ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT

សំរាម ជា​ប្រភេទ​ទំនិញ​នាំចេញ​នាំចូល ​ដ៏​សំខាន់​មួយ ​និង​ដ៏​កាក់​កប

សំរាម ជា​ប្រភេទ​ទំនិញ​នាំចេញ​នាំចូល ​ដ៏​សំខាន់​មួយ ​និង​ដ៏​កាក់​កប
 
រូបថត​បុរសកម្មករជនជាតិចិន និងគំនរដបប្លាស្ទិក នៅក្រុង​ប៉េកាំង។ ១៧ កញ្ញា ២០១៥ FRED DUFOUR / AFP

ចំណី​អាហារ ​និង​សម្ភារៈ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង ​បាន​បន្សល់​ទុក​នូវ​កាក​សំណល់ ​សំរាម​គ្រប់​ប្រភេទ។ សំរាម ​និង​កាក​សំណល់​ទាំង​នោះ ​បាន​កើន​ឡើង​កាន់តែ​ច្រើន​ទៅៗ ​ជាមួយ​នឹង​របៀប​រស់​នៅ​បែប​ទំនើប ​កាន់តែ​ទាន់​សម័យ ​កាន់​តែ​សំបូរ​សម្ភារៈ​ប្រើប្រាស់។ កាក​សំណល់ ​សម្ភារៈ​ចាស់ៗ ​ដែល​គេ​បោះ​ចោល​រាប់​រយ​លាន​តោន ​ក្នុង​មួយ​ឆ្នាំៗ ​បាន​ក្លាយ​ទៅ​ជា​ទំនិញ​មួយ​ប្រភេទ ​ដែល​គេ​ទិញ​លក់​ ដោះ​ដូរ​គ្នា ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ដើម្បី​កែច្នៃ​ផលិត​ចេញ​ជា​វត្ថុ​ធាតុ​ដើម​ឡើងវិញ។ នេះ​គឺ​ជា​មធ្យោបាយ​មួយ​ដ៏ល្អ ​ដើម្បី​សន្សំ​សំចៃ​នូវ​ធនធាន​ធម្មជាតិ ​តែ​ទន្ទឹម​នឹង​នេះ​ចំនួន​សំរាម​ដែល​ចេះ​តែ​កើនឡើង ​កំពុង​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ ​ ដល់​បរិស្ថាន​ធម្មជាតិ។

កាក​សំណល់​ជា​វត្ថុធាតុ​ដើម នាំ​ចេញ​១៨០​លាន​តោន ក្នុងឆ្នាំ​២០១៥

បើយើង​ប្រៀបធៀប​មនុស្ស​ម្នាក់​ទៅ​នឹង​សម្រាម ​នោះ​មាន​ន័យ​ថា​មនុស្ស​នោះ​គ្មាន​តំលៃ​ទេ។ តែ​ឃ្លា​នេះ​​ ប្រហែល​ជា​លែង​មាន​ន័យ​ទៀត​ហើយ ​ព្រោះ​សម័យ​បច្ចុប្បន្ន​នេះ​ សំរាម​ប្រភេទ​មួយ​ចំនួន ​ មាន​តំលៃ​ណាស់។ ជាមួយ​នឹង​ការ​រីក​ចំរើន ​ស្ទើរ​ចាប់​មិន​ឈ្នះ ​នៃ​វិស័យ​ឧស្សាហកម្ម​ផលិត​ទំនិញ ​វត្ថុ​ធាតុ​ដើម​ គឺ​ជា​តំរូវ​ការ​ចាំបាច់ ​ដែល​ក្រុមហ៊ុន ​រោងចក្រ​ឧស្សាហកម្ម​ដណ្តើម​គ្នា​ទិញ។ សំរាម​ក៏​បាន​ក្លាយ​ជា​ប្រភេទ​ទំនិញ​មួយ​ប្រភេទ ​ដែល​គេ​ទិញ​លក់​ ដោះដូរ ​ ដឹក​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ​ដើម្បី​យក​ទៅ​កែច្នៃ ​ផលិត​ចេញ​ជា​វត្ថុ​ធាតុ​ដើម​ឡើង​វិញ។

យោងតាម​តួលេខ ​របស់​អង្គការ​សហ​ប្រជាជាតិ​ ការ​នាំចេញ​កាក​សំណល់ ​ដែល​ជា​វត្ថុ​ធាតុ​ដើម ​នៅ​ក្នុង​ឆ្នាំ​២០១៥ ​មាន​ប្រមាណ​ជា ​១៨០​លាន​តោន។ នេះ​គ្រាន់តែ​ជា​ចំនួន​សំរាម​ដែល​គេ​នាំចេញ ​ដើម្បី​យក​ធ្វើ​ជា​វត្ថុ​ធាតុ​ដើម។ បើ​រាប់​ទាំង​កាក​សំណល់​ចំណី​អាហារ​វិញ​ គឺ​មាន​រាប់​ពាន់​លាន​តោន​ឯណោះ។ ការ​នាំចេញ​សំរាម​ ដើម្បី​ប្រើ​ជា​វត្ថុធាតុ​ដើម ​បើគិត​ជា​ទឹកប្រាក់ ​ស្មើ​នឹង​ ៨៦​ពាន់​លាន​ដុល្លារ ​សម្រាប់​ឆ្នាំ​២០១៥។ នេះបើ​តាម​តួលេខ ​របស់​សមាគម​ឧស្សាហកម្ម​កែច្នៃ​សំរាម ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

ពាណិជ្ជកម្ម​នាំចេញ​នាំចូល​កាក​សំណល់​សំរាម​នេះ ​គឺ​ទាក់ទង​តែ​កាក​សំណល់​ណា ​ដែល​គេ​អាច​យក​ទៅ​កែច្នៃ ​ទាញ​យក​វត្ថុធាតុ​ដើម​មក​ប្រើ​ម្តង​ទៀត​បាន។ ឧទាហរណ៍​ក្នុង​ចំណោម​កាក​សំណល់​ទាំងអស់ ​ គឺ​កាក​សំណល់​ដែក ​ដែល​មាន​ទំហំ​ច្រើន​ជាង​គេ ​ក្នុង​ការ​ដោះដូរ ​ពោល​គឺ​ស្មើ​នឹង​ ៨៧​លាន​តោន។ បន្ទាប់​មក​ទៀត​គឺ​មាន​ក្រដាស ​និង​កាតុង ​ដែល​មាន​ទំហំ​​ប្រមាណ​ជា​ ៥៨​លាន​តោន​ ​លោហៈ​ចំរុះ​ផ្សេង​ទៀត ​​ក្រៅពី​​ដែក ​ប្រមាណ​ជាង​១៦​លាន​តោន ​ហើយ​ចុងក្រោយ ​គឺ​ជ័រប្លាស្ទិក ​ដែល​មាន​បរិមាណ​ប្រមាណ​ ជិត​១២​លាន​តោន។ ទាំងនេះ​គឺ​ជា​តួលេខ​ឆ្នាំ​២០១៥។

សំរាម​ទាំង​នោះ ​ត្រូវ​បាន​នាំចេញ​ទៅ​ទាំង​ដុល ​ ឬ​អាច​ត្រូវ​បាន​ឆ្លងកាត់​ ការ​សំអាត ​បែងចែក​ក្រដាស​ដោយ​ក្រដាស ​ដែក​ដោយ​ដែក ​ជ័រ​ដោយ​ជ័រ​ មុន​នឹង​នាំ​ចេញ​ទៅ។ ដូចគ្នា​ទៅ​នឹង​ទំនិញ​សព្វ​មុខ​ផ្សេង​ទៀត​ដែរ ​កាក​សំណល់​សំរាម​ដែល​ត្រូវ​នាំ​ចេញ ​ បាន​កើនឡើង​មួយ​ទ្វេរ​ជា​ពីរ ​ ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុងក្រោយ​នេះ។

អាមេរិក​​លេខ​១​ខាង​នាំចេញ ​ចិនវិញ​ ​​លេខ​១​ខាង​នាំចូល

សហរដ្ឋ​អាមេរិក​ គឺ​ជា​ប្រទេស​ដែល​សំបូរ​កាក​សំណល់​សំរាម​ ច្រើន​ពោសពាស​ លើស​គេ​ទាំងអស់​ ​ដោយសារ​តែ​ប្រជាជន​អាមេរិក​ មាន​ទំលាប់​ ទិញ​ទំនិញ​​ គ្រប់​សព្វ​សារពើ ​ច្រើន​ជ្រុល​ហួស​ហេតុ ​មិន​ថា​ចំណី​អាហារ ​ឬ​សម្ភារៈ​ប្រើប្រាស់។ ឆ្នាំ​២០១៥ ​អាមេរិក ​ បាន​នាំ​ចេញ​កាក​សំណល់​សំរាម​របស់​ខ្លួន​​ប្រមាណ​ជិត​ ៤៣​លាន​តោន​ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រហែល​២៣,៧​ពាន់​លាន​ដុល្លារ។

ចិ​នដែល​ជា​មាន​ឧស្សាហកម្ម​ផលិត​ទំនិញ​គ្រប់​មុខ ​ធំជាង​គេ ​ត្រូវការ​នូវ​វត្ថុធាតុ​ដើម​គ្រប់​មុខ ​ហើយ​ក្នុង​នោះ ​មួយ​ផ្នែក​បាន​មក​ពី​ការ​កែច្នៃ​កាក​សំណល់​សំរាម។ តួលេខ​ឆ្នាំ​២០១៥​ដដែល​បង្ហាញ​ថា ​ចិន​បាន​នាំចូល​សំរាម​ ​ចំនួន​ជិត​៥៩,៦​លាន​តោន។ វត្ថុ​ធាតុដើម​ ដែល​ត្រូវ​បាន​កែច្នៃ​ចេញ​ពី​កាក​សំណល់​ទាំង​នោះ ​មួយ​ផ្នែក​ត្រូវ​យក​ទៅ​ប្រើប្រាស់ ​ក្នុង​ឧស្សាហកម្ម​ចិន ​និង​មួយ​ផ្នែក​ទៀត​ គឺ​ចិន​នាំ​ចេញ​ យកទៅ​លក់​នៅ​តាម​ប្រទេស​ផ្សេង​ទៀត។

ការ​កែច្នៃ​កាក​សំណល់​សំរាមខ្លះ​ ​ពោរពេញ​​ដោយ​​ផល​អាក្រក់

ប្រទេស​មាន​ឧស្សាហកម្ម​រីក​ចំរើន​មួយ​ចំនួន​ធំ ​ត្រូវការ​វត្ថុ​ធាតុដើម ​ តែ​មិន​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់ ​ដើម្បី​កែច្នៃ​សំរាម​ទាំង​នោះ​ទេ។ ការ​កែច្នៃ​កាក​សំណល់​នៃ​វត្ថុ​ប្រើប្រាស់​ទាំង​នោះ ​ដើម្បី​ធ្វើ​វា​ទៅ​ជា​វត្ថុ​ធាតុដើម​ឡើង​វិញ ​ មិនមែន​ជា​ការ​ងាយ​ឡើយ។ គេ​ត្រូវ​ចំណាយ​ថាមពល ​និង​សារធាតុ​ពុល​ដ៏​គ្រោះថ្នាក់​ជា​ច្រើន​ប្រភេទ ​ ដើម្បី​អាច​បំលែង ​ឫ​ផ្តាច់​ធាតុ​ផ្សំ​នីមួយៗ​បាន។ ជាង​នេះ​ទៅទៀត​ មិនមែន​កាក​សំណល់​ គ្រប់​មុខ​ សុទ្ធតែ​អាច​យក​ទៅ​កែ​ច្នៃ​បាន​ទេ។

ឧស្សាហកម្ម​កែ​ច្នៃ​សំរាម​ បាន​បញ្ចេញ​នូវ​សារធាតុពុល ​ឬ​បោះចោល​នូវ​កាកសំណល់​ ​ដែល​គេ​មិន​ត្រូវការ ​ទៅ​ក្នុង​ធម្មជាតិ។ ធនធាន​ទឹក​ ដី​ និង​ខ្យល់​អាកាស ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ ដូច្នេះ​ហើយ ​បាន​ជា​នៅ​តាម​ប្រទេស​ខ្លះ ​ ឧស្សាហ៍កម្ម​កែច្នៃ​កាក​សំណល់ ​ដែល​បង្ក​ផល​ប៉ះពាល់​ច្រើនពេក ​ត្រូវ​រដ្ឋ​កំណត់​ឲ្យ​បង់ពន្ធ​យ៉ាង​ធ្ងន់។ ក្នុង​ករណី​នេះ​ហើយ ​ ដែល​ចិន​ បាន​ក្លាយ​ជា​ទីផ្សារ​សំរាម​កែច្នៃ​ធំ​ជាង​គេ ​ដោយសារ​ប្រទេស​ផ្សេង​ គេ​លក់​ទៅ​ឲ្យ ​ ព្រោះ​នៅ​ចិន​ឧស្សហកម្ម​នេះ ​ពុំមាន​ការ​ត្រួត​ពិនិត្យ ​ឲ្យ​បាន​ម៉ដ្ឋចត់​ទេ​ ហើយ​ពន្ធ​ក៏​ថោក​ទៀត។

ករណី​ពិសេស​មួយ​ទៀត​ គឺ​ឥណ្ឌា។ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ​ ឥណ្ឌា​ បាន​ក្លាយ​ទៅ​ជា​ ​ទីចាក់​ចោល​ នូវ​ទូរស័ព្ទ​ដៃ ​ ទូរទស្សន៍ ​ កុំព្យូទ័រ ​និង​សម្ភារៈ​អេឡិចត្រូនិក​ចាស់ៗ ​គ្រប់​ប្រភេទ​​ដែល​ហួស​សម័យ​ ដែល​គេ​លែង​និយម​ប្រើ។ ក្រុមហ៊ុន​អ្នក​រកស៊ី ​បាន​ដើរ​ប្រមូល​ទិញ ​ហើយ​យក​មក​ចោល​នៅ​ឥណ្ឌា ​បន្ទាប់​មក​ទៀត​គឺ​ក្រុមហ៊ុន​ឥណ្ឌា ​ដែល​ត្រូវ​ប្រើ​មនុស្ស​ឲ្យ​ រុះរើ​កកាយ ​ដើម្បី​កាត់​យក​បំណែក​លោហៈ​តូចៗ ​ដែល​មាន​នៅ​ក្នុង​ឧបករណ៍​ទាំង​នោះ។

ចរាចរណ៍​សំរាម ​បាន​ក្លាយ​ជា​មុខ​ជំនួញ​មួយដ៏​កាក់កប។ ការ​កែច្នៃ​ យក​វត្ថុ​ធាតុដើម​ទាំង​នោះ​ មក​ប្រើ​ម្តងទៀត​គឺ​ជា​គំនិត​ល្អ​ណាស់​ ព្រោះ​វា​ប្រសើរ​ជាង​ការ​ដែល​ទៅ​បន្ត​បូម ​កកាយ​យក​ធនធាតុ​ធម្មជាតិ​មក​ប្រើ​បន្ថែម​ទៀត។ អាល្លឺម៉ង់ ​មាន​បច្ចេកទេស​សំអាត​កាក​សំណល់ ​ដែល​មាន​ជាតិ​ពុល​តុកស៊ិក ​បាន​ល្អ​ជាង​គេ។ ចំណែក ​ ស៊ុយអ៊ែត​វិញ​បាន​ប្រមូល​ទិញ​កាក​សំណល់ ​ពី​អង់គ្លេស ​ដើម្បី​យក​ទៅ​ដុត​ប្រើ​ជា​ថាមពល​ ​និង​កំដៅ។ សំរាម​ក្រដាស​សឹង​តែ​ទាំង​អស់​នៅ​អឺរ៉ុប ​ ត្រូវ​បាន​នាំចេញ​ទៅ​ចិន​ ដើម្បី​កែច្នៃ​ធ្វើ​ជា​កាតុង ​ប្រើ​សំរាប់​វិច​ខ្ចប់​ទំនិញ។

វា​ចំណុច​ល្អ​ណាស់ ​ដែល​គេ​បាន​ប្រើ​សំរាម​ ឬ​កាក​សំណល់​ផ្សេងៗ​ឲ្យ​មាន​ប្រយោជន៍​ម្តង​ទៀត។​ តែ​ទន្ទឹម​គ្នា​នេះ ​ចរាចរណ៍​ដឹក​សំរាម ​ខ្វែងខ្វាត់​ពេញ​ពិភពលោក​ ក៏បាន​ចូលរួម ​បញ្ចេញ​ចោល​​នូវ​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយាកាស​ដែរ ​ តាម​រយៈ​មធ្យោបាយ​ដឹក​ជញ្ជូន។ សមាគម​បរិស្ថាន ​ជាច្រើន​​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នីមួយៗ​ ផ្តល់​អាទិភាព ​ដល់​ការ​កែច្នៃ​សំរាម​ នៅ​តាម​ប្រទេស​ដើម​ ​ចៀសវាង​ការ​ដឹក​ចេញ​ដឹកចូល។

ប្រទេសក្រីក្រ ​ក្លាយ​ជា​ទីចាក់​ចោល ​នូវ​កាក​សំណល់​ដែល​មាន​​ជាតិពុល

ចរាចរណ៍​កាក​សំណល់​គ្រោះថ្នាក់​ ដែល​មាន​ផ្ទុក​ជាតិពុល ​ទូទាំង​ពិភពលោក ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សន្ធិសញ្ញា​ទីក្រុង​បាល់ ​ដែល​ចូល​ជា​ធរមាន​នៅ​ឆ្នាំ ​១៩៩២។ ក៏ប៉ុន្តែ​ការ​គោរព​ជាក់​ស្តែង​នៃ​ សន្ធិសញ្ញា​នេះ ​នៅ​មិន​ទាន់​ស្ថិត​ក្នុង​កំរិត​មួយ​ ដែល​គេ​ទទួល​បាន​នៅ​ឡើយ​ទេ​។ យ៉ាង​ណាមិញ​ មក​ទល់​ពេ​លនេះ​ ​សហរដ្ឋ​អាមេរិក ​នៅតែ​មិន​ទាន់​ផ្តល់​សច្ចាប័ន ​ឲ្យ​ដល់​សន្ធិសញ្ញា​នេះ​នៅ​ឡើយ​ទេ។ មានន័យ​ថា ​អាមេរិក​ នៅតែ​អាច​បន្ត​ដឹក​កាក​សំណល់ ​មាន​ជាតិពុល​ ចេញ​ពី​ប្រទេស​របស់​ខ្លួន ​ ទៅ​​ចាក់​ចោល​នៅ​ប្រទេស​ផ្សេង​ទៀត​ដដែល។

ជា​ទូទៅ ​គឺ​ប្រទេស​ក្រីក្រ ​ដែល​រងគ្រោះ​ ក្លាយ​ជា​ទី​ចាក់​សំរាម​ របស់​ប្រទេស​អ្នក​មាន។ ឧទាហរណ៍ ​ក្រុមហ៊ុន ​ឧស្សហកម្ម​ចិន ​ដែល​រក​ស៊ី​កែច្នៃ​សំរាម ​អាច​បញ្ជូន​បន្ត​ នូវ​កាក​សំណល់​ជាតិ​ពុល ​ដែល​គេ​មិន​ត្រូវ​ការ ​យក​ទៅ​ចាក់​ចោល​ នៅតាម​ប្រទេស​ក្រីក្រ​ណា​មួយ​ផ្សេង​ទៀត។ សកម្មភាព​នេះ ​បាន​ក្លាយ​ជា​ជំនួញ​ផ្លូវ​ងងិត ​ឃុបឃិត​គ្នា ​រវាង​ក្រុមហ៊ុន​ទាំង​នោះ ​ជាមួយ​អាជ្ញាធរ​តាម​ប្រទេស​មួយ​ចំនួន ​ ដោយ​មិន​បាន​គិត​ខ្វល់ ​ពី​ផល​ប៉ះពាល់ ​ដល់​បរិស្ថាន​ និង​សុខភាព​របស់​ប្រជាជន។ ប្រជាជន​ក្រីក្រ ​ដែល​បង្ខំ​ចិត្ត​ ធ្វើការ​នៅ​ក្នុង​គំនរ​កាក​សំណល់ ​គ្រឿង​អេឡិចត្រូនិក​នៅ​ឥណ្ឌា ​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ គ្រប់​មុខ។

ទំលាប់​អាក្រក់​របស់​​មនុស្ស “បាន​ថ្មី​ចោល​ចាស់”

ការ​​ចេះ​កែច្នៃ​កាក​សំណល់សំរាម ​យក​មក​ប្រើ​ម្តង​ទៀត ​គឺ​ជា​រឿង​ល្អ​ហើយ។ តែ​អ្វី​ដែល​ចោទ​ គឺ​ថា​កាក​សំណល់ ​សំរាម​​ សម្ភារៈ​ចាស់ៗ ​បាន​កើនឡើង​យ៉ាង​លឿន​រហ័ស ​ ដោយសារ​តែ​មនុស្ស​យើង ​មាន​ចរិក​ទិញ​បោះ​ចោល ​ទិញ​បោះ​ចោល ​ បាន​ថ្មី​ចោល​ចាស់​ សំបូរ​បែប​ជ្រុល​ពេក។ ទាំងនេះ​ ​វាបាន​បូក​បន្ថែម​ ជាមួយ​នឹង​គោល​នយោបាយ​របស់​ក្រុមហ៊ុន​ផលិត​សម្ភារៈ​អេឡិចត្រូនិក ​ដែល​ធ្វើ​យ៉ាង​ណា ​ឲ្យ​ផលិត​ផល​របស់​ពួក​គេ​ មាន​អាយុ​ប្រើប្រាស់​កាន់​តែ​ ខ្លីទៅៗ។ ធ្វើ​យ៉ាង​នេះ ​គឺ​ដើម្បី​ជម្រុញ​ឲ្យ​មនុស្ស ​ទិញ​ផលិតផល​ថ្មី​ប្រើ​រហូត។

ចុះ​បើ​យើង​ងាក​មក​កាត់​បន្ថយ​ កាក​សំណល់​សំរាម​ វិញ? វា​ដល់​ពេល​ហើយ ​ដែល​យើង​គ្រប់​គ្នា ​ក្នុងនាម​ជា​អ្នក​ប្រើប្រាស់ ​គួរ​ពិចារណា ​ពី​ផល​អាក្រក់ ​នៃ​ទំនិញ​សម្ភារៈ​នីមួយៗ​ ដែល​ខ្លួន​ទិញ​មក​ប្រើ។ ពេលខ្លះ​របស់​ចាស់ៗ ​ក៏​មិន​គួរ​ចោល​វា ​ទៅ​ស្រវ៉ា​ថ្មី​ដែរ​ បើ​សិន​ជា​វា​នៅ​ប្រើ​ការ​បាន។ របស់​ចាស់ៗ​ខ្លះ ​គឺ​បង្កប់​ដោយ​អនុស្សាវរីយ៍​។ មិន​ទិញ​ទំនិញ​ដែល​ឥត​ប្រយោជន៍ ​គឺ​មិន​ចំនាយ​ប្រាក់ ​ហើយ​ក៏​មិន​បាន​ចូលរួម​បង្កើន​សំរាម។ ចូលរួម​កាត់​បន្ថយ​កាក​សំណល់​សំរាម ​គឺ​ចូលរួម​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ធម្មជាតិ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ