អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារពិភពលោក៖ កូវីដ-១៩ រុញភាពក្រីក្រកម្ពុជាឲ្យងើបឡើងវិញបន្ទាប់ពីធ្លាក់ចុះអស់១ទស្សវត្សរ៍

អស់រយៈពេល១០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះសឹងតែពាក់កណ្តាលពីកម្រិតជាង៣៣% មកត្រឹមជាង១៧%។ ក៏ប៉ុន្តែការរាតត្បាតនៃជំងឺកូវីដ-១៩ ចាប់ពីឆ្នាំ២០២០មក បានធ្វើឲ្យអត្រានៃភាពក្រីក្របានកើនឡើងវិញជិត៣%។ នេះបើតាមការវាយតម្លៃភាពក្រីក្រក្រោមចំណងជើងថា«ស្តារសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានបរិយាបន្ន​ និងភាពធន់ជាងមុនរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកានេះ។ 

ក្រុមផលិតបន្លែសុវតិ្ថភាពគម្រោងលើកកម្ពស់ជីវភាពក្រីក្រ
ក្រុមផលិតបន្លែសុវតិ្ថភាពគម្រោងលើកកម្ពស់ជីវភាពក្រីក្រ © FB
ផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍វាយតម្លៃភាពក្រីក្រក្រោម​ចំណងជើង “ស្តារសេដ្ឋកិច្ច​កម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន” របស់ធនាគារពិភពលោក នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ​២០១៩-២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត​ ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឲ្យប្រជាជនកម្ពុជាជិត ២លាននាក់ បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០មក អត្រានេះ​បានកើនឡើង ២,៨%​ ស្មើនឹងប្រជាជន ៤៦០ ០០០នាក់ បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។

នៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ របាយ​ការណ៍​បាន​រក​ឃើញ​ថា ការ​កើន​ឡើង​ប្រាក់​ចំណូល​មិនមែន​កសិកម្ម ជា​ឧទាហរណ៍នៅ​ក្នុង​វិស័យ​ទេសចរណ៍ កាត់ដេរ និង​សំណង់ មានចំណែកធំក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនាសម្ព័ន្ធឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់​ ជួយបង្កើតបាន​ការងារដែលមានប្រាក់ខែកាន់តែប្រសើរនៅ​ក្នុង​ផ្នែកផលិតកម្មនិងផ្នែកសេវាកម្ម។

ទន្ទឹមគ្នានេះដែរ លក្ខខណ្ឌជីវភាព និងលទ្ធភាពទទួលបានសេវាមូលដ្ឋានមានដូចជា អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ សុខភាព និងការអប់រំជាដើម មានភាព​ប្រសើរឡើងសម្រាប់មួយភាគធំនៅក្នុងចំណោម​ប្រជាជនទូទៅ​។ ការកែលម្អនៃស្ថានភាពនេះបានធ្វើ​ឱ្យ​គម្លាតរវាងស្តង់ដាជីវភាពរបស់គ្រួសារនៅ​ទីជនបទ និងនៅ​ទីប្រជុំជនរួមតូចជាងមុន។

ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម ថ្លែងថា កិច្ចខិតខំជំរុញឲ្យមានការផ្លាស់ប្តូជារចនាសម្ព័ន្ធ​បាន​ជួយកាត់បន្ថយភាពក្រីក្រក្នុងរយៈពេល​កន្លងមក។ ប៉ុន្តែ ទន្ទឹមនឹងជោគជ័យគួរឲ្យកត់សម្គាល់នេះ គ្រួសារជាច្រើនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេមិនសូវមានប្រាក់សន្សំ ឬ​គ្មាន​សំណាញ់​ការពារផ្នែកសង្គម។ ត្រង់នេះចំណុចនេះ លោកស្រីចង់មានន័យថា ជំងឺកូវីដ-១៩ បាន​រុញថយក្រោយវិញនូវវឌ្ឍនភាពរបស់កម្ពុជា​ក្នុង​ការប្រយុទ្ធនឹងភាពក្រីក្រ ដោយធ្វើ​ឲ្យ​ប្រជា​ជន​ជា​ច្រើន​បាត់​បង់​ការ​ងារ​និង​ប្រាក់​កម្រៃ។

ជាមួយគ្នានេះធនាគារពិភពលោកក៏បានលើកអនុសាសន៍ដែរថា កម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែក​គោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច​ឡើងវិញប្រកបដោយបរិយាបន្ន និងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត ​និងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះអាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម។

សូមរំលឹកដែរថា រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានប្រកាសឧបត្ថម្ភដល់គ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ដោយអតិផរណាពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចំនួន៦០ម៉ឺនគ្រួសារ រួមនឹងការបន្តឧបត្ថម្ភសាច់ប្រាក់បន្តដល់គ្រួសារដែលរងគ្រោះដោយវិបត្តិកូវីដ-១៩ ជាសរុបជួយឧបត្ថម្ភទៅដល់មនុស្សជិត ៥លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ