អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជារំពឹងកំណើន៤.៥%នៅឆ្នាំ២០២២ និង ៥.៥%នៅឆ្នាំ២០២៣

ធនាគារពិភពលោក​ បាន​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ​២០២២​នេះ ​នឹងអាច​ត្រលប់​មក​ភាពវិជ្ជមាន​ជាបន្តទៀត​ នៅក្នុង​តួលេខ៤.៥%​ និង​ប្រមាណ​៥.៥%​ នៅឆ្នាំ​២០២៣។​ នេះបើ​តាម​របាយការណ៍​ ចេញផ្សាយ​ដោយ​ធនាគារ​ពិភពលោក​ នៅថ្ងៃអង្គារ​ទី១១​មករា​កន្លងទៅនេះ។ ​ទោះយ៉ាងណា​ធនាគារ​ពិភពលោក​ ក៏បាន​ព្រមាន​ពីហានិភ័យ​មួយ​កម្រិតទៀត​ ប្រសិន​បើមាន​ការរាតត្បាត​ខ្លាំង​នៃវីរុសកូវីដ-១៩ ​អូមីក្រុង។​

ទីក្រុងភ្នំពេញ (រូបតំណាង)
ទីក្រុងភ្នំពេញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងរបាយការណ៍សង្ខេប ស្តីអំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានត្រឹម ៥.១%ប៉ុណ្ណោះនៅឆ្នាំ២០២២។ សម្រាប់កម្ពុជា ធនាគារពិភពលោកបានរំពឹងថា នឹងមានកំណើន ៤.៥% នៅឆ្នាំ២០២២នេះ និងចំនួន៥.៥%នៅឆ្នាំ២០២៣។ បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់អាស៊ាន កម្ពុជានឹងមានកំណើនលើសប្រទេសថៃ ដែលធនាគារពិភពលោកព្យាករថា មានកំណើនត្រឹម៣.៩%នៅឆ្នាំ២០២២នេះ។

ការព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជា មាន ៤.៥% គឺប្រហាក់ប្រហែលនឹងការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជាដែរ។ រដ្ឋាភិបាលកម្ពុជា បានព្យាករពីកំណើនសេដ្ឋកិច្ចខ្មែរនៅឆ្នាំ២០២២នេះ ថានឹងមានកំណើន៤.៨%។  នេះបើតាមសេចក្តីព្រាងច្បាប់ថវិការជាតិសម្រាប់ឆ្នាំ២០២២។ រដ្ឋាភិបាលកម្ពុជាបានសម្អាងទៅលើការបើកដំណើរប្រទេសជាប្រក្រតីឡើងវិញ រួមនឹងបង្អែកលើវិស័យសេដ្ឋកិច្ចមួយចំនួន ដូចជា វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងជាពិសេសវិស័យកសិកម្ម។ វិស័យកសិកម្ម ដែលរដ្ឋាភិបាលអះអាងថា មិនសូវទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ប៉ុន្មាននោះទេ។

ទោះយ៉ាងណានៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក ក៏បានវាយតម្លៃផងដែរអំពីហានិភ័យនៃការរាតត្បាតវីរុសកូវីដ-១៩ អូមីក្រុង ដែលអាចទាញទម្លាក់សេដ្ឋកិច្ចបន្តទៀត ប្រសិនបើការចាក់វ៉ាក់សាំងកូវីដ១៩មិនបានធ្វើឡើងដោយពេញលេញ។

នៅចំពោះមុខបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗ បានបញ្ជាឲ្យអាជ្ញាធរចាក់វ៉ាក់សាំងដូសជំរុញទី៣ដល់ប្រជាពលរដ្ឋដែលនៅសេសសល់ និងឈានដល់ដូសទី៤បន្ថែមទៀតសម្រាប់អ្នកទីក្រុងភ្នំពេញ ដើម្បីធ្វើយ៉ាងទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩ អូមីក្រុង។

យន្តការស្រោចវ៉ាក់សាំង និងការបើកដំណើរការប្រទេសជាប្រក្រតីឡើងវិញនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាចាប់ផ្តើមមានភាពប្រសើរឡើងវិញ។ បើតាមលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ដែលបានអះអាងក្នុងសន្និសីទកាសែតកន្លងទៅ សេដ្ឋកិច្ចកម្ពុជានឹងអាចរត់ទៅរកស្ថានភាពដូចដើមវិញ ក្នុងរង្វង់៧% នៅឆ្នាំ២០២៤ខាងមុខ។ តែយ៉ាងណាការព្យាករណ៍នេះ នៅមិនទាន់មានស្ថាប័នសេដ្ឋកិច្ចអន្តរជាតិណាព្យាករនៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ