អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារពិភពលោក៖ វិស័យកម្មន្តសាលកម្ពុជានឹងជួបព្យុះភ្លៀងនាពេលខាងមុខ បន្ទាប់ពីតម្រូវការពីសហរដ្ឋអាមេរិកធ្លាក់ចុះ

ធនាគារ​ពិភពលោក​បានអះអាងថា ​ការនាំចេញ​វិស័យកម្មន្ត​សាល​របស់​កម្ពុជានារយៈពេល​ប៉ុន្មានខែ​ខាងមុខ​ នឹងអាច​ជួបព្យុះ​ភ្លៀងខ្លាំង។​ ការបញ្ជាក់​ពីធនាគារ​ពិភពលោក​បែបនេះ ​ គឺធ្វើឡើង​ដោយយោង​ទៅលើ​បរិយាកាស​ខាងក្រៅ​មិន​សូវ​អំណោយ​ផល ​ដែលបណ្តាល​មកពីការ​ធ្លាក់ចុះ​នៃតម្រូវ​ការពីសហរដ្ឋអាមេរិក​ និងការ​ធ្លាក់ចុះ​ជារចនាសម្ព័ន្ធ​ទូទៅ​នៅប្រទេសចិន។​ ក្នុងនោះ ​ធនាគារ​ពិភពលោក​ក៏បាន​ព្យាករ​ទៀតថា ​សម្ពាធ​អតិផរ​ណាក្នុង​ប្រទេស​កម្ពុជា​ នឹង​បន្ត​កើនឡើង​ ហើយ​ការកាត់​បន្ថយ​អត្រានៃភាព​ក្រីក្រ​នឹងកាន់​តែយឺតយ៉ាវ។​

ទីក្រុងភ្នំពេញ (រូបតំណាង)
ទីក្រុងភ្នំពេញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងរបាយការណ៍សង្ខេប ស្តីពីចក្ខុវិស័យភាពក្រីក្រកម្រិតម៉ាក្រូសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ធនាគារពិភពលោកបានឱ្យដឹងថា ការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជានឹងជួបការលំបាក។ ជួបការលំបាកដោយសារតែការធ្លាក់ចុះនៃតម្រូវការពីសហរដ្ឋអាមេរិក។ ដោយឡែក ការកើនឡើងនៃតម្លៃថាមពល និងស្បៀងអាហារដែលបង្កឡើងដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែនវិញ ក៏នឹងរាំងស្ទះ និងយឺតយ៉ាវដល់យន្តការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជាផងដែរ។ ជាពិសេសវាបានដាក់បន្ទុកបន្ថែមមកលើការចំណាយរបស់ពលរដ្ឋទាំងមូល។

ធនាគារពិភពលោកក៏បានបញ្ជាក់ទៀតថា ការកើនឡើងនៃតម្លៃស្បៀង និងថាមពល ក៏បណ្តាលឱ្យសម្ពាធអតិផរណាក្នុងប្រទេសកម្ពុជាកើនឡើងខ្ពស់ផងដែរ។ ខណៈអតិផរណានៅកម្ពុជាកាលពីខែមករាកន្លងមក បានបន្តកើនឡើងដល់រង្វង់៤.១%។ តែយ៉ាងណា ដោយមានការគាំទ្រពីសំណាកធនាគារជាតិកម្ពុជាលើប្រតិបត្តិការទីផ្សារបើកចំហ អត្រាប្តូរប្រាក់បន្តមានស្ថិរភាពត្រឹម៤១០០រៀលក្នុងមួយដុល្លារ។   

ទោះបីយ៉ាងណា បើតាមរបាយការណ៍ខាងលើ កម្ពុជាក្នុងឆ្នាំ២០២២ នៅតែស្ថិតក្នុងចំណោមប្រទេសដែលអាចចាប់យកឱកាសល្អ ហើយកំណើនសេដ្ឋកិច្ចនឹងត្រូវបានព្យាករណ៍ថាកើនដល់ ៤.៥%។ កំណើនជាផលវិជ្ជមាននេះ គឺផ្អែកថា កម្ពុជាបានបើកដំណើរការ និងស្តារសេដ្ឋកិច្ចសង្គមឡើងវិញ យន្តការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជាសម្រេចបាន៨៣% ជាពិសេសការដកចេញនូវការហាមឃាត់លក្ខខណ្ឌធ្វើដំណើរទាំងក្នុងស្រុក និងក្រៅស្រុក។

ក៏ប៉ុន្តែ ធនាគារពិភពលោកនៅតែព្រួយបារម្ភអំពីភាពមិនច្បាស់លាស់នៃស្ថានភាពមេរោគកូវីដ១៩ និងបញ្ហាបម្រែបម្រួលសេដ្ឋកិច្ចពិភពលោកដូចជា ការធ្លាក់ចុះនៃតម្រូវការជាសកល និងតម្លៃទំនិញ ប្រេងមានការកើនឡើងខ្ពស់ ដែលអាចជះឥទ្ធិពលមិនល្អមកលើសេដ្ឋកិច្ចកម្ពុជា។ ហើយបើផ្អែកតាមសេណារីយ៉ូទាបរបស់ធនាគារពិភពលោកវិញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះអាចសម្រេចបានត្រឹម៣ ៨%ប៉ុណ្ណោះ។

បើតាមរបាយការណ៍របស់ធនាគារពិភពលោកដដែល សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកមានដំណើរការល្អ ជាពិសេសការនាំចេញផលិតផលកសិកម្ម។ ក៏ប៉ុន្តែការស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ហាក់នៅមិនទាន់មានភាពស្នើគ្នានៅឡើយ។ មិនស្នើគ្នាត្រង់ថា វិស័យកាត់ដេរ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ ក៏ដូចជាវិស័យកសិកម្មត្រូវបានស្តារឡើងវិញទាំងស្រុង។ តែសម្រាប់ វិស័យធ្វើដំណើរ និងទេសចរណ៍ ដែលរួមចំណែកសំខាន់ក្នុងដំណើរការសេដ្ឋកិច្ចកម្ពុជាវិញ នៅមិនទាន់មានសកម្មភាពនៅឡើយ។

សម្រាប់ធនាគារពិភពលោក ប្រសិនបើការកើនឡើងនៃមេរោគកូវីដ១៩វិញ នោះដំណើរការស្តារសេដ្ឋកិច្ចរបស់កម្ពុជានឹងត្រូវបង្អាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ