អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

IMF ព្យាករសេដ្ឋកិច្ចកម្ពុជាប្រហាក់ប្រហែលADB និងWB ទាំងកំណើនឆ្នាំ២០២១ និងឆ្នាំ២០២២

មូលនិធិរូ​បិយវត្ថុ​អន្តរជាតិ​(IMF)​ បានវាយ​តម្លៃថា​សេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ​២០២១ ​មានកំណើនខ្ពស់​ជាងមុន​ ក្នុងអត្រា​២,២% ​ហើយនឹង​បន្តងើបឡើង​ក្នុងរង្វង់​ប្រមាណ​ ៥% ​ដោយសារការ​រំពឹងទុក​ការបន្ត​ងើបឡើង​នៃតម្រូវ​ការសកល។​ ការព្យាករ​ឡើងវិញ​របស់ IMF​ដូច្នេះ ​បានធ្វើឡើងតា​មរយៈកិច្ច​ប្រជុំ​បូកសរុប​ការងារ​របស់​ក្រុមបេសកកម្ម ​Article IV​ នៃមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​លើការ​វាយតម្លៃលើ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ​កាលពីថ្ងៃចន្ទ​។ ​នេះបើតាម​សេចក្តី​ប្រកាសរបស់​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​កម្ពុជា។​

IMF-ASIA/
IMF-ASIA/ REUTERS - Johannes Christo
ផ្សាយពាណិជ្ជកម្ម

តាមរយៈកិច្ចប្រជុំអនឡាញ ដែលមានការចូលរួមពីលោករដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា អូន ព័ន្ធមុនីរ័ត្ន និងប្រធានបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)ផងនោះ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ ត្រូវបានព្យាករជាថ្មីដោយសា្ថប័នIMF ថាមានកំណើន ២,២% ដោយសារ មានការគាំទ្រដោយនិន្នាការល្អជាងការរំពឹងទុក នៃវិស័យកម្មន្តសាល និងវិស័យកសិកម្ម ដែលជំរុញដោយភាពរឹងមាំ នៃតម្រូវការខាងក្រៅ ខណៈវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រងផលប៉ះទង្គិចដោយសារ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»

ទន្ទឹមគ្នានេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ៥% ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុកការបន្តងើបឡើងនៃតម្រូវការសកល ការបន្តសក្តានុពលកំណើន នៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការកើនឡើងសន្សឹមៗ នៃវិស័យគាំទ្រផ្សេងទៀត ព្រមទាំងប្រសិទ្ធភាព នៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស «ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩»។ នេះបើតាម IMF។

កំណើន ២,២%នេះ គឺដូចគ្នាទៅនឹងការព្យាករដោយធនាគារពិភពលោក(Worl Bank) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ថាកំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ​២០២១​នេះ ត្រូវបាន​កែសម្រួល​មកនៅត្រឹម​អត្រា ២,២%​ប៉ុណ្ណោះ។​ក៏ប៉ុន្តែធនាគារ​ពិភពលោក​ក៏បានរំពឹងថា​ សេដ្ឋកិច្ច​កម្ពុជា​អាចមាន​ការកើនឡើង​ចំនួន ៤​,៥% សម្រាប់​ឆ្នាំ២០២២​ខាងមុខ​ ជាមួយនឹងការស្នើឱ្យ​កម្ពុជា​ដោះស្រាយ​បញ្ហាជាប់​គាំងលើផ្នែក​ផ្គង់ផ្គង់​ និងព្យាយាម​ទាញប្រយោជន៍​ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ​ដើម្បី​ធានាបាន​កំណើន​សេដ្ឋកិច្ចល្អ​។

កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅ ធនាគារ​អភិវឌ្ឍន៍​អាស៊ី(​ADB) បានព្យាករថា​ សេដ្ឋកិច្ច​កម្ពុជា ​នឹងមាន​កំណើនត្រឹម​១,៩% ​ក្នុងឆ្នាំ​២០២១​ ដោយសារ​ការអូសបន្លាយ​នៃជំងឺ​កូវីដ-១៩​។ ​គឺជាការ​ព្យាករ​ដែលទាញថយ​ក្រោយវិញ​ បន្ទាប់ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយនេះ ​បានព្យាករ​កាលពីខែ​មេសា​កន្លងទៅថា ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២១នេះ ​នឹងឡើងដល់​៤%។​ ក៏ប៉ុន្តែ ​ADB​ រំពឹងថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា ​នឹងងើបឡើងវិញ​ក្នុងកម្រិត​៥,៥% ​នៅឆ្នាំ​២០២២ ប្រហាក់ប្រហែលនឹង IMF ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ