អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកនយោបាយថាវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៩៨ ធ្វើឲ្យកាត់បន្ថយអំណាច និងតួនាទីរដ្ឋសភា

តំណាងរដ្ឋាភិបាលកម្ពុជា នឹងធ្វើសន្និសីទពន្យល់សាធារណជននៅរសៀលថ្ងៃទី១៤ ខែកក្កដានេះ ស្តីពីសេចក្តីព្រាងវិសោធនកម្មមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ខណៈប្រតិកម្មបានធ្លាក់មកជាបណ្តើរៗពីអ្នកនយោបាយ និងអង្គការសង្គមស៊ីវិលនានា។ មាត្រាទាំង៨ ដែលត្រូវធ្វើវិសោធនកម្មនោះមាន មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) មាត្រា ១២៥ថ្មី រួមនឹងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម។ 

រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមមាត្រាទាំង៨ ដែលគ្រោងធ្វើវិសោធនកម្មនៅពេលខាងមុខនេះ មាត្រា៩៨ ត្រូវបានចាប់អារម្មណ៍ដោយលោកបណ្ឌិត យង់ សាំងកុមារ អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយលោកសរសេរនៅលើហ្វេសប៊ុករបស់លោកថា ជាគម្រោងវិសោធនកម្មដែលកាត់បន្ថយអំណាច និងតួនាទីរដ្ឋសភាជាតិ។

ចំណុចដែលជាបញ្ហានោះ គឺថាមាត្រា៩៨ថ្មី(មួយ) ដែលគ្រោងធ្វើវិសោធនកម្មនេះ បានបញ្ជាក់នៅវាក្សខណ្ឌចុងក្រោយថា «ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួន១ភាគ៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន»។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់​ សាំងកុមារ បញ្ជាក់ថាខុសពីមាត្រា៩៨ថ្មី ដែលចែងថា «ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួន ៣០នាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន»។

លោកបណ្ឌិត យង់ សាំងកុមារ រំលេចថា តាមពង្រាងវិសោធនកម្មមាត្រា៩៨ថ្មី(មួយ)នេះ គឺបានបង្កើនចំនួនអ្នកតំណាងរាស្ត្រពី៣០នាក់ ទៅ៤២នាក់ ក្នុងចំណោមតំណាងរាស្ត្រសរុប ១២៥នាក់ ដែលចំណុចនេះលោកយល់ថាមិនគួរវិសោធនកម្មត្រង់ចំណុចនេះទេ ដោយប៉ះពាល់ខ្លាំងដល់គោលការសេរីពហុបក្សតាមបែបសភានិយម ជាពិសេសអំណាចនយោបាយរបស់សភាជាតិ។

គម្រោងធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនេះ ក៏រងការរិះគន់ពីសំណាក់មេដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំង និងសង្គមស៊ីវិលដែរ កាលពីសប្តាហ៍មុន ដោយមានការលើកឡើងថាជាគ្រោះថ្នាក់ដល់សង្គមប្រសិនបើវិសោធនកម្មនេះ បំរើដល់ប្រយោជន៍នៃក្រុមណាមួយ។

ក៏ប៉ុន្តែតំណាងរដ្ឋាភិបាលនៅមិនទាន់មានការឆ្លើយតបយ៉ាងណាទេ ហើយចំណុចនេះ នឹងចំណុចសំខាន់ផ្សេងៗទៀត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងធ្វើការពន្យល់នៅរសៀលថ្ងៃព្រហស្បតិ៍នេះ តាមរយៈសន្និសីទកាសែត។

សូមបញ្ជាក់ថា ពង្រាងវិសោធនកម្មមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋធម្មនុញ្ញបន្ថែមនេះ បានឆ្លងកាត់ការសម្រេចពីក្រុមប្រឹក្សាធម្មនុញ្ញហើយកាលពីថ្ងៃទី១៣ ខែកក្កដា ក្រោយសេចក្តីព្រាងច្បាប់នេះ ផ្តើមឡើងដោយរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ សូមរំលឹកដែរថាគិតទាំងលើកនេះទៀត រដ្ឋធម្មនុញ្ញកម្ពុជា ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មចំនួន១០លើកហើយ ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ