៅជាង៣៣ម៉ឺននាក់ Corse ជាទឹកដីដែនកោះរបស់បារាំង ដែលស្ថិតនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ។ ជាកោះធំទីបួនរបស់សមុទ្ទមេឌីទែរ៉ាណេ បើគិតពីផ្ទៃក្រលា នៅជិតអ៊ីតាលីជាងបារាំង និងធ្លាប់នៅ ក្រោមការគ្រប់គ្រងរបស់អ៊ីតាលី (សាធារណរដ្ឋGêne) រយៈពេល៤សតវត្សរ៍ ទម្រាំបានប្រកាសឯករាជ្យ នៅឆ្នាំ១៧៣៥ តែត្រូវបានអ៊ីតាលីផ្ទេរមកឱ្យបារាំង ទាំងពលរដ្ឋមិនពេញចិត្ត នៅឆ្នាំ១៧៦៨ រហូតមកទល់សព្វថ្ងៃ។
តាំងពីពេលនោះមក កោះករ្ស ជាដែនដីខេត្តរបស់បារាំង ប៉ុន្តែគេត្រូវរង់ចាំដល់ឆ្នាំ១៩៨២ ទើបករ្សមានអំណាចរដ្ឋបាល និងកា្លយជាតំបន់ដំបូងគេបង្អស់មួយរបស់ប្រទេសបារាំង ដែលមានលក្ខន្តិកៈពិសេស កំណត់ដោយច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ៧២ ដោយយោលទៅលើ ប្រវត្តិ និងទីតាំងភូមិសាស្ត្ររបស់កោះ។ ដើម្បីពន្លត់ចំហួល និងលួងចិត្តប្រជាពលរដ្ឋករ្សកុំឱ្យលង់ខ្លួនចង់ទាមទារស្វ័យភាព ឬនឹកឃើញចង់បានឯករាជ្យ នៅឆ្នាំ១៩៨២ដដែល ប៉ារីសបានបន្ថែមសមត្ថកិច្ច ឱ្យតំបន់ពិសេសនេះទៀត។ ករ្សមានលក្ខន្តិកៈពិសេស គ្មានតំបន់ណាផ្សេងនៃប្រទេសប្រៀបដូចបានទេ (លើកលែងតែលីយ៉ុង ដែលទើបទទួលបានលក្ខន្តិកៈពិសេសនេះដែរនៅឆ្នាំ២០១៤)។
ករ្សមានសភាជារបស់ខ្លួន និងមានសមត្ថកិច្ចទូលំទូលាយគួរសម។ ប៉ុន្តែទោះបីមានលក្ខន្តិកៈពិសេសក៏ដោយ ក៏តំបន់ករ្សត្រូវគោរពតាមវិធានកំណត់ឡើងដោយអំណាចកណ្តាលលើតំបន់ផ្សេងៗទៀតដែរ។ ហេតុដូច្នេះហើយទើបមានការតវ៉ា និងទាមទារឥតដាច់។
នៅទីបំផុត ករ្សបានទទួលសមត្ថកិច្ចថ្មី ប៉ុន្តែមិនបានប្តូរលក្ខន្តិកៈចាស់របស់ខ្លួនទេ។ ពោលគឺចាប់ពីថ្ងៃទី ១ មករា២០១៨ ទៅ ករ្សនឹងក្លាយទៅតំបន់មួយយ៉ាងពេញលេញ មានឈ្មោះថាតំបន់ករ្ស ដែលមានចំណុះខេត្តពីរ ករ្សខាងត្បូង និងករ្សលើ។
ប៉ុន្តែស្វ័យភាពប៉ុណ្ណេះ នៅមានកំរិតណាស់សម្រាប់អ្នកជាតិនិយមករ្ស។ ហេតុដូច្នេះហើយបានជានៅពេលគ្រាន់តែបានទទួលជោគជ័យខ្លាំងក្នុងសម័យបោះឆ្នោតសភាតំបន់ករ្សរួចភ្លាម គ្រប់គ្នាសំឡឹងឃើញឱកាស ទាមទារស្វ័យភាពបន្ថែមទៀត លើបីចំណុច៖ ការលើកលែងទោសដល់អ្នកទោសនយោបាយ បញ្ចូលភាសាករ្សជាភាសាផ្លូវការដែរ និងលក្ខន្តិកៈស្នាក់នៅសម្រាប់ប្រយុទ្ធប្រឆាំងនឹងការបំប៉ោងទីផ្សារអចលនទ្រព្យ។ ករ្សចង់ឱ្យអំណាចនីតិប្រិតបត្តិនិងពន្ធដារករ្សទទួលស្គាល់ដោយរដ្ឋនិងដោយសហភាពអឺរ៉ុប។
បញ្ហាអ្នកទោសនយោបាយជាចំណុចដ៏រសើបបំផុតនៅករ្ស ព្រោះកោះនេះធ្លាប់ឆ្លងកាត់អំពើហិង្សារាប់ទសវត្សរ៍ ដោយបានរងភេរវកម្មជាង៤៥០០លើក ដែលបង្កឡើងោយសកម្មជនរណសិរ្សរំដោះជាតិករ្ស។ ពួកគេបានសម្រេចទម្លាក់អាវុធនៅឆ្នាំ២០១៥ ដើម្បីផ្តល់ភាពស្ងប់ស្ងាត់និងសន្តិភាពកោះ។
ករ្សរំពឹងខ្លាំងតែលើវិស័យទេសចរណ៍និងជំនួយឧបត្ថម្ភពីរដ្ឋ ហើយមិនត្រូវការឯករាជ្យទេ ! សូម្បីតែពួកអ្នកឯករាជ្យនិយមក៏មិនចង់ដែរ ក្នុងពេលអនាគតដ៏ខ្លីនេះ។ ប៉ុន្តែត្រូវការចង់បានខ្លាំងត្រឹមលក្ខន្តិកៈស្វ័យភាពប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានអ្នកឯកទេសក័រ្យយល់ថា រដ្ឋបារាំងអាចបំពេញចិត្តពលរដ្ឋកោះ ដោយព្រមផ្តល់អ្វីមួយក្នុងចំណោមសំណើទាំងបីជាការស្រេច។ ប៉ុន្តែបើគ្មាន នោះពួកគេនឹងចុះថ្នល់ធ្វើបាតុកម្មបាន ដោយមិនបាច់មានអ្នកនយោបាយណាហៅទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ