អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកជំនាញផ្នែកសុខភាពព្រួយបារម្ភជាថ្មីការងើបមកវិញការឆ្លងមេរោគអេដស៍នៅកម្ពុជា

អ្នកជំនាញ​ផ្នែក​សុខភាព​បាន​បង្ហាញ​ក្ដីព្រួយបារម្ភ​ជាថ្មីនៅ​ចំពោះមុខ​ការងើប​មកវិញ​ នៃការ​ឆ្លងមេរោគអេដស៍​នៅកម្ពុជា ​បន្ទាប់​ពីរកឃើញ​ករណីឆ្លងថ្មី​នៃមេរោគ​អេដស៍​លើមនុស្ស​១១០០នាក់​ ក្នុងឆ្នាំ២០២១​។​ លោក ជួប​ សុខចំរើន​ នាយកប្រតិបត្តិ​អង្គការ​ KHANA​បានគូស​បញ្ជាក់​ថា ​ក្នុង​ចំណោម​អ្នក​ឆ្លងថ្មី​ជាង១ពាន់​នាក់​នេះ គឺភាគ​ច្រើន​ជាក្រុមបុរស​ស្រឡាញ់​បុរស។​

រូបតំណាង
រូបតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន៧៤០០០នាក់គិតត្រឹមឆ្នាំ២០២១ និងបានរកករណីឆ្លងថ្មីនៃមេរោគអេដស៍ចំនួន១១០០នាក់ទៀតក្នុងឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១១០០នាក់នេះ បុរសនិងក្មេងប្រុសមានរហូតដល់៧១ភាគរយ ខណៈក្រុមមនុស្សដែលឆ្លងមេរោគអេដស៍ច្រើនជាងគេ គឺជាក្រុមមនុស្សដែលស្ថិតក្នុងអាយុចន្លោះពី ១៥ ទៅ ២៤ ប្រមាណ ៤២%។ 

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៣ខែកញ្ញានេះ លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការ KHANAគូសបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីជាង១ពាន់នាក់នេះគឺភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នាដោយសារគេគិតថា ការរួមភេទរវាងអ្នកមានភេទដូចគ្នា គឺមិនឆ្លង  ខណៈការរួមភេទដោយប្រើស្រោមអនាម័យតិចជាង ៥០%។ រីឯទិដ្ឋភាពជាទូទៅវិញមួយផ្នែកដោយសារ ប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង  និងការទទួលបានព័ត៌មានអំពីការបង្ការពីឆ្លងមេរោគអេដស៍ នៅមានកម្រិត។

បើតាមលោក ជួប សុខចំរើន បន្ទាប់ពីកម្ពុជារកឃើញករណីឆ្លងថ្មីលើមនុស្ស១១០០នាក់ក្នុងឆ្នាំ២០២១បានធ្វើឲ្យប៉ះពាល់ដល់កម្មវិធីជាតិដែលកម្ពុជាប្រាថ្នាចង់ឃើញការឆ្លងថ្មី ស្ថិតក្នុងចំនួន ឬតិចជាង ២៥០ ករណីក្នុងមួយឆ្នាំត្រឹមឆ្នាំ២០២៥។ ជាយោបល់លោកជម្រុញឲ្យភាគីពាក់ព័ន្ធខិតខំប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ចាប់ពីពេលនេះទៅព្រោះថ្ងៃនេះដល់ឆ្នាំ២០២៥ វេលាមានតិចណាស់ ហើយគប្បីត្រូវបន្ថែមល្បឿន ដើម្បីផ្សព្វផ្សាយអោយមានការយល់ដឹងកាន់តែទូលំទូលាយអំពីការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងចំណោមក្រុមមនុស្សដែលមានវ័យពី ១៥ ដល់ ២៤ ឆ្នាំ។ និងក្រុមមនុស្សដែលស្ថិតក្នុងឥរិយាបថប្រឈមមុខខ្ពស់នៃការឆ្លងមេរោគអេដស៍ ដែលរួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំលែងភេទ ក្រុមអ្នកចាក់និងប្រីប្រាស់ថ្នាំញៀន ក្រុមស្ត្រីបម្រីការនៅតាមសេវាកំសាន្តសប្បាយ។

ទិន្នន័យនៃការជំរឿនសុខភាពនិងប្រជាសាស្ត្រ (DHS) ឆ្នាំ២០២១-២០២២ បានបង្ហាញថា មានតែក្រុមយុវវ័យ អាយុ ១៥ ទៅ ២៤ ឆ្នាំ ប្រមាណ ២៣ ភាគរយ ប៉ុណ្ណោះដែលមានចំណេះ ដឹងទូលំទូលាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដែលតួលេខនេះ មានការធ្លាក់ចុះពី ៣៨% ក្នុងឆ្នាំ២០១៤ និង ធ្លាក់ចុះ ពី ៤៤% ក្នុងឆ្នាំ២០១០។ គិតត្រឹមឆ្នាំ២០២១ អ្នកដែលផ្ទុកមេរោគអេដស៍កំពុងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគអេដស៍មានចំនួន៦២៥៦១នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ