អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារពិភពលោកដាក់ក្តីរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៤.៥% ក្នុងឆ្នាំ២០២២

ធនាគារ​ពិភពលោក​ នៅថ្ងៃទី​០៩ធ្នូ​នេះ​ បាន​បង្ហាញ​ការព្យាករ​អំពី​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​នាឆ្នាំ​២០២២​ខាងមុខ​នេះថា​ សន្ទុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹងបន្ត​កើន​ឡើង​ក្នុងរង្វង់​ ៤.៥​ ភាគរយ។​ ការ​ព្យាករណ៍​នេះ​ ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​សញ្ញា​ល្អ​នៃ​ការ​នាំចេញ​ទំនិញ​ក្នុង​វិស័យ​កាត់ដេរ​ វិស័យ​កសិកម្ម​ ទោះបី​ជាបញ្ហា​កូវីដ១៩​នៅមិន​ទាន់ស្ងប់ស្ងាត់​យ៉ាងណាក្តី។​

សេដ្ឋកិច្ចនៅកម្ពុជា (រូបតំណាង)
សេដ្ឋកិច្ចនៅកម្ពុជា (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី០៩ធ្នូ បញ្ជាក់ថា ក្នុងឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្តកើនឡើងចំនួន ៤.៥%។ ការកើនឡើងនេះ ដោយសារតែវិស័យឧស្សាហកម្មកាត់ដេរ, ទំនិញក្នុង​ផ្នែក​ធ្វើដំណើរ ​ស្បែកជើង និង​ឧស្សាហកម្មផលិតកង់ រួមទាំងវិស័យ​កសិកម្មផងនោះ នៅតែ​បន្ត​ដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់យន្តការ​ស្តារសេដ្ឋកិច្ច​ឱ្យងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។

បើតាមទិន្ន័យរបស់ធនាគារពិភពលោក វិស័យឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំ២០២១ បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុង​តម្លៃ ៥.៨ពាន់លានដុល្លារ កើនឡើង ១២% នៃទំនិញសរុប ឬ ១៥.២% បើធៀបទៅនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។ បន្ថែមពីនេះ ឧស្សាហកម្មផលិតកង់ ការ​នាំ​ចេញពី​កម្ពុជា​កើនឡើងចំនួន ២៤.១% ដោយគិតជាទឹកប្រាក់ប្រមាណ ៤.៧រយលានដុល្លារ និងវិស័យកសិកម្មដូចជា ស្រូវ អង្ករ ទទួលបានប្រាក់ចំណូល ២៨៥លានដុល្លារ ខណៈ​ការ​នាំ​ចេញ​កៅស៊ូ សម្រេច​បាន​ប្រមាណ ២៦៦លានដុល្លារ។   

តែយ៉ាងណា​ ធនាគារពិភពលោកក៏បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ច ៤.៥% នាឆ្នាំ២០២២ខាងមុខ ក៏អាចនឹងជួបហានិភ័យទៅវិញផងដែរ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ នៅតែ​បន្តរីកសាយភាយម្តងទៀត។ ក្នុងនោះ ធនាគារពិភពលោកបន្តថា ដើម្បីធ្វើ​ឱ្យ​សេដ្ឋកិច្ចមានកម្លាំង​ស្ទុះងើបឡើងវិញបាន កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើកំណែទម្រង់នូវផ្នែកសំខាន់​ៗមួយចំនួន ក្នុងនោះ​រួមមាន៖ ការដាក់​ចេញនូវ​​វិធាន​និង​បទប្បញ្ញត្តិ​ច្បាស់​លាស់ ​ស្តីពី​ការរៀន​រស់​ជាមួយ​កូវីដ-១៩ ស្រប​តាម «គន្លងប្រក្រតីភាពថ្មី» វិធានការផ្នែក​​បទប្បញ្ញត្តិ​និង​ផ្នែក​សារពើ​ពន្ធ​ ដែល​ជួយ​ដល់​ការ​រស់​រាន​ឡើង​វិញ​របស់​វិស័យ​ទេសចរណ៍, និង​ការ​ដាក់​ចេញ​ជា​បន្ទាន់នូវ​បទ​ប្បញ្ញត្តិ​នានា​សម្រាប់​អនុវត្ត​ច្បាប់​និយោគថ្មីជាដើម។

ដោយឡែក សម្រាប់ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២១នេះវិញ  ធនាគារពិភពលោកក៏ដាក់ក្តីរំពឹងថា ​នឹង​មានកំណើន​​ត្រឹម​តែ​ ២,២%សម្រាប់ឆ្នាំនេះ(២០២១)។ កំណើនតិចតួចនេះ គឺផ្អែកទៅលើទិដ្ឋភាពជាក់ស្តែងថា ​វិស័យ​សេវាកម្ម រួមមានវិស័យ​ទេសចរណ៍ វិស័យ​សំណង់ និង​អចលនទ្រព្យ នៅមានកំណើនយឺតយ៉ាវ។ ខណៈក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចូលមាសចំនួន ៤.០៨ពាន់លានដុល្លារ ដើម្បីទប់ទល់ឱនភាពសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណា។

គួរបញ្ជាក់ថា ក្រៅតែពីការព្យាកររបស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី នាពេលថ្មីៗនេះ ក៏បានព្យាករដែរថា  សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ នឹងកើនឡើងរហូតដល់ ៥.៥% ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ក្តីរំពឹងថា សេដ្ឋកិច្ច​កម្ពុជា នឹងស្ទុះលើសពី ៥% តាម​រយៈ​កំណើន​នៃ​ការនាំចេញទំនិញកសិកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ