អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អនាគតនៃប្រព័ន្ធជីវចម្រុះ រំពឹងទាំងស្រុងលើឆន្ទៈមនុស្សជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ ទី២៤កុម្ភៈ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្រុមប្រទេសសមាជិក នៃសន្ធិសញ្ញាអន្តរជាតិដើម្បី​ប្រព័ន្ធជីវចម្រុះ បានបើកការប្រជុំពិភាក្សាគ្នា ដើម្បីតាក់តែងនូវអត្ថបទមួយ ដាក់ចុះនូវកម្មវត្ថុ និង វិធានការចាំបាច់ ដើម្បី​ការពារ​ស្រោចស្រង់​​ប្រព័ន្ធ​ជីវចម្រុះ។ យោងតាមរបាយការណ៍ជាច្រើន បានបង្ហាញថា ប្រមាណ​៣ទសវត្សចុងក្រោយនេះ ប្រព័ន្ធជីវ​ចម្រុះ មិនថានៅលើដី ឬក្នុងទឹក សត្វ ឬរុក្ខជាតិ កំពុងតែហិនហោចរិចរិល ឬផុតពូជ ដោយសារតែស្នាដៃរបស់មនុស្ស។ មនុស្សលោកយើង បានភ្លេចថា អាយុជីវិតខ្លួន រាប់តំណទៅមុខ គឺរំពឹងលើ​ប្រព័ន្ធជីវចម្រុះនេះ។ តែកាលណា ប្រព័ន្ធជីវចម្រុះ ត្រូវវិនាស គឺអាយុជីវិតមនុស្ស ក៏ត្រូវជួបហានិភ័យដែរ។

ប្រព័ន្​ធជីវចម្រុះ ហុចផល​ចិញ្ចឹមគ្នា​ទៅវិញ​ទៅមក​
ប្រព័ន្​ធជីវចម្រុះ ហុចផល​ចិញ្ចឹមគ្នា​ទៅវិញ​ទៅមក​ Formiche
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំនៃប្រទេសសមាជិក​សន្ធិសញ្ញាអន្តរជាតិដើម្បី​ប្រព័ន្ធជីវចម្រុះ ដែលដើមឡើយគ្រោងធ្វើនៅ​ទីក្រុងគុនមីង ប្រទេសចិន បានលើកមកធ្វើនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីវិញ ដោយសារតែបញ្ហាមេរោគកូរ៉ូណា​។ បើកទ្វារកាលពីថ្ងៃចន្ទ ទី២៤កុម្ភៈ ប្រទេសសមាជិកទាំង១៣៥ប្រទេស មានពេលរហូតដល់ថ្ងៃទី​២៩​កុម្ភៈ ដើម្បី​តាក់តែង​ឲ្យបាន នូវអត្ថបទមួយ​ ដែលមានខ្លឹមសារ កំណត់កម្មវត្ថុទិសដៅ ព្រមទាំងអនុសាសន៍​ជាវិធានការចាំបាច់ ដើម្បីអភិរក្ស និងស្រោចស្រង់ឡើងវិញ នូវប្រព័ន្ធជីវចម្រុះទូទាំងពិភពលោក​។

នៅក្នុងសន្និសីទកាសែត មុនបើកសម័យប្រជុំ លោកស្រី Elisabeth Maruma Mrema អគ្គលេខធិការ នៃសន្ធិសញ្ញាអន្តរជាតិ ដើម្បីប្រព័ន្ធជីវចម្រុះ CBD បានលើកឡើងថា « ពេលនេះជាពេលបន្ទាន់ ដែលត្រូវតែមានការបោះជំហានទៅមុខ ក្នុងការជជែកគ្នា »។ លោកស្រី Anne Larigauderie នាយកប្រតិបត្តិនៃវេទិកា​អន្តររដ្ឋាភិបាលដើម្បីប្រព័ន្ធជីវចម្រុះ (IPBES) បានលើកឡើងថា មនុស្សលោកយើងច្រើនតំណមកហើយ មិនដែលមានសម័យកាលណា ដែលបំផ្លេចបំផ្លាញធម្មជាតិ ច្រើន និងលឿនខ្លាំង ដូចសម័យនេះទេ។

គួរកត់សំគាល់ថា វេទិកា​អន្តររដ្ឋាភិបាលដើម្បីប្រព័ន្ធជីវចម្រុះ ដែលប្រមូលផ្តុំអ្នកជំនាញផ្នែកនេះ បានសន្និដ្ឋានកាលពីឆ្នាំ២០១៩កន្លងទៅថា ៧៥% នៃផ្ទៃដី និង៦៦%នៃផ្ទៃទឹកសមុទ្រ ត្រូវបានកែប្រែ ឬធ្វើឲ្យ​ខូច​ ដោយ​សកម្មភាពរបស់មនុស្ស។ ពូជសត្វនិងរុក្ខជាតិប្រមាណ​១លាន​ពូជ កំពុងប្រឈមនឹងការវិនាសផុតពូជ។ ក្រុមអ្នកជំនាញ​បញ្ជាក់ថា ភាពហិនហោច នៃប្រព័ន្ធជីវចម្រុះទាំងនេះ នឹងហុចផលអវិជ្ជមាន មកលើមនុស្សលោកយើង ដែលរស់រំពឹងទៅលើធម្មជាតិ ដូចជា​ខ្យល់ដកដង្ហើម ទឹកសម្រាប់បរិភោគ និងចំណីអាហារ ជាដើម។ល។

ហេតុដូច្នេះហើយ បានជាក្រុមអ្នកជំនាញ បានផ្តោតក្តីសង្ឃឹមទាំងស្រុង ទៅលើការងាររួមគ្នា របស់​ក្រុម​ប្រទេសសមាជិក នៃសន្ធិសញ្ញាអន្តរជាតិ ដើម្បីប្រព័ន្ធជីវចម្រុះ ក្នុងការជំរុញ ឲ្យមានវិធានការរួម និងផ្តល់សន្ទុះដល់ការស្រោចស្រង់ធម្មជាតិ។ ក្នុងឆ្នាំ២០២០នេះដែរ នឹងមានកិច្ចប្រជុំក្របខណ្ឌអង្គការសហប្រជាតិ ដើម្បីការអភិរក្សធម្មជាតិ COP15 នៅទីក្រុងម៉ាកសីប្រទេសបារាំង និងវេទិកាCOP26 ដើម្បីអាកាសធាតុ នៅ​ទីក្រុហ្ក្លាស្កូវ ប្រទេសអង់គ្លេស។ វេទិការអន្តរជាតិធំៗទាំងនេះ គឺជាឱកាស ដែលប្រទេសទាំងអស់ រួមគ្នាកសាងឆន្ទៈ ក្នុងការស្រោចស្រង់ធម្មជាតិ ប្រព័ន្ធជីវចម្រុះ។

សូមបញ្ជាក់ថា កាលពីពាក់កណ្តាលខែមករា ក្រុមការងារសន្ធិសញ្ញាអន្តរជាតិដើម្បីប្រព័ន្ធជី​វចម្រុះ បានបញ្ចេញ​អត្ថបទគ្រោងរបស់ខ្លួន ដែលកំណត់អំពីការអភិរក្ស និង​ការស្រោចស្រង់ឡើងវិញ នូវប្រព័ន្ធជីវ​ចម្រុះ ពីនេះដល់ឆ្នាំ២០៥០។ ផ្នែកទីមួយ ដែលមានកម្រាស់១២ទំព័រ ផ្តោតសំខាន់ ទៅលើការកំណត់កម្មវត្ថុ ដែលត្រូវសម្រេចឲ្យបាន។ ចំណែកផ្នែកផ្សេងទៀត មានកំណត់អំពីវិធានការជាក់ស្តែង ដែលត្រូវធ្វើ ដើម្បីឈានទៅសម្រេចកម្មវត្ថុ និង​ការតាមដាន​ការអនុវត្តន៍ការងារ ប្រកបដោយតម្លាភាព។

ចំពោះកម្មវត្ថុគោល ដែលត្រូវសម្រេចឲ្យបាន គឺមានដូចជា ការបង្កើត និងពង្រីកតំបន់អភិរក្ស ឲ្យបានយ៉ាងហោច ទំហំ​៣០% នៅលើផ្ទៃដី នៅតំបន់សមុទ្រ និង​យ៉ាងហោច១០%​ ដែលជាតំបន់ការពារដាច់ខាត​។ កម្មវត្ថុមួយទៀត គឺការកាត់បន្ថយឲ្យបាន​ ៥០% នូវការបំពុលបរិស្ថាន ក្រោមរូបភាពផ្សេងៗ ដូចជា​ការប្រើប្រាស់ជីគីមី ទៅលើដី ឬទៅលើដំណាំ ការប្រើប្រាស់សារធាតុពុល​សម្លាប់សត្វល្អិត ការប្រើប្រាស់ផលិតផលធ្វើពីធាតុប្លាស្ទិកជាដើម។ ការកាត់បន្ថយនូវការបញ្ចេញឧស្ម័នពុល ដែលជាប្រភពនៃការកើនឡើងកំដៅផែនដី ក៏គឺជាកម្មវត្ថុមួយសំខាន់ដែរ។

លោកស្រី Louisa Carron តំណាងអង្គការ Greenpeacce បានលើកឡើងថា នេះគឺជាការបោះគ្រិះមួយ ដ៏សំខាន់ក្នុងការស្រោចស្រង់ភពផែនដី។ លោក Alexandar Rankovic អ្នកជំនាញម្នាក់ នៅវិទ្យា​ស្ថានដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា កម្មវត្ថុទាំងនេះ គឺជា​មូលដ្ឋាន​គ្រិះ​ ដែលប្រទេសសមាជិក ត្រូវតែគោរព​ឲ្យខាងតែបាន។

ដោយឡែក លោកស្រី Li Lin មន្ត្រីជំនាញរបស់អង្គការ WWF International បាន​យល់ឃើញថា ខ្លឹមសារគោលនៃអត្ថបទនេះ មិនបាន​និយាយចូលឲ្យស៊ីជម្រៅ ដល់មូលហេតុនៃការខូចរិចរិល នៃប្រព័ន្ធជីវចម្រុះឡើយ ជាក់ស្តែង ដូចជាប្រព័ន្ធផលិតចំណីអាហារ និងទំលាប់ប្រើប្រាស់ទំនិញគ្រប់សព្វសារពើ របស់មនុស្សសម័យទំនើប។ លោកស្រីបន្ថែមថា បង្អង់ការបំផ្លាញ​ប្រព័ន្ធជីវចម្រុះ មិនទាន់គ្រប់គ្រាន់ទេ គឺត្រូវរៀបចំកសាង បង្កើតឡើងវិញនូវ​ដែនជំរកធម្មជាតិ សម្រាប់សម្រាប់សត្វនិងរុក្ខជាតិ។

ចំណែក លោក Li Shuo មកពីអង្គការ Greenpeace បានលើកឡើងថា លោកសង្ឃឹមថា អត្ថបទថ្មីដែលគេកំពុងតែចរចាគ្នា ក្នុងក្របខណ្ឌសន្ធិសញ្ញាអន្តរជាតិ ដើម្បីប្រព័ន្ធជីវចម្រុះនេះ  នឹង​មានភ្ជាប់ជាមួយ​ នូវការតាមដាន បូកសរុបការងារ ឲ្យបានខ្ជាប់ខ្ជួន។ ការ​មានទស្សនៈវិស័យកម្មវត្ថុ ជារឿងល្អហើយ តែវាមិនធានាថា ការអនុវត្តន៍ជាក់ស្តែង នឹងបានជោគជ័យដូចអ្វីដែលគ្រោងទុកទេ។ អ្នកជំនាញរូបនេះបន្ថែមថា ផ្តើមចេញពីកម្មវត្ថុគោល គេត្រូវតែដាក់ចុះនូវវិធានការ អនុវត្តនៅតាមប្រទេសនីមួយៗ ឲ្យឃើញជាក់ស្តែង​​។

ជាការពិតណាស់​ វេទិការប្រជុំកំណត់​ទិសដៅធំៗ ដើម្បីអភិរក្ស ស្រោចស្រង់ប្រព័ន្ធជីវចម្រុះ របៀប​នេះ បានធ្វើច្រើនដងមកហើយ។ ជាក់ស្តែង កាលពីឆ្នាំ២០១០ ដែលគេបានកំណត់កម្មវត្ថុជាច្រើន​ ប៉ុន្តែដោយគ្មានយន្តការតាមដាន កម្មវត្ថុទាំងនោះ គ្មាននរណាម្នាក់គោរពឡើយ។ តែយ៉ាងណាក៏ដោយ លោកស្រីអគ្គលេខាធិការសន្ធិសញ្ញាអន្តរជាតិដើម្បីប្រព័ន្ធជីវចម្រុះ បានធានាអះអាងថា គេបានដកស្រង់បទពិសោធន៍ ពីបរាជ័យកាលពីពេលមុន ដើម្បីធ្វើវាឲ្យបានជោគជ័យសម្រាប់លើកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ