អានតួអត្ថបទ
កម្ពុជា-កិច្ចព្រមព្រៀងទីក្រុងប៉ារីស

លោកហ៊ុន សែន ព្រមានវាយខ្នោះអ្នកបកស្រាយខុសពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅ​នឹង​អ្នក​អត្ថាធិប្បាយ​ដែល​បាន​រិះគន់​ថា ​ការ​កែរដ្ឋធម្មនុញ្ញ​ពី​សំឡេង​២/៣មក​ជា​៥០​បូក​១ ​គឺ​ខុស​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។​ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​ទីស្តី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ លោក​ហ៊ុន សែន បាន​ហៅការ​រិះគន់​បែប​នេះ​ថា ជាប្រមាថ ហើយ​ព្រមាន​ឱ្យអាជ្ញា​ធរសមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ បើសិន​នៅបន្ត​លើក​ឡើង​ខុសពី​ការពិត​នេះទៀត។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន © FB/SMP
ផ្សាយពាណិជ្ជកម្ម

វា គឺជារឿងដ៏«អាក្រក់អាក្រីណាស់» វា គឺជាការ«ប្រមាថ» ដល់ស្ថាប័នកំពូលៗរបស់ជាតិ និងព្រះមហាក្សត្រកម្ពុជាផង។ ទាំងនេះ គឺជាអ្វី ដែលលោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិយាយខ្លាំងៗទៅកាន់អ្នកអត្ថាធិប្បាយ ដែលរិះគន់ថា ការកែរដ្ឋធម្មនុញ្ញពីសំឡេង២/៣ មក ៥០បូក១ ជារឿងខុសនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ឆ្នាំ១៩៩១។ ការកែរដ្ឋធម្មនុញ្ញពីសំឡេង២/៣ មក៥០បូក១នេះ គឺធ្វើឡើងនៅក្នុងឆ្នាំ២០០៦ ដែលកែមកជាយ៉ាងនេះថា បើមានសំឡេងគាំទ្រលើសពី៥០ភាគរយ នៅក្នុងរដ្ឋសភា គឺអាចបង្កើតរដ្ឋាភិបាលបានហើយ។

ប្រតិកម្មខ្លាំងៗរបស់នាយកដ្ឋមន្រ្តីកម្ពុជានេះ មិនបានចុចឱ្យចំឈ្មោះបុគ្គលណា ឬក្រុមណាមួយទេ ប៉ុន្តែលោកទំនងជាចង់សំដៅទៅលើអ្នកអត្ថាធិប្បាយក្នុងស្រុកមួយរូប ដែលតែងតែលើកឡើងទាក់ទងទៅបញ្ហាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ អ្នកអត្ថាធិប្បាយរូបនោះ បានលើកឡើងថា ការកែរដ្ឋធម្មនុញ្ញពីសំឡេង២/៣ មកជា៥០បូក១ របស់រដ្ឋសភាជាតិ គឺខុសនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ប៉ុន្តែ សម្រាប់លោកនាយរកដ្ឋមន្រ្តី ហ៊ុន សែន វិញ លោកចោទសួរទៅវិញថា តើខុសត្រង់ណាទៅ បើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបានចែងតម្រូវឱ្យរដ្ឋធម្មនុញ្ញកម្ពុជាត្រូវតែប្រើប្រាស់សំឡេង២/៣ ជាដាច់ខាតឯណាផងនោះ។

ស្របទៅនឹងការបកស្រាយបែបនេះ លោកហ៊ុន សែន ក៏បានព្រមានកុំអ្នកអត្ថាធិប្បាយ​បកស្រា​យព្រហើនដូច្នេះ។ លោកសង្កត់ធ្ងន់ថា ការបកស្រាយដោយចោទថា រដ្ឋសភាធ្វើខុសនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺគេមានសិទ្ធិទៅវាយខ្នោះ យកទៅអនុវត្តតាមផ្លូវច្បាប់ហើយ។

ជាមួយគ្នានេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានឆ្លើយតបទៅនឹងការរិះគន់ និងការចង់ឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស មកគ្របដណ្តប់លើបញ្ហាកម្ពុជា ឬចង់សើរើកិច្ចព្រមព្រៀងនេះឡើងវិញផងដែរ។ តាមលោក ហ៊ុន សែន ការចង់បានបែបហ្នឹង គឺមិនខុសនឹងការចង់ហៅបរទេសមកឱ្យត្រួតត្រាលើប្រទេសកម្ពុជាឡើងវិញនោះទេ។

ប៉ុន្តែ ទោះបីជាការចង់បានបែបនេះក្តី បែបនោះក្តី និងរិះគន់បរិហារយ៉ាងណាក៏ដោយចុះ ក៏លោកនៅតែអនុវត្តទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាដដែល ព្រោះខ្លឹមសារទាំងប៉ុន្មាន ដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺបានបញ្ចូលមកក្នុងរដ្ឋធម្មនុញ្ញអស់ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ