អានតួអត្ថបទ
កម្ពុជា-សង្គម

ជួញដូរ​ស្វាក្តាម៖​ រដ្ឋ​អាជ្ញា​អាមេរិក​ថា​ខ្លួន​មាន​ភស្តុតាង​ជាវីដេអូ​ដើម្បី​ចោទ​ប្រកាន់​មន្ត្រី​កសិកម្ម

រដ្ឋអាជ្ញាអាមេរិក​ បានអះអាងថា​ ក្រសួង​យុត្តិធម៌​អាមេរិក​មាន​ភស្តុតាង​ជាវីដេអូ​ចំពោះ​ការចោទ​ប្រកាន់​មន្ត្រី​ក្រសួង​កសិកម្ម​ នៅ​ក្នុង​សំណុំរឿង​ជួញ​ដូរ​សត្វ​ស្វាក្តាម​ ដែល​គេចាត់​ទុក​ថា ​ជាសត្វ​កម្រ​ជិត​ផុតពូជ។​ ការ​អះអាង​នេះធ្វើ​ឡើង​បន្ទាប់ពី​ មាន​ការ​ស្នើសុំ​ពីស្ថានទូត​កម្ពុជា​ប្រចាំ​អាមេរិក​ ដើម្បី​ឲ្យមន្ត្រី​ក្រសួង​កសិកម្ម​ អាច​នៅក្រៅឃុំ។​

សត្វស្វាក្តាម
សត្វស្វាក្តាម © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតទៅកាន់តុលាការ លោក Watts Fitzgerald ដែលជារដ្ឋអាជ្ញា បានអះអាងថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ មិនត្រឹមតែចោទប្រកាន់ឲ្យជាប់ពន្ធនាគាររយៈពេលវែងប៉ុណ្ណោះទេ តែអាមេរិកក៏មានភស្តុតាងយ៉ាងរឹងមាំដើម្បីប្រឆាំងនឹងលោក គ្រី ម៉ះផល។ បើតាមលិខិត គឺអាជ្ញាធរអាមេរិក មានភស្តុតាងជាវីដេអូ ដើម្បីចោទលោក គ្រី ម៉ះផល នៅក្នុងបទល្មើសជួញដូរសត្វស្វាក្តាម។

ការអះអាងរបស់រដ្ឋអាជ្ញា ធ្វើឡើងនៅក្រោយពេលដែលស្ថានទូតកម្ពុជាប្រចាំអាមេរិក បានស្នើសុំឲ្យលោក គ្រី ម៉ះផល នៅក្រៅពន្ធនាគារ នាខណៈដែលមន្ត្រីក្រសួងកសិកម្មរូបនេះ កំពុងស្ថិតនៅមណ្ឌលឃុំឃាំង Metropolitan នៅទីក្រុងញូយ៉ក។

នៅក្នុងសវនាការដែលស្នើសុំឲ្យលោក គ្រី ម៉ះផល នៅក្រៅឃុំកាលពីថ្ងៃទី០៥ធ្នូ លោក Ian McGinley មេធាវីការពារមន្ត្រីកសិកម្ម បានជំទាស់ទៅនឹងភស្តុតាងដែលចោទប្រកាន់មកលើលោក គ្រី ម៉ះផល។ លោក McGinley ចាត់ទុកថា ភស្តុតាងដែលបានយកមកចោទប្រកាន់នោះ បានកើតឡើងនៅឆ្នាំ២០២០ ហើយបើពិតជាដូច្នេះមែន នោះអាជ្ញាធរអាមេរិកនឹងចោទប្រកាន់ក្នុងពេលភ្លាមៗ។

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌អាមេរិក បានចាប់ខ្លួនមន្ត្រីកសិកម្មមួយរូប កាលពីថ្ងៃទី១៦វិច្ឆិកា ក្នុងបទល្មើសជួញដូរសត្វព្រៃ។ មានភស្តុតាងដាក់បន្ទុកចំនួន៣១ ដូចយ៉ាងប្រតិបត្តិការហិរញ្ញវត្ថុ និងការដឹកជញ្ជូនសត្វស្វារាប់រយក្បាលក្រោមឯកសារក្លែងបន្លំ ទៅកាន់រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ប្រទេសអាមេរិក និងទៅកាន់ក្រុមហ៊ុនឯកជនស្រាវជ្រាវផ្នែកជីវសាស្ត្រឈ្មោះ «Vanny Bio Research» របស់ជនជាតិហុងកុង ក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌អាមេរិក។

យ៉ាងណាមិញ ក្រសួងកសិកម្មបានចាត់ទុកថា ការចោទប្រកាន់និងឈានទៅចាប់ខ្លួនមន្ត្រីក្រសួងកសិកម្ម គឺជារឿងដែលហួសចិត្ត ដ្បិតលោក គ្រី ម៉ះផល ទៅអាមេរិកដើម្បីចូលរួមកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វនិងរុក្ខាជាតិជិតផុតពូជ។ លោក ឌិត ទីណា ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា ស្វាដែលអាមេរិកយល់ថាជាសត្វកម្រនោះ គឺគេស្គាល់យ៉ាងទូលំទូលាយសម្រាប់ប្រជាជនកម្ពុជាថាជាស្វាវត្តភ្នំ ហើយសូម្បីតែស្វាវត្តភ្នំ ក៏មិនត្រូវបាននាំចេញដែរ។

សូមរំលឹកថា តុលាការកំពុងដំណើរការក្តីរត់ពន្ធសត្វស្វាក្តាមខុសច្បាប់ជាចង្កោមនេះ លើជនជាប់ចោទសរុបចំនួន ៨នាក់ ដែលក្នុងនោះមាន២នាក់ជាមន្ត្រីកម្ពុជា និង៦នាក់ទៀតជាម្ចាស់និងបុគ្គលិកជាន់ខ្ពស់របស់  «Vanny Bio Research» ដែលជាស្ថាប័ននាំចេញឬផ្គត់ផ្គង់ថនិកសត្វផ្តាច់មុខសម្រាប់ការស្រាវជ្រាវផ្នែកជីវសាស្ត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ