អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ស្នើ​ឲ្យ​មន្ត្រី​រៀប​ចំ​ទទួល​ផែន​ទី​១៨​ផ្ទាំង​ដោយ​តម្លាភាព

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​មន្ត្រី​រៀបចំ​ទទួល​ផែនទី​ចំនួន​១៨​ផ្ទាំង ដែល​បាន​រក​ឃើញ​នៅ​អង្គការ​សហប្រជាជាតិ ដែល​ផែន​ទី​នេះ​ត្រូវ​ប្រទេស​កម្ពុជា​ដាក់​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ពី​ការ​ទំលាក់​គ្រាប់​បែប​លើ​ប្រទេស​របស់​ខ្លួន​នៅ​ក្នុង​អំឡុង​សម័យ​សង្គមរាស្ត្រ​និយម។ ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​នៅឯ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុង​វិមាន​សន្តិភាព។ អ្នក​ពាក់ព័ន្ធ​និង​បក្ស​ប្រឆាំង​ក៍​ស្វាគមន៍​ដែរ​ក្នុង​ការ​ទទួល​ផែនទី​នេះ ប្រកប​ដោយ​តម្លាភាព​។

លោក ​ហ៊ុន ​សែន ​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​កាលពីពេលកន្លងទៅ។
លោក ​ហ៊ុន ​សែន ​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​កាលពីពេលកន្លងទៅ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​មានប្រសាសន៍​ណែនាំ​ឲ្យ​មន្ត្រី​របស់លោក ស្វាគមន៍​ចំពោះ​ការចូលរួម​ណាមួយ​ពី​អ្នក​ពាក់ព័ន្ធ​នានា​ក្នុងការ​ចូលរួម​ជា​សាក្សី​ដើម្បី​ពិនិត្យ​និង​ចុះហត្ថ​លេខា​ទទួល​ផែន​ទី​១៨​ផ្ទាំង ដែល​នឹង​បញ្ជូន​មកដល់​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ។

ក្រៅ​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ស្ថិតិ​និង​សេចក្តី​ព្រាង​ច្បាប់​៣​ឆ្នាំ​រំកិល​២០១៦-២០១៨ លោក​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សុំ​ខ្ចី​ពី​អង្គការសហប្រជាជាតិ ដើម្បី​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​បាន​និង​កំពុង​ប្រើ​ប្រាស់​សព្វថ្ងៃ។

លោក ហ៊ុន សែន ថា​ទោះបី​ជាមាន​ឬ​គ្មាន​ផែនទី ដែល​ត្រូវបាន​យកទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​យ៉ាងណា​ក្តី ក៏ប៉ុន្តែ​ការវិវត្ត​ចុងក្រោយ​គឺ​ផែន​ទី​ដទៃ​ផ្សេងទៀត​ដែល​មាន​ចំនួន​១៨​ផ្ទាំង ជា​ផែនទី​ដែល​កម្ពុជា​បាន​ប្តឹង​ពាក់ព័ន្ធ​ទៅនឹង​ការ​ដែល​គេ​ទំលាក់​គ្រាប់បែក​លើទឹក​ដី​កម្ពុជា ដែល​នឹង​ទទួល​បាន​នៅពេល​ខាងមុខ។

តាម​លោក​ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក​នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​មន្ត្រី​ថា សូម​កុំ​យក​មក​តាម​របៀប​ស្ងាត់ស្ងៀម គឺ​ធ្វើ​ម៉េច​ត្រូវ​បើក​ឲ្យ​មាន​តម្លាភាព ដោយ​ត្រូវ​អញ្ជើញ​ខាង​រាជ​បណ្ឌិតសភា​ដែល​កំពុង​បង្កើត​ក្រុម​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​អំពី​បញ្ហា​ផែនទី រួមទាំង​បក្ស​ប្រឆាំង​ផងដែរ​ប្រសិន​បើ​គេ​ចង់​ចូលរួម​។

សូម​បញ្ជាក់​ថា បញ្ហា​ព្រំដែន​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ច្រើន​ចំណុច​ជាមួយ​វៀតណាម ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សរសេរ​លិខិត​ស្នើសុំ​កិច្ច​សហការ​ពី​អង្គការ​សហប្រជាជាតិ និង​ប្រទេស​មហា​អំណាច​ចំនួន​បី​គឺ​អាមេរិក បារាំង និង​អង់គ្លេស ដើម្បី​សុំ​ខ្ចី​ផែន​ទីបោន​របស់​កម្ពុជា​ខ្នាត ១​លើ​១​រយ​ពាន់។ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​នៅ​មិនទាន់​ឃើញ​មាន​ឆ្លើយ​តប​ពី​ខាង​ណា​មួយ​នៅ​ឡើយ​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ការ​ប្រកាស​ទិញ​ផែន​ទី​ពី​ប្រទេស​បារាំង​តម្លៃ​ប្រមាណ​ជា​១៦៨​ដុល្លារ របស់​លោក សម រង្សី បាន​បង្ក​ជា​ប្រតិកម្ម​ពី​សំណាក់​គណបក្ស​កាន់​អំណាច​ថា​ជាការ​មើល​ងាយ​ការងារ​ព្រំដែន​រដ្ឋាភិបាល ហើយ​ពេល​នេះ​ក៏​បាន​ស្ងប់ស្ងាត់​ទៅវិញ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ