អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកើនត្រឹមតែ២,២%ក្នុងឆ្នាំ២០២១ និងរំពឹង៤,៥%ក្នុងឆ្នាំ២០២២ខាងមុខ

ធនាគារ​ពិភពលោក​នៅព្រឹក​ថ្ងៃចន្ទនេះបា​នព្យាករថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ​២០២១​នេះត្រូវបាន​កែសម្រួល​មកនៅត្រឹម​អត្រា ២,២​ភាគរយ​ប៉ុណ្ណោះ។កា​រធ្លាក់ចុះ ​បើទោះបី​ជាការនាំចេញ​របស់​កម្ពុជា​ផ្ទាល់មានភាព​រឹងមាំ ​និងគាំទ្រដោយ​លក្ខខណ្ឌត​ម្រូវការ​ខាងក្រៅល្អ​ក៏ដោយ។​ បន្ថែមពីនេះ​ សម្រាប់​ឆ្នាំ២០២២​ខាងមុខ​ ធនាគារ​ពិភពលោក​ក៏បានរំពឹងថា​ សេដ្ឋកិច្ច​កម្ពុជា​អាចមាន​ការកើនឡើង​ចំនួន ៤​,៥ភាគរយ​។​ ជាមួយគ្នានេះ​ ធនាគារ​ពិភពលោក​បានស្នើឱ្យ​កម្ពុជា​ដោះស្រាយ​បញ្ហាជាប់​គាំងលើផ្នែក​ផ្គង់ផ្គង់​ និងព្យាយាម​ទាញប្រយោជន៍​ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ដើម្បី​ធានាបាន​កំណើន​សេដ្ឋកិច្ចល្អ​។

ឡូហ្គូធនាគារពិភពលោក និងទង់ជាតិប្រទេសកម្ពុជា (រូបតំណាង)
ឡូហ្គូធនាគារពិភពលោក និងទង់ជាតិប្រទេសកម្ពុជា (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងរបាយការណ៍ចំនួន២សន្លឹកដែលចេញផ្សាយដោយធនាគារពិភពលោកនៅថ្ងៃចន្ទទី២៨កញ្ញានេះ​បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ ​អាចមានសន្ទុះងើបឡើងបានត្រឹមតែ២,២ភាគរយប៉ុណ្ណោះ ដែលចំនួននេះគឺ ជាការកែសម្រួលចុះពីការព្យាករណ៍ទស្សនៈវិស័យម៉ាក្រូសេដ្ឋកិច្ចចំនួន៤,០ភាគរយកាលពីអំឡុងខែមេសាឆ្នាំ២០២១កន្លងទៅ។ ជុំវិញកំណើន ២,២ភាគរយ​នេះ ត្រូវបានធនាគារពិភពលោកបញ្ជាក់ថា ដោយសារកម្ពុជាកំពុងរងគ្រោះពីមេរោគបំប្លែងថ្មីប្រភេទ(ដែលតា) និងបើទោះបីជា វិស័យកសិកម្ម ការនាំចេញទំនិញ និងការវិនិយោគរបស់កម្ពុជានៅមានភាពធន់ក៏ដោយ។

ជាក់ស្តែង របាយការណ៍ខាងដើមបានលើកឡើងថា កំណើនតិចតួចនេះ គឺកើតឡើងដោយសារការបង្អាកពីវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យដែលនៅកំពុងបន្តរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ១៩  និងភាពមិនទាន់ច្បាស់លាស់របស់កម្ពុជាទៅលើទស្សនវិស័យគ្រប់គ្រងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច។

តែយ៉ាងណា បើតាមធនាគារពិភពលោក កម្ពុជានឹងបានទទួលបានកំណើនសេដ្ឋកិច្ចចំនួន៤,៥ភាគរយក្នុងឆ្នាំ២០២២ខាងមុន។

សម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ចក៏រុំាំរ៉ៃនេះ ធនាគារពិភពលោកបានស្នើឱ្យកម្ពុជាត្រូវតែចាត់វិធានការ​រឹងមាំមួយជាក់លាក់ ដោយត្រូវពង្រឹងភាពប្រកួតប្រជែងខាងក្រៅ ក៏ដូចជាជម្រុញដល់ផ្នែកផលិត និងការនាំចេញ ជាពិសេសទាញយកផលប្រយោជន៍ពីច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន។ បន្ថែមពីនេះ​ កម្ពុជាត្រូវដោះស្រាយបញ្ហារាំងស្ទះពីផ្នែកផ្គត់ផ្គង់ ដោយកាត់បន្ថយការចំណាយលើអាជីវកម្ម ភស្តុភារ និងថាមពល។ ក្នុងនោះ កម្ពុជាក៏ត្រូវលុបបំបាត់ភាពមិនទន់ភ្លន់ ក្នុងការអនុវត្តបទបញ្ញាតិ្តសំខាន់ៗទាក់ទងនឹងការងារ ដែលបង្កជាការកក់ស្ទះដល់ភាពរឹងមាំនៃការងើបឡើងវិញរបស់ទីផ្សារការងារ។ 

សូមរំលឹកថា កាលពីសប្តាហ៍កន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក៏បានព្យាករណ៍ទម្លាក់​សេដ្ឋកិច្ច​កម្ពុជា​មកនៅត្រឹម​កំណើន​១,៩% នៅឆ្នាំ២០២១ ដោយថយចុះពីការព្យាករណ៍៤ភាគរយក្នុងដើមខែមេសា ឆ្នាំ២០២១។ការកែសម្រួលកំណើនសេដ្ឋកិច្ច ដោយសម្អាងថា បញ្ហា​រាតត្បាត​កូវីដ១៩​នៅតែបន្ដ​អូសបន្លាយយូរ​ដែលបង្កផលប៉ះពាល់​ដល់​​សកម្មភាពសេដ្ឋកិច្ច និងការផ្អាកដំណើរការ​រោងចក្រ​ជាដើម។ ក្នុងនោះADBក៏បានបង្ហាញការព្យាករណ៍របស់ខ្លួនថែមទៀតថា សេដ្ឋកិច្ចកម្ពុជានឹងអាចកើនឡើងរហូតដល់៥ ៥ភាគរយក្នុងឆ្នាំ២០២២ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ