អានតួអត្ថបទ
កម្ពុជា

ពីរសប្តាហ៍ ស្លាប់៩នាក់​ដោយសារ​មីន​នៅ​បាត់ដំបង

ពលរដ្ឋ​អ្នក​ចំការ​៣នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​មីន​ប្រឆាំង​រថក្រោះ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្នុង​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង។ នេះ​ជា​ហេតុការណ៍​សោកនាដកម្ម​មួយថ្មី​ទៀត បន្ទាប់​ករណី​ផ្ទុះ​មីនតោន​បាន​សម្លាប់​មនុស្ស​៦​នាក់​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​តំបន់​ពាយព្យ​នៃ​ខេត្ត​បាត់ដំបង។

ពីរសប្តាហ៍ ស្លាប់៩នាក់​ដោយសារ​មីន​នៅ​បាត់ដំបង
ពីរសប្តាហ៍ ស្លាប់៩នាក់​ដោយសារ​មីន​នៅ​បាត់ដំបង © រូបថត​រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

បុរស៣នាក់​នៅ​ក្នុង​គ្រួសារ​តែមួយ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ឧប្បត្តិហេតុ​ផ្ទុះ​គ្រាប់មីន​ប្រឆាំង​រថក្រោះ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន។ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP បាន​ស្រង់​សម្តី​មន្ត្រី​យោធា​ប្រចាំ​ស្រុក​សំឡូត​ដែល​និយាយ​ហេតុការណ៍​ផ្ទុះ​គ្រាប់​មីន​បាន​កើត​ឡើង​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ខ្លាំង ហើយ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បើក​គោយន្ត​ដឹកពោត​ ហើយ​បាន​កិន​គ្រាប់​មីន​តោន​នៅ​ក្នុង​ដី។ អ្នកដែល​ស្លាប់​មាន​អាយុ ១៧ឆ្នាំ ១៩ឆ្នាំ​ និង​៣០ឆ្នាំ។ ក្រៅ​ពី​មាន​មនុស្ស​ស្លាប់​៣​នាក់ មនុស្ស​២នាក់ទៀត​ក៏​កំពុង​មាន​របួស​ធ្ងន់​ផងដែរ។

ករណី​កិន​មីនតោន​បាន​កើតឡើង​ក្នុង​រយៈពេល​២សប្តាហ៍​ជាប់​គ្នា​នៅ​ក្នុង​ស្រុក​សំឡូត​តែ​មួយ។ កាល​ពី​សប្តាហ៍​មុន គោយន្ត​​ដឹក​មនុស្ស​បាន​កិន​គ្រាប់​មីន​ដែល​បាន​បង្ក​អោយ​មាន​មនុស្ស​ស្លាប់​រហូតដល់​៦​នាក់​​ផង​ដែរ។ សំឡូត​ត្រូវ​បាន​ស្គាល់​ថា ជា​អតីត​សមរភូមិ​សង្គ្រាម​រវាង​រដ្ឋាភិបាល និង​អតីត​ទាហាន​ខ្មែរក្រហម​ក្នុងទស្សវត្សរ៍​៨០ និង​៩០។

លោកឡេង សុជា អនុប្រធាន​ក្រុមប្រឹក្សាភិបាល CMAC បាន​អត្ថាធិប្បាយ​អោយ​ដឹង​ថា តួលេខ​នៃ​ករណី​គ្រោះថ្នាក់​ដោយ​គ្រាន់​មីនប្រឆាំង​រថក្រោះ​បាន​កើន​ឡើង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បន្ទាប់​ពី​ប្រជាជន​អ្នក​ចំការ​មាន​និន្នាការ​ប្រើប្រាស់​គ្រឿង​យន្ត​សម្រាប់​ដឹក​ជញ្ជូន​កាន់​តែ​ច្រើន។ ការ​ប្រើប្រាស់​គ្រឿង​យន្ត ជាពិសេស​នៅ​ក្នុង​រដូវ​ភ្លៀង​ដែល​ដី​មាន​សភាព​ជ្រាយ បាន​ធ្វើ​អោយ​ទំងន់​គ្រឿង​យន្ត​បាន​ធ្លាក់​ដល់​កន្លែង​ដែល​មាន​មីនប្រឆាំង​រថក្រោះ​ស្ថិតនៅ។

បើ​ទោះ​ជា​ករណី​គ្រោះថ្នាក់​ដោយ​គ្រាន់​មីន​ប្រឆាំង​រថក្រោះ ឬ​មីន​តោន​បាន​កើន​ឡើង លោកឡេង សុជា​អះអាង​ថា ចំនួន​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន ជាទូទៅ បាន​ធ្លាក់​ចុះ​ជា​រៀងរាល់​ឆ្នាំ។ យោងតាម​របាយការណ៍​ស្តី​ពី​គ្រាប់​មីន ក្នុង​ឆ្នាំ​២០១១​កន្លងទៅ គ្រាន់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​សម្លាប់ពលរដ្ឋ​ខ្មែរ​៤៣​នាក់ ធ្វើ​អោយ​របួស​១៦៨នាក់ និង​បង្ក​អោយ​ពិការ៣៣​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ