អានតួអត្ថបទ
កម្ពុជា-នយោបាយ

ព្រះមហាក្សត្រខ្មែរឡាយព្រះហស្តលេខាលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ព្រះ​មហាក្សត្រ​ខ្មែរ​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២២ បាន​ឡាយ​ព្រះហត្ត​លេខា​ប្រកាស​ឱ្យ​ប្រើ​វិសោធនកម្មរដ្ឋ​ធម្មនុញ្ញ លើកទី​១០​ ដែលជា​នីតិវិធីចុងក្រោយ​នៃការធ្វើវិសោធនកម្មច្បាប់កំពូលមួយនេះ។ ជាវិសោធនកម្មរដ្ឋធម្មនុញ្ញដែលមានភាពចម្រូងចម្រាស់ ដោយសារតែគណបក្សនយោបាយ​ក្រៅរដ្ឋាភិបាល ​​និងស​ង្គមស៊ីវិល​មួយចំនួន យល់ថា ជាការធ្វើឲ្យអំណាចរដ្ឋសភាចុះខ្សោយ។

រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ © Internet
ផ្សាយពាណិជ្ជកម្ម

ផ្ទុយពី​អ្វីដែលគណ​បក្សនយោបាយ​ក្រៅរដ្ឋាភិបាលនិងស​ង្គមស៊ីវិល​មួយចំនួនចង់ឃើញ​ វិសោធនកម្មរដ្ឋធម្មនុញ្ញ​លើកទី​១០​ ត្រូវបាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ហើយ ដោយ​ការ​ឡាយ​ព្រះហស្ត​លេខា ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​នៅថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២២។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ​ បានរងនូវការរិះគន់មិនសំចៃមាត់​ពី​គណ​បក្សនយោបាយ​ក្រៅរដ្ឋាភិបាល​​និងស​ង្គមស៊ីវិលថា ជាការ​ធ្វើរដ្ឋប្រហារច្បាប់កំពូលកម្ពុជាជាថ្មី ដើម្បីបំពេញប្រយោជន៍ឱ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តែយ៉ាងណាមិញ មុនពេល​រដ្ឋសភា​អនុម័ត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ លោក កើត រិទ្ធ បាន​ថ្លែងការពារ​ការធ្វើវិសោធនកម្មលើកទី១០នេះថា​ មិនបានប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស របប​រាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ​ និងក៏មិនបានកាត់បន្ថយអំណាចសភាណាមួយ ដូចមតិ​រិះគន់​​ទាំង​នោះដែរ​ ប៉ុន្តែ​ដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងធានាការពារឧត្តមប្រយោជន៍ជាតិ។​

កាលពីចុងខែកក្កដាកន្លងទៅ ក្រសួងយុត្តិធម៌​​បានចេញ​សេចក្តី​ប្រកាស​​អញ្ជើញ​តំណាងអ្នករិះគន់ទាំងឡាយ​មក​​ស្តាប់ការពន្យល់​​បកស្រាយ​ទល់មុខគ្នា នៅចំពោះមុខមហាជន​ សំដៅជម្រះ​ចោលកង្វល់​នានាជុំវិញ​ការធ្វើវិសោធនកម្មច្បាប់នេះ។ បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងយុត្តិធម៌នៅថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ គឺពុំមាន​តំណាង​អ្នករិះគន់​ណាម្នាក់ ដែលមកពី​គណបក្សទាំង​​៤ និងអង្គការ​​សង្គមស៊ីវិលទាំង​១០៤​​​ស្ថាប័ននោះ មក​ចូលរួមតាមការអញ្ជើញនោះទេ។ ទង្វើនេះ ត្រូវបានក្រសួងយុត្តិធម៌​​​​ហៅថា គឺ​ជាលេសដែល​មិនសមហេតុផល ក្នុងការបង្ហាញសាធារណៈជន​អោយបានយល់ច្បាស់​​ពី​​​​​គោលបំណង​នៃការធ្វើវិសោធនកម្មច្បាប់​នេះ។

គួរឲ្យដឹងថា វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ផ្តោតទៅលើមាត្រា១៩ថ្មី មាត្រា៨៩ មាត្រា៩៨ថ្មី​ មាត្រា១០២ថ្មី មាត្រា១១៩ថ្មី និងមាត្រា៣ថ្មី មាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម។ វិសោធនម្មមាត្រាទាំងនេះ ត្រូវមជ្ឈដ្ឋានខ្លះ យល់ថា ជាការកាត់​បន្ថយ​ឥទ្ធិពលរបស់​បក្សប្រឆាំង គឺនៅត្រង់​ការ​កែប្រែ​មាត្រា​៩៨ថ្មី ដែលពីមុនចែងថា រដ្ឋសភាអាចទម្លាក់សមាជិកកគណៈរដ្ឋមន្ត្រីឬរដ្ឋាភិបាល តាមរយៈញត្តិបន្ទោសដែលលើកឡើងដោយតំណាងរាស្រ្តចំនួនសាមសិបរូប។ ប៉ុន្តែពេលនេះ​ត្រូវបានដំឡើងរហូតដល់ជាង ៤០រូប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ