អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​៧ឡាន​ខាន​មក​ដាក់​ញត្តិ និង​បណ្ដឹង​ ​នៅ​រដ្ឋសភា​នា​រសៀល​នេះ

ព្រឹក​នេះ អ្នក​ភូមិ​ប្រហែល​២០០នាក់​នៅ​ខេត្ត​ស្វាយរៀង ​បាន​ខក​ដំណើរ​មក​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ ​និង​បណ្ដឹង នៅ​រដ្ឋសភា​កម្ពុជា ទាក់ទង​នឹង​វិវាទ​ដី​ធ្លី​របស់​ពួកគេ។ បើ​តាម​ប្រភព រថយន្ត​ប្រភេទ​ទេសចរណ៍​ចំនួន​៧​គ្រឿង ​ដែល​ដឹក​អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំង​នោះ ត្រូវ​បាន​ស្កាត់​ដោយ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ ខណៈ​ដែល​ពលរដ្ឋ​ខ្លះ​ទៀត​បាន​ឆ្លង​ផុត​របាំង​សមត្ថកិច្ច​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​នោះ។

សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC) បាន​រៀបចំ​កិច្ច​ប្រជុំ​យុទ្ធសាស្រ្ត​ និង​វិធី​សាស្រ្ត​ក្នុង​ការ​តស៊ូ​មតិដើម្បី​ជម្រុញ​ ការ​​ដោះស្រាយ​បញ្ហា​ដី​ធ្លី​របស់​កសិករ នៅក្នុងសហគមន៍កសិករសាមគ្គីចេកមាសនិងសហគមន៍សំោរោងមានជ័យ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC) បាន​រៀបចំ​កិច្ច​ប្រជុំ​យុទ្ធសាស្រ្ត​ និង​វិធី​សាស្រ្ត​ក្នុង​ការ​តស៊ូ​មតិដើម្បី​ជម្រុញ​ ការ​​ដោះស្រាយ​បញ្ហា​ដី​ធ្លី​របស់​កសិករ នៅក្នុងសហគមន៍កសិករសាមគ្គីចេកមាសនិងសហគមន៍សំោរោងមានជ័យ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ @CCFC
ផ្សាយពាណិជ្ជកម្ម

លោក ថេង សាវឿន អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បាន​ស្ទាក់​ដំណើរ​រថយន្ត​៧​គ្រឿង ដែល​ត្រូវ​ដឹក​កសិករ​ប្រហែល​២០០នាក់​ ពី​ស្រុក​រមាស​ហែក​ ឆ្ពោះ​មក​រាជធានី​ភ្នំពេញ។

អ្នក​មាន​ជម្លោះ​ដី​ធ្លី​នៅ​ស្រុក​រមាសហែក ​ខេត្ត​ស្វាយរៀង​ទាំង​នោះ ​បាន​ប៉ុនប៉ង​មក​ជួប​កសិករ​មួយ​ចំនួន​ទៀត ដែល​មក​ពី​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង និង​មក​ពី​ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ ដើម្បី​ដាក់​ញត្តិ​ និង​បណ្ដឹង​ នៅ​រដ្ឋសភា​កម្ពុជា ទាក់ទង​នឹង​បញ្ហា​ដី​ធ្លី។

លោក ចិន សាធាន នាយរង​រដ្ឋបាល​សាលា​ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​ប្រាប់​ថា​ សមត្ថកិច្ច​ស្រុក​រមាសហែក បាន​ឃាត់​រថយន្ត​របស់​អ្នក​ភូមិ​មែន ប៉ុន្តែ​គឺ​ដើម្បី​ទុក​ឱ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​រវាង​អ្នក​ស្រុក និង​ក្រុមហ៊ុន អិន ខេ វ៉ិនឈើ (NK Ventures) នៅ​ថ្នាក់​មូលដ្ឋាន។ ប៉ុន្តែ មន្ត្រី​សាលាខេត្ត​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា​ សមត្ថកិច្ច​មិន​អាច​ទប់​ស្កាត់​ពួកគេ​បាន​ទាំង​អស់​គ្នា​ទេ។

សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ដែល​រៀបចំ​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​កសិករ​៦៥០នាក់ នៅ​មុខ​រដ្ឋសភា​កម្ពុជា នា​រសៀល​នេះ បាន​អះអាង​ថា មាន​អ្នក​ភូមិ​ជិត​៥០០នាក់ ក្នុង​នោះ​មាន​អ្នក​ខេត្ត​តាកែវ​ជា​កម្លាំង​ជំនួយ​ផង នឹង​អាច​ដាក់ញត្តិ និង​បណ្ដឹង​របស់​ពួកគេ​ជូន​សមាជិក​សភា​បាន។

ការ​ធ្វើ​ដំណើរ​មក​ដាក់ញត្តិ ​និង​បណ្ដឹង នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ស្នើ​អ្នក​តំណាង​រាស្ត្រ​ចុះ​ស៊ើប​អង្កេត​ និង​ធ្វើ​អន្តរាគមន៍​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​នោះ កើតឡើង​បន្ទាប់​ពី​អ្នក​ភូមិ​១៨៤៧​គ្រួសារ​មិន​ទទួល​បាន​ដំណោះស្រាយ និង​សិទ្ធិ​កាន់​កាប់​ដី​ធ្លី ពី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ