អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋបាលព្រៃឈើកោះហៅអ្នកចិញ្ចឹមសត្វក្ងោកទៅបំភ្លឺនៅដើមខែក្រោយ ខណៈសាធារណៈជនមានចម្ងល់

ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម​ បាន​ចេញ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​២៣​កុម្ភៈ ​ដោយ​កោះ​ហៅ ​លោក ​យឹម សំអឿន​ ជា​ម្ចាស់​សត្វ​ក្ងោក​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣​មីនា​ខាង​មុខ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់​ឆ្នាំង​។ ​ការ​កោះ​​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នេះ ​ខណៈ​មាន​ចម្ងល់​ពី​សាធារណៈជន ​ករណី​ដែល​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វ​ព្រៃ​ចល័ត​បាន​ចុះ​ចាប់​សត្វ​ក្ងោក​៦​ក្បាល​របស់​ឈ្មោះ ​យឹម សំអឿន ​កាល​ពី​ថ្ងៃ​ទី​១៦​កុម្ភៈ​។

សត្វក្ងោក
សត្វក្ងោក © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត​របស់​លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាល​ព្រៃឈើ​នៃក្រសួង​កសិកម្ម បានគូសបញ្ជាក់ថា ការ​កោះហៅលោក យឹម សំអឿន ជាម្ចាស់​សត្វ​ក្ងោក​ទៅបំភ្លឺនេះ​គឺជាការបន្ត​នីតិវិធីបញ្ចប់​សំណុំរឿង​បទ​ល្មើស​សត្វ​ព្រៃ ទាក់ទងនឹង«ការ​យកធ្វើ​ជាកម្មសិទ្ធិ ចិញ្ចឹម បង្កាត់ពូជសត្វ​ព្រៃ ដោយ​គ្មាន​ការ​អនុញ្ញាត»។

បើតាម​ច្បាប់​រដ្ឋបាល​ព្រៃឈើ ការធ្វើពាណិជកម្មសត្វព្រៃ ក្រោមបទល្មើសថ្នាក់ទី២ ដោយត្រូវជាប់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅប្រាំ(៥)ឆ្នាំ និងត្រូវពិន័យជាប្រាក់ពីមួយលាន (១០,០០០,០០០)រៀល ទៅដប់លាន (១០០,០០០,០០០)រៀល ឬផ្តន្ទាទោសណាមួយ នៃទោសទាំងពីរ ហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។ ប៉ុន្តែករណីបទល្មើសសត្វព្រៃមានសភាពធ្ងន់ធ្ងរ ការចោទប្រកាន់ត្រូវបញ្ចូលការប្រឆាំងការលាងសំអាតប្រាក់ ដែលជាកាតព្វកិច្ចចាំបាច់របស់ប្រទេសម្ពុជា អនុលោមតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយក៏ជាសកម្មភាពមួយដែលបានចូលរួមនាំឲ្យប្រទេសអាចចាកចេញពីបញ្ជីប្រផេះបាន។ នេះជាការពន្យល់របស់​មន្ត្រីរដ្ឋបាលព្រៃឈើ ខណៈមានការងឿ​ង​ឆ្ងល់​ពីសាធារណៈ​ចំពោះ​ការ​ចុះ​​បង្ក្រាប​ការចិញ្ចឹម​សត្វ​ក្ងោក​នៅភូមិ​សន្លង់ ឃុំត្រពាំងចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំ​ង​នៅ​កាលពីថ្ងៃទី១៦​កុម្ភៈ​របស់​ឈ្មោះ យឹម សំអឿន ដែលគេអះអាងថាបានចិញ្ចឹមរាប់ឆ្នាំមកហើយនោះ។ ​

ប៉ុន្តែ​បើតាម​រដ្ឋបាល​ព្រៃឈើ ក្រុមការងារបានបើកការស៊ើអង្កេតច្បាស់លាស់មុនការចុះអនុវត្តនីមួយៗ ដោយជាលទ្ធផលបញ្ជាក់ថា បុគ្គលនេះបានធ្វើការជួញដូរសត្វក្ងោក តាមប្រព័ន្ធហ្វេសបុក ទូរស័ព្ទ និងមានភស្តុតាងដទៃទៀត ហើយថា ក្នុងហ្វេសបុករបស់លោក យឹម សំអឿន បានបង្ហោះលក់សត្វក្ងោក និងមានដាក់លេខទូរស័ព្ទទំនាក់ទំនងថែមទៀតផង។

បើតាម លោក យឹម សំអឿន ខ្លួនបានចិញ្ចឹមសត្វក្ងោកនេះ៩ឆ្នាំមកហើយតាំងពីក្ងោកមួយគូរយកមកពីថៃ រហូតកើនបាន២១ក្បាល កាត់បានពណ៌បួនប្រភេទ។ លោកសរសេរតាមហ្វេសប៊ុកថា​លោកមិនបានលក់សត្វក្ងោកទាំងនេះទេ ដោយអះអាងថាលោកជាអ្នកស្រឡាញ់សត្វ និង​ចាត់​ទុកការចុះ​បង្ក្រាបនេះថាជារឿងអយុត្តិធម៌។

សូមបញ្ជាក់ថា សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្រ្ត (Pavo muticus) ជាប្រភេទសត្វស្លាប ស្ថិតនៅក្រុមប្រភេទសត្វព្រៃមានដោយកម្រ យោងតាមប្រកាសថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧ ស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃនិងក្នុងឧបសម្ព័ន្ធទី២ នៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទរុក្ខជាតិ និងសត្វព្រៃជិតផុតពូជ (CITES)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ