អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារពិភពលោក៖ ការធ្លាក់ចុះជាគំហុកនៃសេដ្ឋកិច្ចកម្ពុជា ដោយសារការពឹងផ្អែកលើផលិតផល និងទីផ្សារតូចចង្អៀត

ធនាគារ​ពិភពលោក​ នៅថ្ងៃចន្ទ​ទី៣១​មករា​ បាន​ចេញផ្សាយ​នូវ​របាយការណ៍​ជំនួយស្មារតី​អំពីស្ថានភាព​សេដ្ឋកិច្ច​នៅកម្ពុជា​ នៅអំឡុង​ពេល​នៃការរាត​ត្បាត​ជំងឺកូវីដ១៩។​ របាយការណ៍​របស់​ធនាគារ​ពិភពលោក ​បានបង្ហាញថា ​សេដ្ឋកិច្ច​កម្ពុជា ​បានធ្លាក់​ចុះ​ជាគំហុក​នៅអំឡុង​ពេលវិបត្តិ​នៃជំងឺកូវីដ​១៩​ ដោយសារ​តែការ​ពឹងផ្អែក​លើផលិតផល​ និងទីផ្សារ​នាំចេញ ​តូចចង្អៀត​ពេក។​ ក៏ប៉ុន្តែ​សម្រាប់​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ បញ្ជាក់​ថា​ របាយការណ៍​របស់​ធនាគារ​ពិភពលោក​នេះ ​ត្រឹមត្រូវ​តែមួយ​ជ្រុង​ប៉ុណ្ណោះ។​

ទីក្រុងភ្នំពេញនាពេលរាត្រី (រូបតំណាង)
ទីក្រុងភ្នំពេញនាពេលរាត្រី (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអង្គារនេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា របាយការណ៍ចេញផ្សាយរបស់ធនាគារពិភពលោក នោះ គឺត្រូវតែមួយផ្នែកប៉ុណ្ណោះ។ លោកថា ផលិតផលដែលនាំចេញរបស់កម្ពុជា គឺជាផលិតផលសក្តានុពល ដែលត្រូវបាននាំចេញក្នុងបរិមាណ និងទំហំទឹកប្រាក់ធំ តែក៏មានផលិតផលផ្សេងៗទៀត ដែលកំពុងធ្វើពិពិធកម្មនៅ​ក្នុងតំបន់សេដ្ខកិច្ចពិសេសសម្រាប់ការនាំចេញ ដូចជា គ្រឿងបន្លាស់ គ្រឿងបង្គុំ និងផលិតផលកសិកម្ម។

ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីធនាគារពិភពលោក បានចេញផ្សាយនូវរបាយការណ៍មួយ ដោយបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជាបានពឹងផ្អែកទៅលើការនាំចេញផលិតផលធំៗរបស់ខ្លួន មានជាអាទិ៍ ផលិតផលក្នុងវិស័យកាត់ដេរ ស្បែកជើង អង្ករ ដំឡូងមី និងទេសចរណ៍។ ធនាគារពិភពលោក បញ្ជាក់ថា ការនាំចេញផលិតផលទាំងនោះ មានទំហំដល់ទៅ៨០% នៃទំហំនាំចេញសរុបរបស់កម្ពុជា ស្របពេលទីផ្សារធំៗដែលទទួលទំនិញទាំងនោះ មានតែពីរប៉ុណ្ណោះ គឺ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

បើតាមធនាគារពិភពលោក កម្ពុជាត្រូវបង្កើនផលិតភាពរបស់ក្រុមហ៊ុននិងពលករ ការជំរុញវិនិយោគក្នុងស្រុកបន្ថែម និងជាពិសេសការពង្រីកពិពិធកម្មក្នុងការនាំចេញ។ ការធ្វើពិពិធកម្មនាំចេញ ដោយវិនិយោគលើធនធានមនុស្ស ការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ រួមទាំងការបង្កើនការគ្រប់គ្រងផ្នែកវិនិយោគសាធារណៈ ជាដើម។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឆ្លើយតបវិញថា បច្ចុប្បន្នកម្ពុជាមានទីផ្សារនាំចេញធំៗផ្សេងទៀត ក្រៅពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ក្នុងនោះ ចិន កូរ៉េ ជប៉ុន កាណាដា  ក៏ជាទីផ្សារ ដែលមានទំហំទឹកប្រាក់ធំផងដែរ។ នៅទន្ទឹមនេះ កម្ពុជាក៏កំពុងតែធ្វើពិពិធកម្មច្រកទីផ្សារជាបណ្ដើរៗបន្តទៅទៀត។

លោកប៉ែន សុវិជាតិ លើកឡើងទៀតថា រយៈពេល៥ឆ្នាំខាងមុខ ក្រសួងពាណិជ្ជកម្មនឹងពង្រឹងលើផលិតផល ដែលមានសក្ដានុពលស្រាប់ និងជំរុញពិពិធកម្មផលិតកម្មថ្មីៗទៀត សម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ ខណៈដែលទីផ្សារក្នុងតំបន់ដែលមានការរំពឹងខ្ពស់បច្ចុប្បន្ននេះ គឺជាពិសេសទីផ្សារចិន និងប្រទេសជាដៃគូពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយ RCEP និងកិច្ចព្រម​ព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ជាដើម។  បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ នៅត្រីមាសទីមួយឆ្នាំ២០២២នេះ កម្ពុជាក៏នឹងអាចទទួលបានការបង្កើនទីផ្សារនាំចេញបន្ថែមទៀត គឺទីផ្សារពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ។

គួរបញ្ជាក់ថា ជាង២ទសវត្សរ៍ចុងក្រោយ កំណើនសេដ្ឋកិច្ចកម្ពុជាមានជាមធ្យម ៧.៧% ក្នុងមួយឆ្នាំ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២០ ទំហំសេដ្ឋកិច្ចធ្លាក់ចុះមកដក ៣.១%  មុននឹងស្ដារឡើងវិញនៅក្នុងកំណើន ២.២% នៅដំណាច់ឆ្នាំ២០២១។ នេះបើតាមធនាគារពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ