អានតួអត្ថបទ
កម្ពុជា សង្គម

លោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើ៣នាក់ទៀត ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរខេត្តក្រចេះ

លោក អ៊ូច ឡេង ​និង​សកម្មជន​ការពារព្រៃឡង់​ចំនួន​៣​នាក់ទៀត​ ត្រូវ​បាន​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយឈ្មោះ ​ស៊ីងបាយអូតិក​ (Think Biotech) ​ចាប់ឃាត់ខ្លួន ​កាលពីព្រឹក​ថ្ងៃទី​១៣ មីនា​ និង​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​អធិការដ្ឋាននគរបាលស្រុក​សំបូរ​ខេត្តក្រចេះ​។​ បច្ចុប្បន្ន ​អតីត​ម្ចាស់ពានរង្វាន់​វីរជន​បរិស្ថាន​ Goldman​ Environmental​ Prize​ និង​អ្នក​ការពារព្រៃឈើ​ទាំង​៣​នាក់ទៀត​ កំពុង​ស្ថិត​នៅ​ក្នុងការ​ចោទសួរពី​អាជ្ញាធរស្រុក​សំបូរ​ខេត្តក្រចេះ ​ក្រោមការ​ឃ្លាំមើល​យ៉ាងយកចិត្តទុកដាក់ ​ពីអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅកម្ពុជា​។—

លោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាពានរង្វាន់​វីរជនបរិស្ថាន ​The Goldman Environmental Prize ​ឆ្នាំ ២០១៨។ ​
លោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាពានរង្វាន់​វីរជនបរិស្ថាន ​The Goldman Environmental Prize ​ឆ្នាំ ២០១៨។ ​ © FB
ផ្សាយពាណិជ្ជកម្ម

បើតាម​សេចក្តីរាយការណ៍ ​លោក អ៊ូច ឡេង​ និង​សកម្មជនការពារព្រៃឡង់​សរុប៣នាក់ទៀត ​បាន​ស្ថិត​នៅក្រោម​ការ​សាកសួរ​ពី​អាជ្ញាធរស្រុក​និង​ព្រះរាជអាជ្ញារង​ខេត្តក្រចេះ ​នៅ​ព្រឹកថ្ងៃទី​ ១៤​ មីនា​នេះ​។​ លោក អ៊ូច ឡេង​ រួមទាំង​សមាជិក​បណ្ដាញ​អ្នកការពារព្រៃឡង់​៣​នាក់ទៀត​ ដែល​មាន​ឈ្មោះ ​ខេម សុឃី លោក​ស្រី ថី ​ និង លោក​មេន ម៉ាត់ ​ត្រូវបាន​បុគ្គលិកក្រុមហ៊ុន​សម្បទានដី​មួយ​ឈ្មោះ​ថា ​ស៊ីងបាយអូតិក​ (Think Biotech) ​ចាប់​ឃាត់​ខ្លួន ​កាល​ពី​ព្រឹកថ្ងៃទី​១៣​ មីនា​ នៅ​ចំណុច​ដំបូកស ​ភូមិរមួល​ ឃុំបឹងចា​ ស្រុកសំបូរ ​ខេត្ត​ក្រចេះ។​ ការចាប់ឃាត់ខ្លួន​នេះ ​ត្រូវបាន​បុគ្គលិក​ក្រុមហ៊ុន​ខាងលើអះអាងថា ​លោក អ៊ូច ឡេង ​រួមទាំងសមាជិក​បណ្ដាញ​អ្នកការពារព្រៃឡង់​៣​នាក់ទៀត​ បាន​ចូល​ទៅ​ក្នុង​បរិវេណ​ដីក្រុមហ៊ុន​ និង​បាន​ថតរូបភាព​ផ្សេងៗ ​ដោយ​គ្មាន​ការ​អនុញ្ញាត​។

យ៉ាងណាក្តី ​លោក សាំង សែនករុណា ​អ្នកនាំពាក្យ​សមាគមការពារ​សិទ្ធិមនុស្ស​អាដហុក ​បានថ្លែងថា​ ក្នុងពេល​ចាប់ខ្លួន​នោះ ​លោក អ៊ូច ឡេង ​មិនបាន​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ខាងលើ​នេះ​ទេ​។ ​លោក អ៊ូច ឡេង ​គឺ​ស្ថិត​នៅក្នុង​ផ្ទះប្រជាពលរដ្ឋ​ម្នាក់​។ ​លោក សាំង សែនករុណា ​នៅមិនទាន់​ធ្វើសេចក្តីសន្និដ្ឋាន​យ៉ាងណានៅ​ឡើយទេ​ ចំពោះ​សំណុំរឿង​នេះ​។ ​ប៉ុន្តែលោក​បាន​លើកឡើងថា ​ចេតនា​របស់លោក ​អ៊ូច ឡេង ​និងសកម្មជន​ការពារព្រៃឈើ​ខាងលើនេះ ​ទំនង​ដើម្បី​ស្វែង​រកបទល្មើសព្រៃឈើ​តែ​ប៉ុណ្ណោះ។​ យ៉ាងណាក្តី លោ​ក​រួមជាមួយ​តំណាងអង្គការ​សិទ្ធិមនុស្សលីកាដូ ​និង​អង្គការសង្គមស៊ីវិល​ផ្សេងទៀត​ កំពុងឃ្លាំមើល​សំណុំរឿងនេះ ​យ៉ាងយកចិត្តទុកដាក់​បំផុត​។

លោក អ៊ូច ឡេង ​ប្រធាន​អង្គការកិច្ចការពិសេស​សិទ្ធិមនុស្ស​កម្ពុជា គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​សកម្មជនការពារព្រៃឈើ​និងបរិស្ថាន៥​នាក់​ផ្សេង​ទៀត ដែល​បាន​ទទួល​ពាន​រង្វាន់វីរជនបរិស្ថាន ​ The Goldman Environmental  Prize ពី​សហរដ្ឋអាមេរិក ​កាលពីឆ្នាំ ​២០១៨។

បើ​​តាម​​សេចក្តីរាយការណ៍ ​ក្នុងពេលចាប់ឃាត់ខ្លួន​ដោយបុគ្គលិក​ក្រុមហ៊ុន ​ស៊ីងបាយអូតិក​ (Think Biotech) ​កាលពីថ្ងៃ​ម្សិលមិញ ​លោក អ៊ូច ឡេង ​រួមទាំង​សមាជិកបណ្តាញ​សហគមព្រៃឡង់​ខេត្តក្រចេះ៣នាក់​ទៀត ​បានរងនូវអំពើហិង្សា​នៅក្នុងក្រុមហ៊ុន​នោះទៀតផង​។ ​បើតាម​លោក ហេង ស្រស់​ ដែលជាសហការី​របស់លោក អ៊ូច ឡេង វិញ​បានថ្លែងថា ​«លោក អ៊ូច ឡេង ​និង​ប្រជាពលរដ្ឋខាងលើ ​បានចុះទៅតំបន់​នោះ​ ដើម្បីប្រមូលព័ត៌មាន ​តើថា​ក្រុមហ៊ុននោះ ​បានកាប់​ឈើ​យកមកពីតំបន់​ព្រៃឡង់​ដែរឬទេ?​

យ៉ាង​ណាក៏ដោយ ​គិតត្រឹមរសៀលថ្ងៃសៅរិ៍​នេះ លោក អ៊ូច ឡេង ​និងអ្នកការពារព្រៃឈើទាំង៣នាក់ទៀត នៅមិនទាន់​ដោះលែង​ឲ្យមានសេរីភាពវិញ​នៅឡើយទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ