អានតួអត្ថបទ
កម្ពុជា-សង្គម

មន្ត្រី​រដ្ឋបាលព្រៃឈើម្នាក់​ចាប់ខ្លួននៅអាមេរិក ក្នុងសំណុំរឿងរត់ពន្ធសត្វស្វា​ខុសច្បាប់

មន្ត្រីរដ្ឋបាលព្រៃឈើ​ម្នាក់​​ត្រូវបានឃាត់​ខ្លួន​នៅទឹកដីអាមេរិក ខណៈម្នាក់​​ទៀតកំពុងត្រូវបាន​តាមចាប់ខ្លួន​ ក្នុងសំណុំរឿងរត់ពន្ធសត្វស្វាត្រាស​ខុសច្បាប់ចូលទឹកដីអាមេរិក។ តាមក្រសួងយុត្តិធម៌អាមេរិក រយៈពេល​៥ឆ្នាំហើយ​ដែល​មន្ត្រីខ្មែរទាំង២នាក់នោះ យកសត្វស្វាត្រាសជាច្រើនក្បាលពី​ឧទ្យានជាតិ ​និងតំបន់ការពារផ្សេងៗក្នុងប្រទេសកម្ពុជា​ បញ្ជូនទៅកាន់កន្លែងពិសោធន៍បង្កាត់ពូជ មុនធ្វើឯកសារបន្លំ​នាំចេញទៅ​ប្រទេសអាមេរិក។

សត្វស្វា
សត្វស្វា © Internet
ផ្សាយពាណិជ្ជកម្ម

បើតាមសេចក្តីប្រកាសបន្ទាន់មួយរបស់ក្រសួងយុត្តិធម៌អាមេរិក​ មន្ត្រីកម្ពុជា​ដែលជា​អនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ ត្រូវបានចាប់ខ្លួន​​នៅក្នុងព្រលានយន្តហោះ ​ក្នុងក្រុង​​ញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

មានភស្តុតាងដាក់បន្ទុកចំនួន​៣១ ដូចយ៉ាង​​ប្រតិបត្តិការហិរញ្ញវត្ថុ និងការដឹកជញ្ជូន​សត្វស្វារាប់រយក្បាល​ក្រោមឯកសារក្លែងបន្លំ​​​ ទៅកាន់​រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ប្រទេសអាមេរិក និង​​ទៅកាន់​​​ក្រុមហ៊ុនឯកជនស្រាវជ្រាវផ្នែក​ជីវសាស្ត្រឈ្មោះ​ «Vanny Bio Research» របស់​ជនជាតិ​ហុងកុង ក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។

ក្រសួងយុត្តិធម៌អាមេរិក​​ បន្តឱ្យដឹងថា មានកូតាប្រមូលសត្វស្វាចូលអាមេរិក​ ក្រៅផ្លូវការ​ ចំនួន ​៣ពាន់ក្បាល និង​ដោយមន្ត្រីនៃរដ្ឋបាលព្រៃឈើទាំង​​នោះទទួលបាន​ប្រាក់ ​២២០ដុល្លារអាមេរិកក្នុងសត្វស្វាមួយក្បាល។ ​

បើតាមសេចក្តីប្រកាស់​ក្រសួងយុត្តិធម៌អាមេរិក​ដែល​ចេញផ្សាយនៅថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ តុលាការកំពុងដំណើរការក្តីរត់​ពន្ធសត្វស្វាត្រាសខុសច្បាប់ជាចង្កោមនេះ​​ លើជនជាប់ចោទសរុបចំនួន​ ៨នាក់ ដែលក្នុងនោះមាន២នាក់ជាមន្ត្រីរដ្ឋកម្ពុជា និង​៦នាក់ទៀតជា​ម្ចាស់និងបុគ្គលិកជាន់ខ្ពស់របស់​ ​​ «Vanny Bio Research» ដែលជាស្ថាប័ន​នាំចេញឬផ្គត់ផ្គង់ថនិក​សត្វផ្តាច់មុខសម្រាប់ការស្រាវជ្រាវផ្នែក​ជីវសាស្ត្រ​។  

តាមការចោទប្រកាន់របស់តុលាការអាមេរិក ម្ចាស់និងអ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន​ Vanny Bio Research ដែលប្រតិបត្តិការពីហុងកុង បានឃុបឃិត​ជាមួយ​​ជនទុច្ចរិតក្នុងផ្សារងងឹត​ និងមន្ត្រីពុករលួយនៅប្រទេសកម្ពុជា ​ដើម្បី​ទទួលបានសត្វស្វា​​ត្រាសពីឧទ្យានជាតិ និងតំបន់ការពារផ្សេងៗក្នុងប្រទេសកម្ពុជា ចូលកន្លែងបង្កាត់ពូជ មុនបន្លំនាំចេញទៅអាមេរិក។

គួរជម្រាបថា ពួកគេអាចត្រូវប្រឈមនឹងការកាត់ទោស​រហូតដល់​៥ឆ្នាំ លើ​បទ​សមគំនិត និងអាចរហូតដល់​២០ឆ្នាំ​ លើបទ​ប្រកាន់រត់ពន្ធចំនួន ​៧ករណី​។ និងដោយត្រូវ​រងការផាកពិន័យ​ជាទឹកប្រាក់​ប្រមា​ណ ១៥ម៉ឺនដុល្លារអាមេរិក ឬ ​២ដងនៃប្រាក់ចំណេញពី​​បទល្មើស​រត់ពន្ធសត្វនេះ។ សត្វ​ «ស្វាត្រាស​» ជាប្រភេទពូជ​ស្វា​ជិតផុតពូជ ដែល ត្រូវបានការពារ និងរឹងបន្តឹងក្រោមច្បាប់ពាណិជ្ជកម្មអន្តរជាតិ។

កញ្ញា អ៊ឹម រចនា មន្ត្រីទទួលបន្ទុកព័ត៌មាននៃក្រសួងកសិកម្ម បានគូសបញ្ជាក់នៅថ្ងៃទី១៧វិច្ឆិកានេះ​ថា ក្រសួងកសិកម្ម​បានជ្រាបពីដំណឹងនៃការចាប់ខ្លួនមន្ត្រីក្រោមឱវាទនេះ និងដែលកំពុងសិក្សាលម្អិត ត្រៀមចេញសេចក្តីប្រកាសច្បាស់មួយដែលនឹងចេញផ្សាយឆាប់ៗនេះ​។ ​តាមកញ្ញា អ៊ឹម រចនា មន្ត្រីនៃរដ្ឋបាលព្រៃឈើដែលត្រូវបានអាមេរិកចាប់ខ្លួនហើយនោះ នៅតែជា​មនុស្សគ្មានទោសនៅឡើយ​ ដរាបណាមានសេចក្តីសម្រេចពីតុលាការ​ផ្លូវការ​​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ