អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ឌិត ទីណា៖ ៣ឆ្នាំចុងក្រោយកម្ពុជានាំចេញស្វាជិត ៧ម៉ឺនក្បាល ដោយអនុលោមតាមអនុសញ្ញាCITES

ក្នុង​រយៈពេល៣ឆ្នាំ​ចុងក្រោយ ​កម្ពុជា​បាន​នាំចេញ​ស្វាចំនួន​ជិត​ ៧ម៉ឺនក្បាល ​ដែល​អនុលោម​តាម​អនុសញ្ញា​ CITES។​ នេះបើ​តាម​គណនីយ​បណ្តាញ​សង្គម​ទ្វីតធ័រ​របស់​លោក ​ឌិត ទីណា ​រដ្ឋមន្ត្រី​ កសិកម្ម​ នៅថ្ងៃទី​២១​ ខែវិច្ឆិកា​នេះ ​បន្ទាប់​ពីសហរដ្ឋអាមេរិក​បាន​ឃាត់​ខ្លួន​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​ និង​ជីវចម្រុះ​នៃរដ្ឋបាល​ព្រៃឈើ​ក្រសួង​កសិកម្ម​ កាល​ពីសប្តាហ៍មុន។​

សត្វស្វាក្តាម
សត្វស្វាក្តាម © Internet
ផ្សាយពាណិជ្ជកម្ម

លោក ឌិត ទីណាសរសេរថា សរុបរយៈពេល៣ឆ្នាំចុងក្រោយ កម្ពុជាបាននាំចេញស្វាចំនួន ៦៨,០៧៦ក្បាល ស្របតាមអនុសញ្ញា​ស្តីពី​ការហាមប្រាម​ការធ្វើពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​ដែលប្រឈម​នឹងការជិតផុតពូជ ហៅកាត់ថា សាយតេស (CITES)។ លោកបន្តថា ស្វាដែលអាមេរិកយល់ថាជាសត្វកម្រនោះ គឺគេស្គាល់យ៉ាងទូលំទូលាយសម្រាប់ប្រជាជនកម្ពុជាថាជាស្វាវត្តភ្នំ។

សំណេរនៅលើបណ្តាញសង្គម Twitter របស់លោក ឌិត ទីណា បន្តថា ដោយគោរពតាមអនុញ្ញា CITES  សូម្បីតែស្វាវត្តភ្នំក៏មិនត្រូវបាននាំចេញដែរ។ គេអាចបង្កើតកូនរបស់វានៅកសិដ្ឋាន ហើយមានតែកូនស្វាជំនាន់ក្រោយប៉ុណ្ណោះ ដែលត្រូវបាននាំចេញ និងនាំចេញសម្រាប់គោលដៅស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត។ តាមរយៈសំណេរដដែលលោកបានដាក់ជាសំនួរថា តើមានស្វាប៉ុន្មានក្បាល ក្នុងចំណោមស្វា ៦៨,០៧៦ក្បាល ដែលរួមចំណែកដល់ការបង្កើតវ៉ាក់សាំងកូវីដ១៩?

លោកសរសេរថា ស្វា​ក្តាម ឬដែលគេស្គាល់ថាស្វាវត្តភ្នំ គឺជាប្រភេទ "ជិតផុតពូជ" នៅក្នុងឧបសម្ព័ន្ធទី២នៃអនុសញ្ញាCITES ហើយយើងគោរពតាមអនុសញ្ញានេះ។ តើ​កម្ពុជា​ធ្វើដូចម្តេចទើបអាចនាំ​ចេញ​បាន​ដល់ ​១ម៉ឺន៧​ពាន់/ឆ្នាំ? គឺយើងចិញ្ចឹមពួកវា!

យោងតាមរបាយការណ៍ក្រសួងកសិកម្ម គិតត្រឹមខែតុលា ឆ្នាំ២០២២នេះ កម្ពុជាមានក្រុមហ៊ុនចំនួន៥ ដែលមានកសិដ្ឋានស្រាវជ្រាវ ចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាមយកកូននាំចេញចំនួន៦ទីតាំង ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំ។ ទីតាំងទាំងនោះ មានស្វាក្តាមចំនួន ១៣៩ ៦០៥ក្បាល។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅ ក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់ ​និងនេសាទ បានចេញសេចក្តីថ្លែងការណ៍មួយ​ សម្តែង​ការមិនពេញ​ចិត្ត​បន្ទាប់​ពីសហរដ្ឋអាមេរិក​ឃាត់ខ្លួន​ប្រធាន​នាយកដ្ឋានសត្វព្រៃ ​និងជីវចម្រុះនៃ​រដ្ឋបាលព្រៃឈើ ​ដោយ​ចោទ​ថាលោក ​សមគំនិត​ក្នុង​ការរត់ពន្ធ​សត្វ​ស្វាក្តាម​ទៅសហរដ្ឋអាមេរិក។​ ​ក្រសួង​កសិកម្ម​អះអាង​ថានឹង​ ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​រក​យុត្តិធម៌​ដល់មន្ត្រី​របស់​ខ្លួន។​

សូមបញ្ជាក់ថា មន្ត្រីកម្ពុជា​ដែលជា​អនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ ត្រូវបានចាប់ខ្លួន​​នៅក្នុងព្រលានយន្តហោះ ​ក្នុងក្រុង​​ញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី​១៦ខែ​វិច្ឆិកា។ បើតាមក្រសួងយុត្តិធម៌អាមេរិក មានភស្តុតាងដាក់បន្ទុកចំនួន៣១ ដូចយ៉ាងប្រតិបត្តិការហិរញ្ញវត្ថុ និងការដឹកជញ្ជូនសត្វស្វារាប់រយក្បាលក្រោមឯកសារក្លែងបន្លំ ទៅកាន់រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ប្រទេសអាមេរិក និងទៅកាន់ក្រុមហ៊ុនឯកជនស្រាវជ្រាវផ្នែកជីវសាស្ត្រឈ្មោះ «Vanny Bio Research» របស់ជនជាតិហុងកុង ក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។

ក្រសួងយុត្តិធម៌អាមេរិកបញ្ជាក់ថា តុលាការកំពុងដំណើរការក្តីរត់​ពន្ធសត្វស្វាក្តាមខុសច្បាប់ជាចង្កោមនេះ​​ លើជនជាប់ចោទសរុបចំនួន​ ៨នាក់ ដែលក្នុងនោះមាន២នាក់ជាមន្ត្រីរដ្ឋកម្ពុជា និង​៦នាក់ទៀតជា​ម្ចាស់និងបុគ្គលិកជាន់ខ្ពស់របស់​ ​​ «Vanny Bio Research» ដែលជាស្ថាប័ន​នាំចេញឬផ្គត់ផ្គង់ថនិក​សត្វផ្តាច់មុខសម្រាប់ការស្រាវជ្រាវផ្នែក​ជីវសាស្ត្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ