អានតួអត្ថបទ
កម្ពុជា-សង្គម

អាមេរិកថាខ្លួនឲ្យតម្លៃខ្ពស់ដល់កម្ពុជា ក្នុងបញ្ហាប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃ

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ​សហរដ្ឋអាមេរិក​តែង​តែ​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា​ ជា​ពិសេស​ការ​រួម​សហការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ។​ ការ​អះអាង​របស់​ស្ថានទូត​អាមេរិក​បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​នៃ​ក្រសួង​កសិកម្ម​មួយ​រូប​ ត្រូវ​បាន​ក្រសួង​យុត្តិធម៌​អាមេរិក​ ឃាត់​ខ្លួន​ ក្នុង​សំណុំរឿង​ជួញ​ដូរ​សត្វ​ស្វា​ក្តាម​ ដែល​គេ​ចាត់​ទុក​ថា​ ជា​ពូជ​សត្វ​កម្រ។

ស្វាក្ដាម
ស្វាក្ដាម © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈប្រព័ន្ធសារអាឡិចត្រូនិក ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាប្រទេសនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយចាត់ទុកការជួញដូរសត្វព្រៃថាជាការគំរាមកំហែងដល់អភិបាលកិច្ចល្អ និងនីតិរដ្ឋប្រទេសនីមួយៗ។ បើតាមស្ថានទូតអាមេរិក គឺអាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកម្ពុជាលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ។

ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីមន្ត្រីក្រសួងកសិកម្ម លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានសមត្ថកិច្ចអាមេរិកចាប់ខ្លួន នៅព្រលានយន្តហោះ ក្នុងក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ខែវិច្ឆិកា ពាក់ព័ន្ធនឹងការជួញដូរសត្វស្វាក្តាម ដែលជាសត្វកម្រជិតផុតពូជចូលទឹកដីអាមេរិក។

មកដល់ពេលនេះ សំណុំរឿងនៅមិនទាន់មានការវិវត្តន៍អ្វីនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ លោក ឌិត ទីណា បញ្ជាក់ថា មន្ត្រីក្រសួងកសិកម្ម ទើបតែបញ្ចប់ការធ្វើចត្តាឡីស័ក ហើយសំណុំរឿងនេះ ក្រសួងកសិកម្ម និងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក៏កំពុងខ្នះខ្នែងរកមេធាវី ដើម្បីអន្តរាគមន៍ទៅតាមផ្លូវច្បាប់។

ភ្លាមៗក្រោយមានការឃាត់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម ក៏បានសម្តែងនូវការហួសចិត្ត ដោយក្រសួងពន្យល់ថា លោក គ្រី ម៉ះផល ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វ និងរុក្ខាជាតិជិតផុតពូជនៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលកម្ពុជានិងអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ បន្ថែមពីនេះ លោក ឌិត ទីណា ដែលជារដ្ឋមន្ត្រី អះអាងថា រយៈពេល៣ឆ្នាំចុងក្រោយ កម្ពុជាបាននាំចេញស្វាចំនួន ៦៨,០៧៦ក្បាល ស្របតាមអនុសញ្ញាស្តីពីការហាមប្រាមការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលប្រឈមនឹងការជិតផុតពូជ ហៅកាត់ថា សាយតេស (CITES)។ បើតាមលោករដ្ឋមន្ត្រី ស្វាដែលអាមេរិកយល់ថាជាសត្វកម្រនោះ គឺគេស្គាល់យ៉ាងទូលំទូលាយសម្រាប់ប្រជាជនកម្ពុជាថាជាស្វាវត្តភ្នំ ហើយសម្បីតែស្វាវត្តភ្នំ ក៏មិនត្រូវបាននាំចេញដែរ។ 

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌អាមេរិក បានចាប់ខ្លួនមន្ត្រីកសិកម្មមួយរូប កាលពីថ្ងៃទី១៦វិច្ឆិកា ក្នុងបទល្មើសជួញដូរសត្វព្រៃ។ មានភស្តុតាងដាក់បន្ទុកចំនួន៣១ ដូចយ៉ាងប្រតិបត្តិការហិរញ្ញវត្ថុ និងការដឹកជញ្ជូនសត្វស្វារាប់រយក្បាលក្រោមឯកសារក្លែងបន្លំ ទៅកាន់រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ប្រទេសអាមេរិក និងទៅកាន់ក្រុមហ៊ុនឯកជនស្រាវជ្រាវផ្នែកជីវសាស្ត្រឈ្មោះ «Vanny Bio Research» របស់ជនជាតិហុងកុង ក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌អាមេរិក។ បើតាមសេចក្តីប្រកាស តុលាការកំពុងដំណើរការក្តីរត់ពន្ធសត្វស្វាក្តាមខុសច្បាប់ជាចង្កោមនេះ លើជនជាប់ចោទសរុបចំនួន ៨នាក់ ដែលក្នុងនោះមាន២នាក់ជាមន្ត្រីកម្ពុជា និង៦នាក់ទៀតជាម្ចាស់និងបុគ្គលិកជាន់ខ្ពស់របស់  «Vanny Bio Research» ដែលជាស្ថាប័ននាំចេញឬផ្គត់ផ្គង់ថនិកសត្វផ្តាច់មុខសម្រាប់ការស្រាវជ្រាវផ្នែកជីវសាស្ត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ