អានតួអត្ថបទ
កម្ពុជា-ច្បាប់

រដ្ឋសភាគ្រោងប្រជុំអនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនៅសប្តាហ៍នេះ

បន្ទាប់ពីបានទៅដល់ដៃរដ្ឋសភាកាលពីសប្តាហ៍មុន នៅថ្ងៃចន្ទនេះ គណៈកម្មាធិការអចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​សម្រេច​កំណត់ថ្ងៃប្រជុំ​ពេញអង្គ​ ​ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ និង​សេចក្តីព្រាង​ច្បាប់មួយចំនួនទៀតនៅក្នុងសប្តាហ៍នេះ។ ​ការ​កំណត់​ថ្ងៃប្រជុំ​ពេញអង្គរដ្ឋសភា​ដើម្បី​អនុម័ត​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់កំពូលនេះ គឺស្របពេល​ដែលគណបក្សនយោបាយមួយចំនួននៅក្រៅរដ្ឋាភិបាល​បានសំដែងការ​មិន​គាំទ្រ។

កិច្ចប្រជុំប្រជុំអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០
កិច្ចប្រជុំប្រជុំអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សភាពេញអង្គនឹង​បើក​កិច្ចប្រជុំលើកទី៧ នីតិកាលទី៦ ដើម្បី​ពិភាក្សា និងអនុម័ត​លើ​សេចក្តី​ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា​១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និង​មាត្រា១២៥ថ្មី​នៃ​រដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំង​បង្កើតបន្ថែមពីរមាត្រាទៀត គឺមាត្រា៣ថ្មី និងមាត្រា៤ថ្មី។

បើតាមអ្នកឃ្លាំមើល ការ​ប្រជុំ​អនុម័ត​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញជាលើកទី១០​នេះ គឺទំនងជាមិនមានអ្វីជាឧបសគ្គនោះឡើយ ខណៈដែលរដ្ឋសភាបច្ចុប្បន្ន​គឺមានតែមួយគណបក្ស។

ការ​ធ្វើ​វិសោធនកម្ម​ទ្រង់ទ្រាយធំលើច្បាប់​កំពូលនៅពេលនេះ ត្រូវបាន​រដ្ឋាភិបាលកម្ពុជា អះអាងថា​សំដៅ​ធានាដំណើរការ​ជាប្រក្រតីនៃស្ថាប័នជាតិ ខណៈដែលគណបក្សនយោបាយមួយចំនួន​នៅក្រៅ​រដ្ឋាភិបាល​ និងអង្គការសង្គមស៊ីវិលខ្លះ សំដែងការមិនគាំទ្រឡើយ។

ភាពចម្រូងចម្រាស់នេះគឺដោយសារមានការចោទប្រកាន់ពីសំណាក់សង្គមស៊ីវិល និងគណបក្សនយោបាយថាធ្វើឡើងដើម្បីបំរើប្រយោជន៍បក្សពួកខ្លួន មានគោលដៅកាត់បន្ថយអំណាចសភា និងឥទ្ធិពលបក្សប្រឆាំងនៅក្នុងសភាជាដើម។ កាត់​បន្ថយ​ឥទ្ធិពលរបស់​បក្សប្រឆាំង គឺនៅត្រង់​ការ​កែប្រែ​មាត្រា​មាត្រា៩៨ថ្មី ដែលពីមុនចែងថា រដ្ឋសភាអាចទម្លាក់សមាជិកកគណៈរដ្ឋមន្ត្រី ឬរដ្ឋាភិបាល តាមរយៈញត្តិបន្ទោស ដែលលើកឡើងដោយតំណាងរាស្រ្តចំនួនសាមសិបរូប។ ប៉ុន្តែពេលនេះ​ត្រូវបានដំឡើងរហូតដល់ជាង៤០រូប។

ក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ដូចជាគណបក្សកាន់អំណាចបានអះអាងថាការធ្វើវិសោធនកម្មមាត្រាច្បាប់រដ្ឋធម្មនុញ្ញនេះ គឺជាការបំពេញចន្លោះប្រហោងនៃរដ្ឋធម្មនុញ្ញ និងដើម្បីបំរើឧត្តមប្រយោជន៍ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ