អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ជុំទី១​បង្ហាញ​ឲ្យឃើញ​ពី​ការ​ពុះចែក​បារាំង​ជា​ពីរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​បារាំង យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កំពុងតែ​មានសន្ទុះយ៉ាងខ្លាំង ហើយ​គេ​ត្រូវ​រង់ចាំ​ការបោះឆ្នោត​ជុំទី២ នៅថ្ងៃ​អាទិត្យ ៧ឧសភា ខាងមុខ ទើប​អាច​ដឹង​បាន​ថាតើ រវាង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​លោកស្រី​ម៉ារីន ឡឺប៉ែន នរណា​នឹងត្រូវក្លាយ​ជា​ប្រធានាធិបតី​បារាំង សម្រាប់រយៈពេល ៥ឆ្នាំ​ខាងមុខ? ក៏ប៉ុន្តែ មិនថា​លទ្ធផល​នៅ​ជុំទី២​នឹង​ចេញ​ជា​យ៉ាងណា​នោះទេ លទ្ធផល​ជុំទី១ កាលពីថ្ងៃ​ទី២៣មេសា​កន្លងទៅ​​ បាន​បង្ហាញ​ឲ្យឃើញ​យ៉ាងច្បាស់ថា ប្រទេស​បារាំង​ត្រូវ​ពុះចែក​ជាពីរ​យ៉ាងដាច់ស្រឡះ។

ផែនទី​បង្ហាញ​ពី​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំទី១
ផែនទី​បង្ហាញ​ពី​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំទី១ AFP
ផ្សាយពាណិជ្ជកម្ម

រវាង​ដែនដី​ប៉ែកខាង​កើត និង​ដែនដី​ប៉ែក​ខាង​លិច, រវាង​ដែនដី​ជនបទ និង​ដែនដី​ក្រុង ប្រទេស​បារាំង​ត្រូវ​ពុះចែក​ជាពីរ​​យ៉ាងដាច់​ស្រឡះ រវាង​អ្នក​គាំទ្រ​លោក​អេម៉ានុយអែល ម៉ាក្រុង និង​អ្ន​កគាំទ្រ​លោកស្រី​ម៉ារីន ឡឺប៉ែន បេក្ខជន​ប្រធានាធិបតី​ដែល​មាន​គោលនយោបាយ​បញ្ច្រាស់គ្នា​ទាំងស្រុង ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច អន្តោប្រវេសន៍ និង​ជាពិសេស ទាក់ទង​នឹង​សហភាព​អឺរ៉ុប។

​ការពុះចែក​ប្រទេស​បារាំង​ជាពីរ​ដាច់ពីគ្នា​​ត្រូវ​បាន​បង្ហាញ​ឲ្យឃើញ​យ៉ាងច្បាស់ នៅពេលដែល​គេ​មើលទៅលើ​​លទ្ធផល​បោះឆ្នោតជុំទី១​ដាក់បង្ហាញ​នៅលើ​ផែនទី។ គេស្ទើរតែអាច​គូសបន្ទាត់​ដោយត្រង់​ពី​ជើងទៅត្បូង ពុះប្រទេស​បារាំងជាពីរ ដោយ​​នៅ​ស្ទើរតែ​គ្រប់បណ្តាខេត្តទាំងអស់​នៅ​ប៉ែក​ខាង​កើត លោកស្រី​ម៉ារីន ឡឺប៉ែន ជា​អ្នក​ទទួល​បាន​សំឡេង​ឆ្នោត​នាំមុខគេ ចំណែក​ឯ​បណ្តាខេត្ត​នៅ​ប៉ែក​ខាង​លិច​បាន​ទៅលោក​អេម៉ានុយអែល ម៉ាក្រុង។

ការពុះចែកនេះ​ក៏​ត្រូវ​បាន​បង្ហាញ​ឲ្យឃើញ​យ៉ាងច្បាស់​ក្រឡែត​ផងដែរ រវាង​ដែនដី​ក្រុង និងដែនដីជនបទ។ ឃុំសង្កាត់​នៅ​តាម​ទីជនបទ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​បោះឆ្នោត​ឲ្យ​លោកស្រី​ម៉ារីន ឡឺប៉ែន បាន​សំឡេង​នាំមុខ ហើយ​ផ្ទុយទៅវិញ នៅ​តាម​ក្រុងធំៗ និង​តាម​ឃុំសង្កាត់​ ដែល​មាន​ប្រជាជន​ចាប់ពី ១០ម៉ឺននាក់​ឡើងទៅ នាំគ្នា​បោះឆ្នោត​ឲ្យ​លោក​អេម៉ានុយអែល ម៉ាក្រុង។

ឧទាហរណ៍​ដ៏ជាក់ច្បាស់ជាងគេ គឺ​នៅ​ទីក្រុង​ប៉ារីស ដែល​លោក​អេម៉ានុយអេល ម៉ាក្រុង បាន​ទទួល​សំឡេង​ឆ្នោត​រហូតដល់​ទៅ​ជិត ៣៥% ដែល​ជាកម្រិត​​ដ៏ខ្ពស់​បំផុត បើ​ធៀប​នឹង​សំឡេងគាំទ្រ​លោក​គិតជា​មធ្យម​នៅ​ទូទាំង​ប្រទេស។ ផ្ទុយ​ទៅវិញ លោកស្រី​ម៉ារីន ឡឺប៉ែន បាន​ទទួល​សំឡេង​ឆ្នោត​មិនដល់ ៥%​ផង នៅ​ប៉ារីស។

លទ្ធផលលម្អិត​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំងជុំទី១

តាមការពិត​គេអាច​សង្កេតឃើញ​ពី​ការពុះចែក​រវាង​ដីក្រុង និង​ដីជនបទ​នេះ តាំង​ពី​ក្នុងពេល​ដែល​ការរាប់សន្លឹកឆ្នោត​កំពុង​ដំណើរការ នៅ​យប់ថ្ងៃ​អាទិត្យ។ ដោយសារ​តែ​ការិយាល័យបោះឆ្នោត​នៅតាម​បណ្តា​ក្រុងធំៗ​ត្រូវ​បិទទ្វារ​យឺតជាងគេ​១ម៉ោង សន្លឹកឆ្នោត​ដែល​ត្រូវ​បាន​គេ​ចាប់ផ្តើម​រាប់​ហើយ​ដឹង​លទ្ធផល​មុនគេ គឺ​ស​ន្លឹកឆ្នោត​មក​ពី​តាម​ទីជនបទ។ ហេតុដូច្នេះហើយ​បាន​ជា លទ្ធផល​​បណ្តោះអាសន្ន​ដែល​ផ្តល់​ដោយ​ក្រសួង​មហាផ្ទៃ នៅ​ពេល​ដែល​សន្លឹកឆ្នោត​ទើប​នឹង​រាប់​បាន​ប្រមាណ​ជាង ៣០% បង្ហាញ​ថា លោកស្រី​ម៉ារីន ឡឺប៉ែន ដែល​ជាប់លេខ១​នៅ​ជុំទី១។ រហូត​ទាល់តែ​ដល់​ពេល​ដែលគេ​ចាប់ផ្តើម​រាប់សន្លឹកឆ្នោត​មក​ពី​តាម​ក្រុង​ធំៗ ទើប​សំឡេង​របស់​លោក​អេម៉ានុយអែល ម៉ាក្រុង ចាប់ផ្តើម​កើនឡើង រហូត​លើស​លោកស្រី​ម៉ារីន ឡឺប៉ែន ដល់​ទៅ​ជិត ៣% នៅ​ពេល​ដែលការរាប់សន្លឹកឆ្នោត​ត្រូវបញ្ចប់​នៅ​ទូទាំង​ប្រទេស។ លទ្ធផល​ផ្លូវការ​និង​ជាស្ថាពរ៖ លោក​អេម៉ានុយអែល ម៉ាក្រុង ២៤,០១% លោកស្រី​ម៉ារីន ឡឺប៉ែន ២១,៣%។

ការពុះចែក​សំឡេង​ឆ្នោត​រវាង​ដីក្រុង​និង​ដីជនបទ​នេះ គឺ​ជា​តម្រ៉ុយ​បង្ហាញ​ថា អ្នក​ដែល​បោះឆ្នោត​គាំទ្រ​​លោកស្រី​ម៉ារីន ឡឺប៉ែន ដែល​ជា​បេក្ខនារី​មក​ពី​គណបក្ស​ស្តាំនិយមជ្រុល ភាគច្រើន​គឺ​ជា​អ្នក​ដែលនៅ​ឆ្ងាយ​ពី​ចំណុចកណ្តាល​នៃ​រដ្ឋបាល​សាធារណៈ ហើយ​ដែល​យល់​ថា​ខ្លួន​ត្រូវ​បាន​រដ្ឋាភិបាល​បំភ្លេចចោល​មិនគិតគូរ មិនទទួល​បាន​នូវ​សេវាសាធារណៈ​សមរម្យ និង​មិនទទួល​បាន​ផលប្រយោជន៍​ពី​នយោបាយ​ដែល​ដាក់ចេញ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ក៏ដូចជា​រដ្ឋាភិបាល​មុនៗ​ ទាំង​រដ្ឋាភិបាល​ដែល​កាន់កាប់​ដោយ​គណបក្ស​ឆ្វេងនិយម​ ក៏ដូចជា​​រដ្ឋាភិបាល​ដែល​កាន់កាប់​ដោយ​គណបក្ស​ស្តាំនិយម។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពួកគេ​នាំគ្នា​ងាកទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ស្តាំនិយមជ្រុលវិញ។

ចំណុច​នេះ​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ ប្រសិនបើ​គេ​ពិនិត្យ​មើល​ទៅលើ​​ការបែងចែក​សំឡេងឆ្នោត​ទៅតាម​កម្រិតជីវភាព​របស់​ប្រជាជន។ នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូលទាប អ្នក​​គ្មាន​សញ្ញាបត្រ​ឬ​មាន​កម្រិត​សិក្សា​ទាប អ្នក​អត់ការងារ​ធ្វើ និង​អ្នក​ធ្វើការ​ក្នុង​តំណែង​ទាប ភាគច្រើន​បោះឆ្នោត​ឲ្យ​​លោកស្រី​ម៉ារីន ឡឺប៉ែន។ ផ្ទុយ​ទៅវិញ អ្នក​មាន​ប្រាក់​ចំណូលមធ្យម​និង​​ខ្ពស់ អ្នក​មាន​សញ្ញាបត្រ​ខ្ពស់​ចាប់ពី​បរិញ្ញាបត្រ​ឡើងទៅ ព្រមទាំង​​អ្នក​ធ្វើការ​ដែល​មាន​តំណែង​មធ្យម​ឬ​ខ្ពស់ ភាគច្រើន​បោះឆ្នោត​ឲ្យ​លោក​អេម៉ានុយអែល ម៉ាក្រុង។

ចុងក្រោយ នៅមាន​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ​ទៀត គឺ​នៅ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ក្មេងៗ ក្នុងចន្លោះ​ពី ១៨ ទៅ២៥ឆ្នាំ លោកស្រី​ម៉ារីន ឡឺប៉ែន ជា​អ្នក​ទទួល​បាន​សំឡេង​ច្រើន​ជាង​លោក​អេម៉ានុយអែល ម៉ាក្រុង។ ចំណែក​អ្នក​ដែល​មាន​វ័យ​ចាប់ពី​៦០ឆ្នាំឡើងទៅ បោះឆ្នោត​ឲ្យ​លោក​ម៉ាក្រុង​ច្រើន​ជាងលោកស្រី​ឡឺប៉ែន។

តាមការពិត​​ការ​ស្ទាបស្ទង់​មតិ​មុនពេល​បោះឆ្នោត​ក៏​បាន​បង្ហាញ​ពី​និន្នាការ​បែបនេះដែរ។ ដូច្នេះ វាមិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះទេ ក៏ប៉ុន្តែ វាជារឿង​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​រក​សេចក្តីពន្យល់​បាន ពីព្រោះ​ជាទូទៅ គេ​គិត​ថា ក្មេងជំនាន់ក្រោយ​ភាគច្រើន​ជា​អ្នក​មាន​គំនិត​សេរីនិយម មាន​ផ្នត់គំនិត​បើក​ចំហ ទទួល​យក​វប្បធម៌​ចម្រុះ មិនសូវ​ប្រកាន់​ពូជសាសន៍ ពណ៌សម្បុរ មិនប្រកាន់​ទំនៀមទម្លាប់​ប្រពៃណី និង​គំនិត​អភិរក្ស​និយម​ដូចជា​ចាស់ៗ។ ផ្ទុយ​ទៅវិញ នៅ​ក្នុងការ​បោះឆ្នោត​កាលពីថ្ងៃ​អាទិត្យ ពួកគេ​បែរជា​បោះឆ្នោត​ឲ្យ​គណបក្ស​ស្តាំនិយមជ្រុល​ច្រើន​ជាង​ចាស់ៗ​ទៅវិញ​។ គណបក្ស​ស្តាំនិយមជ្រុល​ ដែល​ប្រកាន់​គំនិត​អភិរក្ស​និយម និង​មាន​គោលនយោបាយ​ប្រឆាំង​អន្តោប្រវេសន៍​ ផ្ទុយ​ពី​ផ្នត់គំនិត​សេរីនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ