ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

ប្រឈម​នឹងការរិះគន់ លោកម៉ាក្រុង​នៅតែបន្ត​ចាត់ទុក​ អូតង់ជាស្ថាប័ន​ដូច​ស្លាប់

media ប្រធានាធិបតីបារាំង និង​ប្រធានាធិបតី​អាមេរិក នៅក្នុងសន្និសីទ​កាសែត​រួមគ្នា នៅថ្ងៃទី ៣ធ្នូ ២០១៩ នៅមុនជំនួបកំពូល​អូតង់នៅទីក្រុង​ឡុងដ៍ Ludovic Marin/Pool via REUTERS

រងការរិះគន់ជុំទិស ជាពិសេស​ពី​ប្រធានាធិបតី​អាមេរិក ដែល​បាន​ចោទប្រកាន់​លោកថា កំពុង​ជេរប្រមាថ​ អង្គការ អូតង់ ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង នៅក្នុង​ជំនួប​ទ្វេភាគី ជាមួយ​លោកដូណាល់ ត្រាំ នៅមុន​​ជំនួបកំពូល​អូតង់ នៅថ្ងៃ​ពុធនេះ បានអះអាងថា លោក​តែប្រកាន់​​សំដីដើម​​របស់លោកដដែល។ នៅ​ចំពោះលោកដូណាល់ ត្រាំ ប្រធានាធិបតី​បារាំង បានចោទសួរ​ផងដែរ ពី​សមាជិកភាព​របស់​​តួកគី ដែល​បានគំរាម​បិទខ្ទប់​យុទ្ធសាស្រ្ត​យោធា​របស់អូតង់ ដើម្បី​ជួយប្រទេស​អឺរ៉ុប​ខាងកើត ពីការគំរាមកំហែង​របស់​​រុស្ស៊ី បើសិន​អូតង់​មិន​ព្រម​ចាត់ទុក​ក្រុមគួដឌីស្ថានស៊ីរី ថា ជា​ក្រុមភេរវនិយម​ដូចតាមការទាមទារ​របស់​តួកគី។

 

ជំនួបកំពូល​របស់មេដឹកនាំ​ក្រុមសម្ព័ន្ធមិត្ត​អូតង់​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ដ៏តានតឹង​បំផុត ព្រោះថា ​ប្រទេស​សមាជិក​សម្ព័ន្ធអាត្លង់ទិក អូតង់កំពុង​បែកបាក់​គ្នា​ខ្លាំងជាងពេលណាៗ​ទាំងអស់។​ បារាំង និង​តួកគី ដែលសុទ្ធ​តែ​ជាសមាជិក​របស់​អូតង់ បាន​ដំឡើង​សំឡេង​ដាក់គ្នា នៅ​ប៉ុន្មាន​ថ្ងៃ​មុន បើកជំនួបកំពូល អូតង់ នៅបន្ទាប់ពី ប្រធានាធិបតីបារាំងនិយាយ​ចាត់ទុកអូតង់ ជា​ស្ថាប័នដូចស្លាប់។ នៅថ្ងៃ​អង្គារ​ម្សិលមិញ នៅក្នុង​សន្និសីទ​កាសែត​ទ្វេភាគី​ជាមួយ អគ្គលេខាធិការ​អង្គការ​អូតង់ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បន្ថែម​សំឡេង រិះគន់​ប្រធានាធិបតី បារាំង ​ម្នាក់ទៀត ដោយ​ថា សំដី​របស់​ប្រធានាធិបតីបារាំង គឺជា​ការជេរប្រមាថ ដល់​ស្ថាប័ន​អូតង់។

សម្រាប់លោកដូណាល់ ​ត្រាំ សំដី​ចោទប្រកាន់​របស់លោកអេម៉ានុយអែល ម៉ាក្រុង គឺ​ជារឿង​ភ្ញាក់ផ្អើលមួយ​សម្រាប់លោក ព្រោះថា បារាំង​ជាប្រទេស​ដែលត្រូវការជំនួយ​ពីអូតង់​ច្រើនជាង​ប្រទេស​ណាៗ​ទាំងអស់។

លោកដូណាល់ ត្រាំ ​រិះគន់យ៉ាងដូច្នេះ ​នៅតែ​ប៉ុន្មានម៉ោង​មុន ​លោកជួបអេម៉ានុយអែល ​ម៉ាក្រុង នៅក្រៅក្របខ័ណ្ឌ​ជំនួបកំពូល​អូតង់ នៅទីក្រុង​ឡុងដ៍។ នៅក្នុង​ជំនួបទល់​មុខ ​ជាមួយ ប្រធានាធិបតី​អាមេរិក លោកអេម៉ានុយអែល ដែល​ទើប​រង​ការ​រិះគន់ខ្លាំងៗ​ពី​​​លោកដូណាល់ ត្រាំ បាននិយាយ​ថា លោកនៅតែ​ប្រកាន់​សំដី​ដើម​របស់​លោកដដែល។

លើសពីនោះ លោកម៉ាក្រុង នៅ​បាន​ទាញ​ចំណាប់អារម្មណ៍​របស់​ប្រធានាធិបតី អាមេរិក និង​អង្គការ​​​អូតង់ឲ្យ​​ត្រូវ​ពិនិត្យ​សើរើ​ឡើងវិញ ពី​សមាជិកភាព​របស់​តួកគី និង​យុទ្ធសាស្រ្ត​យោធា​របស់​អូតង់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។

តាម​ប្រធានាធិបតីបារាំង សមាជិក​របស់​អូតង់ទាំង២៨ មិនបាន​ឲ្យ​និយមន័យដូចគ្នាទេ ពីពាក្យ​ ក្រុមភេរវនិយមនោះទេ។ ប្រមុខរដ្ឋបារាំង ទាមទារ​ចង់បាន​ជាពិសេស​ ​ការបញ្ជាក់​របស់​ប្រទេស​តួកគី ដែល​ជា​សមាជិក​របស់អូតង់ ប៉ុន្តែ​ដែល​បាន​បើកប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ក្រុមគួដឌីស្ថានស៊ីរី ដែល​កំពុង​សហការជាមួយ​សម្ព័ន្ធអន្តរជាតិ​ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្កការ​ដ្ឋអ៊ីស្លាម។ នៅមុខ​លោកដូណាល់ ត្រាំ ប្រធានាធិបតី​បារាំង បាន​និយាយ​ចោទប្រកាន់​ផងដែរ រដ្ឋាភិបាល​តួកគី ថា ពេលខ្លះ បានធ្វើការ​ជាមួយ ក្រុមប្រដាប់អាវុធ ដែល​ប្រយុទ្ធ​ដើម្បី​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម​នៅស៊ីរី។

សម្រាប់ ប្រធានាធិបតី បារាំង ជំនួបកំពូល​អូតង់ ត្រូវ​​លើកពិភាក្សា​ពីចំណុច​សំខាន់​ពីរ​ទាក់ទង​នឹង​សមាជិកភាព​របស់តួកគី ព្រោះថា តួកគី​កំពុង​ទិញ​ប្រព័ន្ធ​ខែលមីស៊ីល​ពីរុស្ស៊ី ហើយ​ម្យ៉ាងទៀត តួកគី​ក៏បាន​គំរាមដែរ ថា នឹងអាច​​វេតូ​ មិន​បោះឆ្នោត​គាំទ្រ ផែនការ​កងទ័ពរបស់​អូតង់ ​ដើម្បី ការពារ​ប្រទេស​អឺរ៉ុប​ខាងកើត ពីការវាយប្រហារ​ណាមួយ​របស់​រុស្ស៊ី។ នៅ​ព្រឹកថ្ងៃអង្គារ​ប្រធានាធិបតី​តួកគី បាន​គំរាមថា នឹង​មិនបោះឆ្នោត​គំាំទ្រ ផែនការ​របស់​អូតង់ ដើម្បី ការពារ​ក្រុមប្រទេស​បាល់ទិក បើសិន អូតង់​មិន​ព្រម​ចាត់បញ្ចូល​ក្រុមគួដឌីស្ថាន​ស៊ីរី ទៅក្នុង​បញ្ជីក្រុមភេរវនិយមនិយមទេនោះ៕​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ