អានតួអត្ថបទ
កម្ពុជា ច្បាប់

២៩ឆ្នាំ៖ កម្ពុជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយ

ថ្ងៃទី២៤កញ្ញា១៩៩៣ - ថ្ងៃទី២៤កញ្ញា២០២២នេះ ជាខួបលើកទី២៩ឆ្នាំនៃការប្រកាស​ដាក់​ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ក្រោយចាកចេញពីសង្រ្គាមស៊ីវិល។ តាំងពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ន ច្បាប់កំពូលមួយនេះ ត្រូវបានរដ្ឋាភិបាលស្នើ និងធ្វើវិសោធនកម្មចំនួន១០លើកមកហើយ ក្នុងន័យដោះស្រាយបញ្ហាជាប់គាំងនយោបាយ។ ក៏ប៉ុន្តែអ្នកតាមដានសង្គម យល់ថា ការ​ធ្វើ​វិសោធន​កម្មញឹកញយមកនេះ មិនបានបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងពលរដ្ឋនោះឡើយ។

Constitution-of-Cambodia_ODC
Constitution-of-Cambodia_ODC © Internet
ផ្សាយពាណិជ្ជកម្ម

សម្រាប់ខួបលើកទី២៩ឆ្នាំនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា  កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ តាមលោក ហ៊ុន សែន ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

ដោយឡែក លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានសរសេរនៅលើបណ្តាញធ្វីតទ័ររបស់ខ្លួនថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងនៅក្នុងច្បាប់សេរីភាពជាមូលដ្ឋាន និងការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យពហុបក្ស។ លោកថា អាមេរិកនឹង​ឈរ​ជាមួយ​ពលរដ្ឋ​កម្ពុជាដើម្បីធានាសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

គួរកត់សម្គាល់ថា ក្នុងរយៈពេល២៩ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូល ត្រូវបានសើរើចំនួន១០លើករួចមកហើយ។ ការសើរើលើកដំបូងបំផុតគឺនៅឆ្នាំ១៩៩៤ លើកទី២នៅឆ្នាំ១៩៩៩ លើកទី៣ឆ្នាំ២០០១ លើកទី៤ឆ្នាំ២០០៥ លើកទី៥ឆ្នាំ២០០៦ លើកទី៦ឆ្នាំ២០០៨ លើកទី៧ឆ្នាំ២០១៤ លើកទី៨ឆ្នាំ២០១៨ លើកទី៩ឆ្នាំ២០២១ដែលធ្វើឡើងដើម្បីកំណត់សញ្ជាតិតែមួយសម្រាប់តំណែងនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

រីឯការសើរើលើកចុងក្រោយបង្អស់ គឺកាលពីខែកក្កដាកន្លងទៅនេះ ដោយមានមាត្រាមួយចំនួនធំ សុទ្ធសឹងតែទាក់ទងនឹងតំណែងនាយករដ្ឋមន្ត្រី និងដំណើរប្រព្រឹត្តទៅនៃសភាជាតិ។ ការធ្វើវិសោធនកម្មលើកទី១០ បានរងនូវមតិរិះគន់មិនសំចៃដៃពីសំណាក់អង្គការសង្គមស៊ីវិល និងក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ដោយពួកគេចាត់ទុកថា ជាការពង្រឹងអំណាចរបស់រដ្ឋាភិបាល។

ការធ្វើវិសោធនកម្មលើកទី១០ ត្រូវបានកត់សម្គាល់ជាថ្មី ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅក្នុងឱកាសខួបលើកទី២៩ឆ្នាំនេះ។ តាមរយៈកំណត់ត្រាសង្ខេបចំនួន១៣ទំព័រ នៅថ្ងៃសៅរ៍នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ការធ្វើវិសោធនកម្មចុងក្រោយហាក់ប្រទាក់ក្រឡាទៅនឹងរបៀបវារៈនយោបាយរបស់រដ្ឋាភិបាល ដ្បិតស្ថានភាពបច្ចុប្បន្ន គឺការដឹកនាំរដ្ឋាភិបាលស្ថិតក្នុងទម្រង់ឯកបក្ស និងការគំរាមកំហែងលើគណបក្សប្រឆាំងនៅតែកើតមាន។

សម្រាប់មជ្ឈមណ្ឌលសិទ្ធិមនុស្ស គឺការធ្វើវិសោធនកម្មច្បាប់កំពូលកម្ពុជា គួរណាស់តែត្រូវបានពិគ្រោះគំនិតជាមួយអង្គការសង្គមស៊ីវិល និងមានការដឹងលឺពីប្រជាពលរដ្ឋ ដែលជាគោលការណ៍ប្រជាធិបតេយ្យគាំទ្រដោយរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយមិនមែនធ្វើឡើងយ៉ាងតក់ក្រហល់ ដូចវិសោធនកម្មលើកទី៩ និងលើកទី១០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ