អានតួអត្ថបទ
កម្ពុជា-សង្គម

ករណី​រត់ពន្ធស្វា​ក្តាម៖​ ក្រសួង​កសិកម្ម​សម្តែងការហួសចិត្ត និង​បន្ត​ស្វែងរក​យុត្តិធម៌ដល់មន្ត្រី

ក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់ ​និងនេសាទ​ សម្តែង​ការមិនពេញ​ចិត្ត​បន្ទាប់​ពីសហរដ្ឋអាមេរិក​ឃាត់ខ្លួន​ប្រធាន​នាយកដ្ឋានសត្វព្រៃ ​និងជីវចម្រុះនៃ​រដ្ឋបាលព្រៃឈើ ​លោក គ្រី ម៉ះផល​ ដោយ​ចោទ​ថាលោក ​សមគំនិត​ក្នុង​ការរត់ពន្ធ​សត្វ​ស្វាក្តាម​ទៅសហរដ្ឋអាមេរិក។​ តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ក្រសួង​កសិកម្ម​អះអាង​ថានឹង​ ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​រក​យុត្តិធម៌​ដល់មន្ត្រី​របស់​ខ្លួន។​

សត្វស្វាក្តាម
សត្វស្វាក្តាម © Internet
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីសហរដ្ឋអាមេរិកបានឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ លោក គ្រី ម៉ះផល ក្រសួងកសិកម្ម បានបង្ហាញការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង ជុំវិញការឃាត់ខ្លួននេះ។ បើតាមក្រសួងកសិកម្ម ការឃាត់ខ្លួននេះ គឺរឿងគួរឲ្យហួសចិត្តជាទីបំផុត ខណៈលោក គ្រី ម៉ះផល កំពុងធ្វើ​ដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វ និងរុក្ខាជាតិជិតផុតពូជនៅឯវេទិកាអង្គការសហប្រ​ជាជាតិ និងខណៈពេលដែលកម្ពុជានិងអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​។

ពាក់ព័ន្ធករណីនេះលោកបណ្ឌិត សេង សារី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានបញ្ជាក់ថា បញ្ហាខាងលើនេះ សហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងតាមចាប់ខ្លួនអ្នកដែលជាប់ព័ន្ធ ដោយសារករណីនេះ វាបានកើតឡើងចាប់តាំងពីឆ្នាំ២០១៧មកម្លេះ។ បើតាមលោកបណ្ឌិត សេង សារី លោកមិនបានសិក្សាច្បាស់លាស់ចំពោះច្បាប់របស់អាមេរិកទាក់ទងនឹងករណីនេះឡើយ ហើយការចោទប្រ​កាន់នេះ មិនដឹងថាគាត់ប្រព្រឹត្តដូចការចោទមែនឬក៏អត់? 

យ៉ាងណាក៏ដោយចំពោះករណីនេះ ក្រសួងកសិកម្ម បានអះអាងថា រដ្ឋាភិបាលកម្ពុជានឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់ខ្លួន។ ក្រសួងកសិកម្មបានបញ្ជាក់ថា សត្វស្វាក្តាម ត្រូវ​​បានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្រ្ត ជាពិសេសសម្រាប់ដំណាក់ការធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមដែល​ត្រូវបាននាំចេញទាំងនេះ មិនមែនត្រូវបានចាប់ពីព្រៃហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។

ក្រសួងកសិកម្មបន្តថា កសិដ្ឋាន​​ដែលចិញ្ចឹមសត្វស្វាក្តាម ទម្រាំទទួលបានការទទួលស្គាល់ផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឲ្យគោរពតាមបទ​ដ្ឋានអនាម័យ និងវិធីសាស្រ្តចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឲ្យបាននូវហ្សេនេទិករបស់វាមិនឲ្យផុតពូជនោះឡើយ​។ ក្រសួងកសិកម្មបញ្ជាក់បន្ថែមថា ការនាំចេញសត្វស្វាក្តាម ត្រូវអនុញ្ញាតឲ្យនាំចេញ ដោយផ្អែកលើច្បាប់ និងបទបញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក គឺត្រូវបានអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិកផងដែរ។

សូមបញ្ជាក់ថា មន្ត្រីកម្ពុជា​ដែលជា​អនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ ត្រូវបានចាប់ខ្លួន​​នៅក្នុងព្រលានយន្តហោះ ​ក្នុងក្រុង​​ញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី​១៦ខែ​វិច្ឆិកា។ បើតាមក្រសួងយុត្តិធម៌អាមេរិក មានភស្តុតាងដាក់បន្ទុកចំនួន៣១ ដូចយ៉ាងប្រតិបត្តិការហិរញ្ញវត្ថុ និងការដឹកជញ្ជូនសត្វស្វារាប់រយក្បាលក្រោមឯកសារក្លែងបន្លំ ទៅកាន់រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ប្រទេសអាមេរិក និងទៅកាន់ក្រុមហ៊ុនឯកជនស្រាវជ្រាវផ្នែកជីវសាស្ត្រឈ្មោះ «Vanny Bio Research» របស់ជនជាតិហុងកុង ក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។

ក្រសួងយុត្តិធម៌អាមេរិកបញ្ជាក់ថា តុលាការកំពុងដំណើរការក្តីរត់​ពន្ធសត្វស្វាក្តាមខុសច្បាប់ជាចង្កោមនេះ​​ លើជនជាប់ចោទសរុបចំនួន​ ៨នាក់ ដែលក្នុងនោះមាន២នាក់ជាមន្ត្រីរដ្ឋកម្ពុជា និង​៦នាក់ទៀតជា​ម្ចាស់និងបុគ្គលិកជាន់ខ្ពស់របស់​ ​​ «Vanny Bio Research» ដែលជាស្ថាប័ន​នាំចេញឬផ្គត់ផ្គង់ថនិក​សត្វផ្តាច់មុខសម្រាប់ការស្រាវជ្រាវផ្នែក​ជីវសាស្ត្រ​។ ពួកគេអាចត្រូវប្រឈមនឹងការកាត់ទោស​រហូតដល់​៥ឆ្នាំ លើ​បទ​សមគំនិត និងអាចរហូតដល់​២០ឆ្នាំ​ លើបទចោទ​ប្រកាន់រត់ពន្ធចំនួន៧ករណី​ និងត្រូវ​រងការផាក​ពិន័យ​ជាទឹកប្រាក់​ប្រមា​ណ ១៥ម៉ឺនដុល្លារ ឬ ​២ដងនៃប្រាក់ចំណេញពី​​បទល្មើស​រត់ពន្ធសត្វនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ