Rio 2016៖ សុបិនអូឡាំពិកក្លាយជាការពិត ថ្វីបើឆ្លងកាត់ដោយវិបត្តិ និងឧបសគ្គ
ទីក្រុងរីយ៉ូដឹចាណេរ៉ូ លើឆ្នេរខ្សាច់កូប៉ាកាបាណា មនុស្សម្នាស្រែកហ៊ោកញ្ចៀវសប្បាយអឺងកង អបអរការប្រកាសដំណឹង ថាទីក្រុងនេះ ត្រូវបានគេជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៦។ ជាលើកទី១ក្នុងប្រវត្តិសាស្ត្រ ដែលទីក្រុងនៅតំបន់អាមេរិកខាងត្បូង ត្រូវបានជ្រើសឲ្យរៀបចំការប្រកួតកីឡាដ៏ធំបំផុតនៃពិភពលោក។ « Cidade Maravilhosa » នៅចន្លោះព្រៃភ្នំនិងសមុទ្រធំល្វឹងល្វើយ មានពេល៧ឆ្នាំ ដើម្បីរៀបចំខ្លួនឲ្យក្លាយជាមហាទីក្រុងអូឡាំពិក។
ចុះផ្សាយនៅថ្ងៃ៖
អត្ថបទដើម ដោយ Maria Paula Cavalho វិទ្យុបារាំងអន្តរជាតិRFI ភាសាព័រទុយហ្កាល់
« ការរៀបចំការប្រកួតកីឡាអូឡាំពិក គឺមិនខុសពីប្រតិបត្តិការកងទ័ពទេ » ។ នេះគឺជាសម្តីសង្ខេបរបស់លោក Leonardo Espindola រដ្ឋអាជ្ញាប្រចាំរដ្ឋ រីយ៉ូដឹចាណេរ៉ូ។ គឺលោកម្នាក់នេះហើយ នៅឆ្នាំ២០១៦ ដែលជាអ្នកតំណាងរដ្ឋនេះនៅក្នុងគណៈកម្មាធិការរៀបចំកីឡាអូឡាំពិក។ គណៈកម្មាធិការនេះ គឺជាអង្គភាពឯកជន រួមផ្សំដោយ៣ភាគី ៖ សាលាក្រុង រដ្ឋរីយ៉ូដឹចាណេរ៉ូ និងសហព័ន្ធកីឡា។ “រៀបចំការប្រកួតដល់ទៅជាង៥០ប្រកួត ក្នុងទីក្រុងតែមួយ ទទួលឲ្យស្នាក់នៅ ចរាចរណ៍ដឹកជញ្ជូន និងការផ្គត់ផ្គង់ម្ហូបចំណីដល់កីឡាករ ព្រមទាំងក្រុមការងារទាំងអស់ក្នុងពេលតែមួយ វាគឺជាប្រតិបត្តិការដ៏ស្មុគស្មាញមិនធ្លាប់មានទេពីមុនមកសម្រាប់ប្រេស៊ីល”។
ប្រជែងនឹងបេក្ខភាពធំៗ ដូចជាទីក្រុងឈីកាហ្គោ ទីក្រុងម៉ាឌ្រីដ និងទីក្រុងតូក្យូ ដែលមានមធ្យោបាយរចនាសម្ព័ន្ធ និងថវិកាដ៏ច្រើនសន្ធឹក ទីក្រុងរីយ៉ូបានផ្ញើក្តីសង្ឃឹមទាំងស្រុងរបស់ខ្លួន ទៅលើផលវិបាកវិជ្ជមានដែលបានមកពីការរៀបចំកីឡាអូឡាំពិក។ គឺផលវិជ្ជមានដែលនឹងជះមកលើការអភិវឌ្ឍន៍របស់ប្រេស៊ីល ដែលបានទាក់ចិត្តធ្វើឲ្យ CIO សម្រេចចិត្តជ្រើសយករីយ៉ូ។ លោក Leonardo Espindola បានរំលឹកថា “បើប្រៀបធៀបទៅទីក្រុង នៅតាមប្រទេសធំៗផ្សេងទៀត វាជាការពិតណាស់ ដែលទីក្រុងរីយ៉ូ ដឹចាណេរ៉ូ ជាទីក្រុងដែលមានធនធាននិងហេដ្ឋារចនាសម្ព័ន្ធតិចជាងគេ។ ប៉ុន្តែសម្រាប់រីយ៉ូ ការប្រកួតកីឡាអូឡាំពិក គឺជាឱកាសក្នុងការធ្វើឲ្យប្លែកខុសពីមុន។ កីឡានេះអាចនឹងជួយដល់ទីក្រុង។ គឺនេះហើយ ដែលជាអំណះអំណាងដ៏ខ្លាំងបំផុត ដែលអាចនាំយកកីឡានេះមកកាន់រីយ៉ូបាន”។
ជិតដល់ថ្ងៃចាប់ផ្តើមកីឡាអូឡាំពិក ផ្ទុះវិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ច និងសុខាភិបាល
ក្នុងពេលដែល រីយ៉ូ ដឹចាណេរ៉ូ កំពុងត្រៀមខ្លួនទទួលអត្តពលិក មកពីគ្រប់ទ្វីបទាំងអស់ ប្រទេសប្រេស៊ីលបានឈានជើងចូលក្នុងភាពចលាចលនយោបាយ។ វិបត្តិបានផ្ទុះឡើង ជាមួយនឹងមហាបាតុកម្មប្រឆាំងរដ្ឋាភិបាល ព្រមទាំងមាននីតិវិធីដើម្បីទំលាក់លោកស្រី Dilma Rousseff ចេញពីកៅអីប្រធានាធិបតី។ ស្របពេលជាមួយគ្នានេះ រដ្ឋរីយ៉ូ បានពើបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ ហើយលោកអភិបាលរដ្ឋ Luiz Fernando Pezão ត្រូវអវត្តមាន ដោយសារតែត្រូវទទួលការព្យាបាលជំងឺមហារីក។ វិបត្តិប៉ុណ្ណេះមិនទាន់គ្រប់ទេ មេរោគហ្ស៊ីកា បានវាយសង្រ្គុបឆ្លងរាលដាលពេញប្រទេស បង្កឲ្យមានការភ័យជ្រួលច្របល់ជាខ្លាំង។
លោក Ronaldo Helal សង្គមវិទូនៅសកលវិទ្យាល័យរដ្ឋរីយ៉ូដឹចាណេរ៉ូ (UERJ) បានលើកឡើងថា “នៅពេលប្រេស៊ីលត្រូវបានគេជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត យើងកំពុងស្ថិតនៅក្នុងស្ថានការណ៍នយោបាយល្អប្រសើរ។ តែនៅពេលដល់ពេលត្រូវទទួលកីឡាករ ស្រាប់តែប្រេស៊ីលបានធ្លាក់ចូលកំឡុងពេលច្របូកច្របល់”។
ជាករណីមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិក ប្រេស៊ីលមានប្រមុខរដ្ឋដ៏ទៅ២នាក់។ ប្រធានាធិបតីកាន់អំណាច គឺលោក Michel Temer និងលោកស្រីប្រធានាធិបតី Dilma Rousseff ដែលត្រូវគេព្យួរពីមុខងារ រហូតដល់ចប់នីតិវិធីទំលាក់ពីអំណាច។ “ជាការពិតណាស់ បញ្ហានេះបានជះឥទ្ធិពលអាក្រក់ណាស់ ទៅលើការរៀបចំការប្រកួត ជាក់ស្តែងទាក់ទិននឹងការទំនាក់ទំនងឆ្លងឆ្លើយការងារ រវាងដៃគូរពាក់ព័ន្ធ។ ជារឿងមួយគួរឲ្យបារម្ភណាស់ កាលនោះ”។ នេះបើតាមការលើកឡើង របស់លោក Leonardo Espindola។
យោងតាមលោក Mario Andrada នាយកផ្នែកទំនាក់ទំនងនៃការរៀបចំកីឡាអូឡាំពិក រីយ៉ូ២០១៦ ការផ្ទេរអំណាចរដ្ឋាភិបាល បន្ទាប់ពីលោកស្រី Dilma Rousseff ត្រូវបានគេទំលាក់ចេញពីតំណែង គឺបានប្រព្រឹត្តិធ្វើទៅតាមសម្រួល មិនមានបញ្ហាចោទដូចគេធ្លាប់បានបារម្ភឡើយ។ រដ្ឋាភិបាលថ្មីដឹកនាំដោយលោក Michel Temer បានចាប់ផ្តើមប្រតិបត្តិការការងារ ដោយសន្សឹមៗបំផុត។ តែអ្វីដែលបានបង្កការលំបាក ដល់ការរៀបចំការប្រកួតកីឡាអូឡាំពិក គឺបញ្ហាហិរញ្ញវត្ថុ ដោយសារតែមានមានការយឺតយ៉ាវខ្លាំង នៅក្នុងការផ្ទេរថវិការដ្ឋ។ “យើងបានទទួលនូវសំពាធជាច្រើន នៅក្នុងការរៀបចំកីឡាប៉ារ៉ាឡាំពិក។ កញ្ចប់ថវិកាត្រូវបានគេច្រានបដិសេធចោល តែរដ្ឋាភិបាលបានប្រតិកម្ម រកដំណោះស្រាយភ្លាមៗ។ តាមរយៈមូលនិធិនៅក្នុងធនាគារសាធារណៈ យើងបានរៀបចំការប្រកួតកីឡាប៉ារ៉ាឡាំពិកបានយ៉ាងជោគជ័យ”។
ជាមួយនឹងកញ្ចប់ថវិកាចំណាយ ចំនួន៤០ពាន់លានរ៉េអាល់ ព្រមជាមួយបរិបទនយោបាយនិងសេដ្ឋកិច្ចដែលគ្មានស្ថិរភាពទៀតនោះ ការគុណគូរផ្នែកហិរញ្ញវត្ថុ គឺជាឧបសគ្គមួយដ៏ធំដែលត្រូវតែផ្លោះឲ្យបាន។ “តើប្រាក់ដែលបានសន្យា នឹងត្រូវបានទទួលទាំងអស់ឬទេ? ទេ! ពេលវេលាខើចណាស់ទៅហើយ ហើយនៅទីបំផុតទៅ ការរៀបចំការប្រកួតកីឡានេះ បានបណ្តាលឲ្យកើតជាបំណុល។ បំណុលខ្លះ នៅជាប់ដោះមិនទាន់រួច ហើយចរចាមិនទាន់ស្រេចបាច់ផងទេ។ នេះបើតាមការលើកឡើង របស់លោក Mario Andrada។
ទន្ទឹមពេលដែល បញ្ហាស្មុគស្មាញជាច្រើនមាននៅក្នុងថ្នាក់ជាតិ រដ្ឋរីយ៉ូដឹចាណេរ៉ូឯនោះ ក៏ជួបបញ្ហាលំបាកធ្ងន់ធ្ងរដែរ នៅផ្ទៃក្នុង។ លោក Espìndola នៅចាំបានថា « រីយ៉ូដឹចាណេរ៉ូ បានពើបប្រទះនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរណាស់។ នគរបាល និងកងកម្លាំងពន្លត់អគ្គីភ័យ បានគំរាមធ្វើកូដកម្ម។ ប្រការនេះ គឺជាហានិភ័យធំណាស់ ដល់សន្តិសុខនៃការប្រកួតអូឡាំពិក ដែលមានភ្ញៀវអន្តរជាតិមកចូលរួមច្រើនកុះករ។ »
ស្ថិតក្នុងបរិបទវិបត្តិនយោបាយ និងសេដ្ឋកិច្ចដ៏លំបាកនេះ គឺមានបូកបន្ថែមជាមួយ វិបត្តិសុខភាពសាធារណៈមួយទៀត នោះគឺមេរោគហ្ស៊ីកា ដែលឆ្លងតាមរយៈសត្វមូស ហើយដែលអាចបង្កឲ្យមានបញ្ហាសុខភាព ខូចប្រព័ន្ធប្រសាទ ជាពិសេសសម្រាប់ទារកតូចៗ។ ស្ថានភាពកាលនោះ គួរឲ្យបារម្ភខ្លាំងណាស់ រហូតដល់ថ្នាក់អ្នកជំនាញវិទ្យាសាស្ត្រមួយក្រុម មានគ្នា១៥២នាក់ បានផ្ញើលិខិតចំហមួយ ទៅកាន់អង្គការសុខភាពពិភពលោក ដើម្បីសុំឲ្យលើកពេលប្រកួត។
លោក Thierry Terret ប្រវត្តិវិទូទំនាញកីឡាបានលើកឡើងថា បញ្ហាផ្ទួនៗគ្នានេះបានធ្វើឲ្យប៉ះទង្គិចយ៉ាងខ្លាំង ទៅើលើគណៈកម្មាធិការអន្តរជាតិអូឡាំពិក។ « ការប្រកួត ដែលត្រូវប្រព្រឹត្តិធ្វើទៅក្នុងបរិបទវិបត្តិសេដ្ឋកិច្ច អមដោយអស្ថិរភាពនយោបាយរួចទៅហើយនោះ ត្រូវពើបប្រទះនឹងវិបត្តិសុខភាពថែមមួយទៀត។ គឺវិបត្តិមេរោគឆ្លងហ្ស៊ីកា ដែលបានផ្ទុះឡើងកាលពីប៉ុន្មានខែមុន ដោយមានមនុស្សឆ្លងដល់ទៅ១លាន៥សែននាក់នៅប្រេស៊ីល។ វិបត្តិនេះ ត្រូវបានគេផ្សព្វផ្សាយព្រោងព្រាតជាប្រចាំតាមបណ្តាញផ្សព្វផ្សាយ ទូទាំងពិភពលោក ហើយដែលបានបំភ័យទស្សនិកជន ក៏ដូចជាកីឡាករ។ យ៉ាងណាមិញ មានមនុស្សច្រើនសិបនាក់ណាស់ ដែលបានសម្រេចចិត្ត មិនធ្វើដំណើរមកកាន់ទីក្រុងរីយ៉ូទេ ដោយសារតែខ្លាចឆ្លងមេរោគ ឬនាំមេរោគនេះទៅចម្លងក្រុមគ្រួសារ។ គ្រុនក្តៅហ្ស៊ីកា គឺគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសទៅលើស្ត្រីមានផ្ទះពោះ។ »
លោក Thierry Terret បានរំលឹកថា បរិបទដ៏លំបាកនេះ បានជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ ទៅលើគំនិតថ្មីដែលCIO បានលើកមកបង្ហាញ។ « ដោយសារតែភាពច្របូកច្របល់នយោបាយ សេដ្ឋកិច្ច និងវិបត្តិសុខភាពទៀត គំនិតថ្មីៗស្តីពីភូមិសាស្ត្រនយោបាយ របស់CIO ត្រូវបានគេមិនចាប់អារម្មណ៍ឡើយ នៅក្នុងឱកាសនៃការប្រកួតនៅរីយ៉ូ។ វាជារឿងមួយគួរឲ្យសោកស្តាយដែរ ព្រោះថាគំនិតទាំងនោះ មានលក្ខណៈល្អៗគួរឲ្យសរសើរណាស់។ ឧទាហរណ៍ CIO បានមានគំនិតបង្កើត ក្រុមអត្តពលិកអូឡាំពិកជាជនភៀសខ្លួនមួយក្រុម ដែលនេះគឺជាលើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រ។ ក្រុមអត្តពលិកនេះ គឺប្រមូលផ្តុំទៅដោយជនភៀសខ្លួនស៊ូដង់ ស៊ីរី អេត្យូពី និងកុងហ្គោ។ គំនិតដ៏ល្អនេះ គឺវាបានស្តែងឲ្យឃើញអំពីការយកចិត្តទុកដាក់ របស់អាជ្ញាធរអូឡាំពិក ទៅលើស្ថានការណ៍នយោបាយនិងមនុស្សធម៌។
៧ឆ្នាំក្រោយមក កីឡាអូឡាំពិករីយ៉ូ-២០១៦ បន្សល់ទុកនូវកេរមរតកតែបន្តិចបន្តួច
ប្រជាជន Carioca (អ្នកក្រុងរីយ៉ូដឹចាណេរ៉ូ) មានសេចក្តីសោមនស្សរីករាយជាពន់ពេកណាស់ ជាមួយនឹងពាក្យសន្យាថា ការប្រកួតកីឡាអូឡាំពិករីយ៉ូ-២០១៦ នឹងហុចផលវិជ្ជមាននានា មកលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិស្ថាន សន្តិសុខ ការរៀបចំទីលានសាធារណៈនៃទីក្រុងដើម្បីបម្រើដល់វិស័យកីឡា និងការកម្សាន្តសប្បាយផ្សេងៗ។ តែផ្ទុយទៅវិញ ៧ឆ្នាំក្រោយមក គម្រោងខ្លះដែលជាកេរមរតកនៃកីឡាអូឡាំពិក នៅតែមិនទាន់បានសម្រេច។ ជាការពិតមែន ទីតាំង Areno do Futuro ត្រូវបានប្រែក្លាយទៅជាសាលារៀនចំនួន៤ ស្ថិតនៅខាងលិចក្រុង ដែលជាតំបន់ក្រីក្រជាងគេ។ ចំណែកសម្ភារៈសំណង់ទីតាំងកីឡាទឹក ត្រូវបានយកទៅប្រើសម្រាប់បង្កើតក្លឹបបាល់ទាត់។
« យើងបានសម្រេចនូវ គម្រោងការងារសាងសង់ ដែលមានចំណាស់តាំងតែពី៣០ឆ្នាំ។ ការកែលំអបណ្តាញផ្លូវដែក បណ្តាញខ្សែរថយន្តក្រុងនិងខ្សែម៉េត្រូ បណ្តាញផ្លូវថ្នល់ និងព្រលានយន្តហោះ។ សំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានកែលំអយ៉ាងច្រើន។ » នេះបើតាមការអះអាង របស់លោក José Cândido Muricy លេខារងនៃរដ្ឋរីយ៉ូ ក្នុងអំឡុងពេលប្រកួតអូឡាំពិក។ « ខ្ញុំជឿថា យើងគួរណាតែអាចទទួលបានកេរមរតកកីឡា បានច្រើនជាងនេះ។ យើងនៅតែមានការលំបាកខ្លះ នៅក្នុងការប្រើប្រាស់សម្ភាៈបរិក្ខាមួយចំនួន។ ថ្នាក់ដឹកនាំ គួរណាតែពិចារណាឲ្យបានច្រើនជាងនេះ ទាក់ទិននឹងកេរមរតកទាំងនេះ ហើយបន្តធ្វើការរួមគ្នា។ វាគឺជាការសន្យាក្នុងរយៈពេលវែង ដើម្បីឲ្យសម្ភារៈ គ្រឿងបរិក្ខាទាំងបំបាលម៉ាន ត្រូវបានយកទៅប្រើបន្ត ហើយក្លាយជាទ្រព្យសម្បត្តិយូរអង្វែង សម្រាប់សង្គមជាតិទាំងមូល »។
នៅក្រោយការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ពហុកីឡដា្ឋានជាច្រើននៅប្រេស៊ីល ប្រើការលែងកើត។ បញ្ហានេះ បានធ្វើឲ្យប្រជាជនប្រេស៊ីលចោទជាសំណួរ ថាតើនៅក្រោយការប្រកួតអូឡាំពិក២០១៦ លទ្ធផលនឹងទៅជាយ៉ាងណា?
នៅក្នុងបញ្ជីនៃអត្ថប្រយោជន៍បានមកពីការរៀបចំកីឡាអូឡាំពិកនៅរីយ៉ូ គឺមានខ្សែរថភ្លើងម៉េត្រូថ្មីមួយខ្សែ និងការរៀបចំឡើងវិញ នៅតំបន់កំពង់ផែ។ គម្រោងទាំងអស់នេះ គឺជាផែនការនៃការអភិវឌ្ឍន៍ទីក្រុងរីយ៉ូ ដែលគេទន្ទឹងរងចាំជាច្រើនទសវត្សមកហើយ។
« បើនិយាយពីមរតកបន្សល់ទុកដោយកីឡាអូឡាំពិក គឺយើងបានសម្រេចបាននូវគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដ៏ធំជាងគេបង្អស់ក្នុងតំបន់អាមេរិកឡាទីន កាលជំនាន់នោះ ៖ មេត្រូខ្សែលេខ៤។ ប្រសិនបើគ្មានកីឡាអូឡាំពិកទេ គឺគ្មានទេ ខ្សែមេត្រូលេខ៤ ដែលតភ្ជាប់ពីទិសខាងត្បូង ទៅទិសខាងលិចទីក្រុងរីយ៉ូ »។ នេះបើតាមការវិភាគរបស់លោក Laonardo Espíndola ដែលជាអ្នកតំណាងរដ្ឋរីយ៉ូ នៅក្នុងគណៈកម្មាធិការរៀបចំការប្រកួត។ លោកបានគូសបញ្ជាកើថា « មានប្រវែង១៦គីឡូម៉ែត្រ ខ្សែមេត្រូនេះ គឺជាខ្សែដែលវែងជាងគេ ដែលក្រុងរីយ៉ូមិនធ្លាប់មានទេ។ ខ្សែមេត្រូនេះ ដឹកជញ្ជូនមនុស្ស ដែលរស់នៅតំបន់ Barra da Tijuca និងនៅតំបន់ Favela de Rocinha ដែលជាតំបន់សំណង់អាណាធិបតេយ្យដ៏ធំជាងបង្អស់មួយ នៅអាមេរិកឡាទីន »។ តែយ៉ាងណា មានស្ថានីយ៍ខ្លះ ដែលគេគ្រោងសាសង់នៅតាមបណ្តោយខ្សែមេត្រូនេះ មិនត្រូវបានគេសាងសង់ឡើយ រហូតមកទល់ពេលនេះ។
ការសាងសង់មហាវិថីអូឡាំពិក ដែលតភ្ជាប់រវាងតំបន់កំពង់ផែ និងកណ្តាលក្រុង បានផ្តល់នូវមុខមាត់ថ្មីនៃតំបន់នេះ ដែលពីមុនមកមានលក្ខណៈបាក់បែករខេករខាកគ្មានការថែទាំ។ ក្នុងអំឡុងពេលប្រកួត ទីនេះគឺជាកន្លែងប្រមូលផ្តុំ នៃក្រុមអ្នកគាំទ្រកីឡាករ និងទេសចរនានា។ ទីលានបរិវេនដែលមុនត្រូវគេបោះបង់ចោល បានក្លាយជាបរិវេនកម្សាន្តសប្បាយ សម្រាប់ប្រជាពលរដ្ឋ។ មនុស្សម្នាអាចមកទស្សនាទេសភាពនៃឈកសមុទ្រ Guanabara ខ្លះទៀតចូលទៅសារមន្ទីរ និងបរិវេនរៀបចំកម្មវិធីសប្បាយ ខ្លះចូលទៅមើលសត្វសមុទ្រក្នុងអាងទឹកដាក់ ខ្លះទៀតឡើងជិះកន្ត្រកកម្សាន្តសប្បាយ។ លោក Laonardo Espíndola បានលើកឡើងថា « ទីប្រជុំជននេះ បានត្រៀមខ្លួនរួចរាល់ ដើម្បីអភិវឌ្ឍន៍ និងទទួលយកនូវការវិនិយោគថ្មីៗ »។
ការចោទប្រកាន់ស្តីពីអំពើពុករលួយ បានធ្វើឲ្យខ្ទេចខ្ទាំ ដល់មរតកអូឡាំពិក
៧ឆ្នាំបន្ទាប់ពីការប្រកួតអូឡាំពិករីយ៉ូ-២០១៦បានចប់សព្វគ្រប់ ប្រជាជនប្រេស៊ីលនៅតែមិនទាន់បានសងប្រាក់ដែលបានចំណាយសម្រាប់កម្មវិធីនេះ អស់នៅឡើយទេ។ ការចំណាយគិតជាសរុប អស់ប្រមាណ៤០ពាន់លានរ៉េអាល់ ដែលចំណាយលើការសាងសង់បណ្តាញដឹកជញ្ជូន និងការសាងសង់ពហុកីឡាដ្ឋាន។ សង្ស័យស្តីពីការបំប៉ោងវិក័យបត្រ ឬក៏ការសូកប្រាក់ក្រោមតុ បានអណ្តែតសាយភាយនៅពីលើការដ្ឋានសាងសង់។ ពាក្យចចាមអារ៉ាមខ្លះទៀត បានទាំងលើកឡើងថា ការសម្រេចជ្រើសរើសយកទីក្រុងរីយ៉ូជាម្ចាស់ផ្ទះរៀបចំការប្រកួត ក៏ជាលទ្ធផលនៃការសូកប៉ាន់ដែរ។
“ ប៉ុន្តែសម្រាប់គណៈកម្មាធិការរៀបចំការប្រកួត ដែលជាអ្នកទទួលបន្ទុករៀបចំកម្មវិធីទាំងមូល ត្រួតពិនិត្យមើលការសាងសង់សំណង់ និងការប្រកួតកីឡា គឺពិតណាស់ដែលគេអះអាងថាគ្មានអំពើពុករលួយទេ”។ នេះបើផ្អែកតាមលើកឡើង របស់លោក Mario de Andrada។ លោកបានពន្យល់ថា “តួលេខនៃការចំណាយទាំងអស់ គឺត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវ ដោយគ្មានបញ្ហាអ្វីទាំងអស់”។ តែយ៉ាងណា នីតិវិធីតុលាការកំពុងតែដំណើរការទៅមិនទាន់ចប់ទេ នៅប្រេស៊ីល ដើម្បីស្វែងរកការពិត ទាក់ទិននឹងការចោទប្រកាន់ថាប្រេស៊ីលបានប្រើប្រាស់ប្រាក់ទិញសន្លឹកឆ្នោត ឲ្យគេជ្រើសរើសខ្លួន។ នេះគឺជាការសង្ស័យធំបំផុត ហើយក៏ជាសំណុំរឿងស៊ើបអង្កេតតែមួយគត់ ពាក់ព័ន្ធនឹងករណីពុករលួយ។ លោក Mario de Andrada អះអាងថា ការរៀបចំការប្រកួត គឺត្រូវបានធ្វើយ៉ាងត្រឹមត្រូវបំផុត។
ដោយឡែក លោក Orlando Santos សាស្ត្រាចារ្យនៅវិទ្យាស្ថានស្រាវជ្រាវនិងរៀបចំនគររូបនីយកម្ម បានលើកឡើងថា ការរៀបចំកម្មវិធីប្រកួតកីឡាអូឡាំពិក អាចជួយចូលរួមជំរុញការអភិវឌ្ឍន៍ទីក្រុងមួយពិតមែនហើយ។ ក៏ប៉ុន្តែគម្រោងផែនការដ៏ធំ មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើនសន្ធឹកបែបនេះ គឺចាំបាច់ត្រូវមានការតាមដានច្បាស់លាស់។ “អំពើពុករលួយ គឺវាកើតចេញពី ច្បាប់ពិសេសៗដែលគេបានអនុម័ត ដោយលើកហេតុផលថា ដើម្បីចាត់ចែងព្រឹត្តិការពិសេសនេះ។ ការជ្រើសរើស ក្រុមហ៊ុនឲ្យសម្រេចកិច្ចការងារផ្សេងៗ និងនីតិវិធីជាច្រើនផ្សេងទៀត ដែលបានជួយសម្រួលដល់ការប្រព្រឹត្តិអំពើពុករលួយ។ ទាំងអស់នេះ វាគឺជាចំនុចអវិជ្ជមាន របស់ការគ្រប់គ្រងរដ្ឋបាលសាធារណៈប្រេស៊ីល”។
មុខមាត់ទីក្រុងនិងប្រទេសជាតិទាំងមូល
នៅប្រេស៊ីល អស់រយៈពេលជាច្រើនសប្តាហ៍ ក្រុមអត្តពលិកកម្រិតខ្ពស់ជាច្រើននាក់ បានបង្ហាញឲ្យឃើញនូវចំណុចដ៏អស្ចារ្យនៃវិស័យកីឡា៖ សមត្ថភាពកំពូល ការប្រាស្រ័យរាក់ទាក់គ្នា ការសាមគ្គី និងសេចក្តីសោមន្សរីករាយ។ តម្លៃជានិម្មិតរូបទាំងនេះ ត្រូវបានតំណាងដោយអណ្តាតភ្លើងអូឡាំពិក ដែលបានឆេះរោលបេះដូងទស្សនកិច្ចជន ប្រៀបបីដូចជា “ផ្លេកបន្ទោល” ដ៏លឿនរហ័សរបស់កីឡាករ Usian Bolt។ កីឡាករជនជាតិចាម៉ៃអ៊ីករូបនេះ បានឈានជើងចូលក្នុងកំណត់ត្រាប្រវត្តិសាស្ត្រនៃកីឡា។ បន្ទាប់ពីបានដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសា៣ មានរត់១០០ម៉ែត្រ ២០០ម៉ែត្រ និងរត់បណ្តាក់១០០ម៉ែត្រ៤ដង កាលពីក្នុងពេលប្រកួតអូឡាពិកប៉េកាំងឆ្នាំ២០០៨ និងនៅឡុងដ៍ឆ្នាំ២០១២ កីឡាករ Usain Bolt បានក្លាយជាកីឡាករដំបូងគេ ដែលបានឈ្នះបានមេដាយមាស ៣លើកជាប់ៗគ្នា នៅទីក្រុងរីយ៉ូ។
រូបថត៖ កីឡាករ Usain Bolt កំពូលកីឡាលររត់ប្រណាំង មកពីប្រទេសចាម៉ៃអ៊ីក ទៅក្រុងរីយ៉ូ ថ្ងៃទី ១៩ សីហា ២០១៦
អ្វីដ៏គួរឲ្យស្ញើចសរសើរមួយទៀតនោះ គឺសមត្ថភាពកំពូលរបស់កីឡាករហែលទឹកជនជាតិអាមេរិក ឈ្មោះ Michael Phelps។ នៅរីយ៉ូ កីឡាកររូបនេះបានឈ្នះបានមេដាយចំនួនដល់ទៅ៦ ធ្វើឲ្យមេដាយឈ្នះសរុបទាំងអស់ របស់កីឡាករនេះ មាន២៨មេដាយ ក្នុងនោះមានមាស២៣ ចាប់តាំងពីចាប់ផ្តើមប្រកួតមក។ តែនៅរីយ៉ូ Michael Phelps បានប្រកាសលាជាចុងក្រោយ ឈប់ប្រកួតជារៀងរហូត។
“ កីឡាអូឡាំពិក បានចាក់ចូលជ្រាប់ក្នុងក្រឳបេះដូចមនុស្សទូទៅ ដែលពួកគេអបអរសាទរឯកភាព សាមគ្គីភាព រវាងប្រជាជាតិទាំងអស់។ វាគឺជាមរតកមួយមិនអាចប្រកែកបាន ដែលបានបន្សល់ទុកឲ្យទីក្រុងរីយ៉ូ”។ នេះបើផ្អែកតាមសំដី របស់លោក Laonardo Espíndola ដែលលោកផ្ទាល់បានចូលរួមរត់កាន់ភ្លើងគុបអូឡាំពិក។ “ ភ្លើងគុបអូឡាំពិក ដែលបានធ្វើដំណើរឆ្លងកាត់ទីក្រុងនៅប្រេស៊ីល និងពិភពលោក គឺជានិម្មិតរូប នៃស្មារតីអូឡាំពិក ដែលយើងគ្រប់គ្នាត្រូវតែរក្សាការពារឲ្យរស់ជានិច្ចនិរន្ត។ ជាការពិតណាស់ នៅពីក្រោយនេះ គឺវាមានប្រតិបត្តិជំនួញ ផ្សាយពាណិជ្ជកម្មជាដើមដោយចៀសមិនរួច។ តែអារម្មណ៍នេះ គឺវាជាអារម្មណ៍ដែលបរិសុទ្ធ ហើយជាអ្វីមួយដែលមិនអាចរសាត់រលត់បាត់បានឡើយ”។
ចំណែកលោក Mario Andrada បានលើកឡើងថា “ ឱកាសនេះ គឺជារយៈពេល៣០ថ្ងៃ នៃប្រវត្តិសាស្ត្រដ៏ល្អបំផុត របស់ទីក្រុងរីយ៉ូដឹចាណេរ៉ូ”។ “ នរណាក៏ដោយ ដែលបានមានវត្តមាននៅរីយ៉ូក្នុងពេលនោះ គឺគ្មានថ្ងៃភ្លេចបានទេ”។ លោកបានបន្តថា ការប្រកួតកីឡាវិញ គឺបានដំណើរការទៅយ៉ាងរលូនបំផុត។ អត្តពលិកទាំងអស់ ត្រូវបានគេថ្នមថ្នាក់យកចិត្តទុកដាក់ មិនឲ្យមានសៅហ្មង ឯការប្រកួតវិញ គឺទៀងទាត់ម៉ោងពេលវេលា គ្មានការយឺតយ៉ាវ។ “ យើងបានបង្ហាញឲ្យពិភពលោកទាំងមូលបានឃើញ នូវអ្វីដែលប្រេស៊ីលអាចធ្វើបាន បើទោះបីជាមានបញ្ហានិងឧបសគ្កយ៉ាងណាក៏ដោយចុះ”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ