អានតួអត្ថបទ
កម្ពុជា-សង្គម

សាលាក្តី​ខ្មែរក្រហម​ប្រគល់​ទីតាំង​ឲ្យយោធាវិញ​ ក្រោយ​ខ្ចី​ប្រើប្រាស់​អស់ជាង១០ឆ្នាំ

ទីតាំង​សាលាក្តីខ្មែរ​ក្រហម​ស្ថិតនៅក្នុង​ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​ ត្រូវ​បាន​ប្រគល់​ឲ្យកងទ័ព​ជើងគោក​វិញ​ហើយ​កាល​ពីថ្ងៃទី២៨​ ខែធ្នូម្សិលមិញ​ បន្ទាប់​ពីរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​យកទីតាំង​នេះធ្វើជា​កន្លែង​ជំនុំជម្រះក្តី​មេដឹកនាំ​ជាន់​ខ្ពស់​នៃរបបកម្ពុជា​ប្រជាធិបតេយ្យ​អស់រយៈពេល​១៦ឆ្នាំ។​ សម្រាប់​ការងារ​ដែល​នៅសេសសល់​៣ឆ្នាំទៀត​ សាលាក្តី​ត្រូវ​លើក​ទៅធ្វើបន្ត​នៅទីតាំង​ជិតគណៈរដ្ឋមន្ត្រី។​ បច្ចុប្បន្ន​សាលាក្តី​កំពុង​ដំណើរ​ការ​ផង​ដែរ​ការ​ផ្ទេរលោក ​ខៀវ សំផន​ ដែល​ជាមេដឹកនាំ​ជាន់​ខ្ពស់​របបខ្មែរក្រហម​តែម្នាក់​គត់​នៅមាន​ជីវិត​ ទៅកាន់​ពន្ធនាគារ​ថ្នាក់ជាតិ​ ដើម្បី​ទទួល​ទោស​អស់​មួយ​ជីវិត។​

ពិធីផ្ទេរទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម ត្រលប់មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ
ពិធីផ្ទេរទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម ត្រលប់មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ © FB/HMN
ផ្សាយពាណិជ្ជកម្ម

ទីតាំងសាលាក្តីខ្មែរក្រហម ដែលស្ថិតនៅជាយក្រុងភ្នំពេញប៉ែកខាងលិច ត្រូវបានប្រគល់ទៅឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោកវិញហើយ បន្ទាប់ពីទីតាំងមួយនេះ ត្រូវរដ្ឋាភិបាលកម្ពុជាដាក់ជាតុលាការសម្រាប់កាត់ទោសមេដឹកនាំកំពូលៗនៃរបបកម្ពុជាប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ២០០៦មក។

រយៈពេល១៦ឆ្នាំមកនេះ មេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហម ដែលទទួលខុសត្រូវលើការស្លាប់របស់ប្រជាជនខ្មែរជិត២លាននាក់ នៅក្នុងការគ្រប់គ្រងអំណាចរបស់ពួកគេចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ ត្រូវបាននាំយកមកកាត់ទោស ក្នុងនោះមាន កាំង ហ្គេចអ៊ាវ ហៅ ឌុច អៀង សារី អៀង ធីរិទ្ធ នួន ជា និងខៀវ សំផន ដែលពេលនេះ ខៀវ សំផន វ័យ៩២ឆ្នាំ គឺជាមេដឹកនាំកំពូលខ្មែរក្រហមតែម្នាក់គត់ដែលនៅមានជីវិត ហើយសាលាក្តីកំពុងរៀបចំផ្ទេរពីទីតាំងនេះទៅកាន់ពន្ធនាគារថ្នាក់ជាតិ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានថ្លែងនៅក្នុងពិធីទទួលទីតាំងថាព្រឹត្តិការណ៍នេះ មិនមានអត្ថន័យត្រឹមតែជាការផ្ទេរ ទទួលអគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ។

ក្រៅពីកោតសរសើរដល់ការប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធនានានៃសាលាក្តីខ្មេរក្រហម លោក ហ៊ុន ម៉ាណែត បន្តថាពន្លឺនៃយុត្តិធម៌ដែលទទួលបានពីដំណើរការកាត់ក្តីអស់រយៈកាល ១៦ឆ្នាំកន្លងមកនេះ គឺជាការបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ប្រជាជនខ្មែរ ដែលជាជនរងគ្រោះនៃរបបដ៏សាហាវយង់ឃ្នង ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល។ មួយវិញទៀត តុលាការនេះក៏បានផ្តល់ឱ្យពលរដ្ឋខ្មែរ ជាពិសេសអ្នកជំនាន់ក្រោយ នូវឱកាសបានដឹង និងបានឃើញជាក់ស្តែងនូវដំណើរការកាត់ក្តីមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាការអប់រំ និងការចងចាំអំពីសោកនាដកម្មដែលមិនត្រូវឱ្យកើតមានឡើងសាជាថ្មីម្តងទៀតឡើយទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ឲ្យដឹងថារយៈពេល១៦ឆ្នាំមកនេះ សាលាក្តីសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះសំណុំរឿងចំនួន៧ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ហើយពេលនេះសាលាក្តីកំពុងសម្រេចនូវសមិទ្ធផលមិនមែនយុត្តាធិការ និងបន្សល់ទុកនូវកេរដំណែលជាច្រើនទៀត។ សម្រាប់ការងារដែលនៅសេសសល់រយៈពេល៣ឆ្នាំទៀត សាលាក្តីខ្មែរក្រហមនឹងត្រូវបន្តដំណើរការរបស់ខ្លួននៅទីតាំងមួយស្ថិតនៅក្បែរទីស្តីការគណៈរដ្ឋមន្ត្រី ដោយសាលាក្តីរក្សាទុកបុគ្គលិកប្រមាណជា៥០នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថាសាលាក្តីខ្មែរក្រហមដែលដំណើរការចម្រុះដោយកម្ពុជានិងអង្គការសហប្រជាជាតិអស់រយៈពេល១៦ឆ្នាំកន្លងទៅនេះ បានចាយលុយសរុបអស់ជាង ៣៣០លានដុល្លារ ដែលថវិកា១ផ្នែកធំគឺជា ជំនួយរបស់សហគមន៍អន្តរជាតិ និងប្រទេសជាមិត្ត រួមនឹងថវិការបស់រដ្ឋាភិបាលកម្ពុជាផងដែរ។ ទោះយ៉ាងណា ការបិទទំព័រសាលាក្តីខ្មែរក្រហមនេះដែរ ក៏នៅតែមានទស្សនៈពីរផ្ទុយគ្នាបន្តរំលេចឡើងដដែលទាក់ទងទៅនឹងបញ្ហាយុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ