អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារ​ពិភពលោក​ផ្តល់​ឥណទាន​ជាង​២៧០លានដុល្លារ​ ជួយ​ជំរុញ​កំណើន​និង​ពង្រឹង​ភាព​ធន់​កម្ពុជា

ធនាគារពិភពលោក​(World Bank)​ កាល​ពីថ្ងៃអង្គារ​ម្សិលមិញ​បាន​សម្រេច​ផ្តល់​ឥណទាន​ចំនួន​ ២៧៤លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ប្រទេស​នេះ​ឲ្យ​ងើប​ឡើងវិញ​ ក្រោយ​រងការ​ប៉ះទង្គិច​ដោយ​វិបត្តិ​នាពេលថ្មីៗ​នេះ។​ ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ពេលនេះ ​ត្រូវ​ធនាគារ​ពិភពលោក​យល់​ឃើញថា​ វា​នឹង​ជួយ​ដល់​កំណែ​ទម្រង់​សម្រាប់​ជំរុញ​កំណើន​ និង​ពង្រឹង​ភាព​ធន់​របស់​កម្ពុជា។​ នេះបើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក។​ 

កម្មករកំពុងជុសជុលផ្លូវថ្នល់ (រូបតំណាំង)
កម្មករកំពុងជុសជុលផ្លូវថ្នល់ (រូបតំណាំង) © Internet
ផ្សាយពាណិជ្ជកម្ម

ហេតុផលដែលក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក(World Bank) អនុម័តផ្តល់ហិរញ្ញប្បទានដល់កម្ពុជាពេលនេះ គឺដោយសារតែសេដ្ឋកិច្ចកម្ពុជាបានរងនូវការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឲ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ២០២០ ជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។ នេះបើតាមការប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។

ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា​បានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពតាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារងាយរងគ្រោះជាដើម។ ធនាគារពិភពលោក កត់សម្គាល់ថាទោះជាសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញនៅឆ្នាំ២០២១ និងឆ្នាំ២០២២ក៏ដោយ ក៏លទ្ធភាពទទួលបានអត្រាកំណើនដ៏រឹងមាំ ដែលកម្ពុជាធ្លាប់មានកាលពីមុនវិបត្តិកូវីដ-១៩ ក្នុងរង្វង់៧% ពិតជានឹងមិនងាយរកបានទេ។

មិនងាយរកបានដោយហេតុថា សង្គ្រាមអ៊ុយក្រែននៅតែបន្ត ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅអាមេរិកដែលជាទីផ្សារធំរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន ដែលកត្តាទាំងអស់នេះសុទ្ធសឹងតែជះឥទ្ធិពលមិនល្អមកលើវិស័យពាណិជ្ជកម្មរបស់កម្ពុជា ខណៈកម្ពុជាក៏រងគ្រោះខ្លាំងដោយការប្រែប្រួលអាកាសធាតុ។កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាមានកំណើន ៤,៨% នៅឆ្នាំ២០២២ ហើយកើនដល់ ៥,២%នៅឆ្នាំ២០២៣ខាងមុខ។

លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជាថ្លែងបញ្ជាក់ថា ខណៈដែលយុទ្ធសាស្ត្ររស់ជាមួយកូវីដ-១៩ បានជួយស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញក៏ពិតមែន ក៏ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានានៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកលនៅឡើយ។

ទោះយ៉ាងណាហិរញ្ញប្បទានរបស់ World Bank នេះ នឹងជួយទ្រទ្រង់ដល់កំណែទម្រង់ ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់រដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថាកាលពីខែមករា ដើមឆ្នាំ២០២២ ធនាគារពិភពលោកបានផ្តល់ជំនួយហិរញ្ញប្បទានចំនួនជាង ៦៩​លានដុល្លារ ដើម្បីជួយ​កម្ពុជា​ក្នុង​ការធ្វើ​ឲ្យកាន់តែ​​ប្រសើរនូវ​លទ្ធភាពប្រកបដោយសមធម៌ក្នុង​ការ​​ទទួលបាន​ការអប់រំជាមូលដ្ឋាន និង​ការ​ឆ្លើយតបឲ្យ​បាន​រហ័សទៅនឹង​វិបត្តិនានា​ដែលប៉ះពាល់​ដល់​ប្រព័ន្ធអប់រំក្នុងប្រទេស។ បន្ថែមពីនេះ ធនាពិភពលោកក៏បានផ្តល់ហិរញ្ញប្បទានចំនួន ១១៣លានដុល្លារ កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ សម្រាប់ជួយលើកកម្ពស់លទ្ធភាពទទួលបាន​សេវាថែទាំសុខភាពមានគុណភាពនៅកម្ពុជាពីរដំណាក់កាលផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ