អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ក្រសួងបរិស្ថាន យកខេត្ត៥ ក្នុងតំបន់ជួរភ្នំក្រវាញ មកអនុវត្តយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២

ក្រសួងបរិស្ថានសម្រេចកំណត់យកខេត្តចំនួន៥ នៃតំបន់ជួរភ្នំក្រវាញ មកអនុវត្តនូវយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា ក្នុងដំណាក់កាលទី២  ដើម្បីបន្តការពារសត្វព្រៃពីការជាប់អន្ទាក់ និងការសម្លាប់។  នេះបើតាមឱ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ថ្លែងក្នុងសន្និសីទកាសែតជាមួយអង្គការជាដៃគូនាព្រឹកថ្ងៃទី០២ ខែមីនានេះ។ សម្រាប់ក្រសួងបរិស្ថាន ដំណាក់កាលទី២នេះ ក៏នឹងដាក់ចេញនូវទិសដៅ៤បន្ថែមទៀត ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ការសម្លាប់សត្វព្រៃក្នុងគោលបំណងទៅយកបរិភោគ និងជួញដូរ។  

មន្ត្រីឧទ្យានុរក្សរកឃើញ អន្ទាក់ខ្សែកាបរាយប្រវែងប្រមាណ៥០០ម៉ែត្រ ដោយប្រើអាគុយដើម្បីឆក់សត្វ និងមានកាំភ្លើងកែឆ្នៃជាដើម។
មន្ត្រីឧទ្យានុរក្សរកឃើញ អន្ទាក់ខ្សែកាបរាយប្រវែងប្រមាណ៥០០ម៉ែត្រ ដោយប្រើអាគុយដើម្បីឆក់សត្វ និងមានកាំភ្លើងកែឆ្នៃជាដើម។ © Internet
ផ្សាយពាណិជ្ជកម្ម

 

ក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបានកំណត់រយៈពេល៥ខែ ដោយរាប់ចាប់ពីថ្ងៃទី០៣ ខែមីនា ដល់ខែ កក្តដា ឆ្នាំ២០២៣នេះ ហើយខេត្តដែលក្រសួងត្រូវអនុវត្តនោះគឺ ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កោះកុង បាត់ដំបង និងបៃលិន ដែលជាខេត្តស្ថិតក្នុងតំបន់ជួរភ្នំក្រវាញ។

លោក នេត្រ ភក្ត្រាបន្តថា យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធនធានធម្មជាតិដំណាក់កាលទី២នេះទៀតសោធ ក្រសួងក៏បានដាក់ចេញនូវទិសដៅចំនួន៤រួមមាន៖ ទី១ គឺការការពារ និងអភិរក្សធនធានធម្មជាតិ, ទី២គឺ ការទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់ ជាពិសេសសត្វព្រៃដែលអាចបង្កមហន្តរាយ និងជំងឺឆ្លងនានា, ទី៣ គឺការពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីកាត់បន្ថយចំនួនអន្ទាក់ ហើយទី៤ គឺការផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋ ជាពិសេសអ្នកនិយមបរិភោគសាច់ព្រៃ ដែលយល់ច្រឡំថា សាច់ព្រៃ ជាអាហារប៉ូវកម្លាំង បំប៉នសុខភាព និងព្យាបាលជំងឺផ្សេងៗ ឱ្យងាកមកចូលរួមការពារ និងអភិរក្សវិញ។

លោក សេង ទៀក ប្រធានអង្គការមូលនិធិសត្វព្រៃពិភពលោក(WWF) បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ហេតុផលដែលក្រសួង និងអង្គការជាដៃគូបន្តធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ ដោយសារយុទ្ធនាការដំណាក់កាលទី១ បានបង្ហាញឱ្យឃើញពីផលប៉ះពាល់ច្រើនក្នុងតំបន់ការពារធម្មជាតិ ខណៈយុទ្ធនាការដំណាក់កាលទី១នៅមិនទាន់គ្រប់ដណ្តប់ ឬអនុវត្តឱ្យបានពេញលេញចំពោះខេត្តផ្សេងនៅឡើយ។ ម្ល៉ោះហើយលោកថា ដំណាក់កាលទី២នេះ នឹងបន្តចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ការជួញដូរ និងការបរិភោគសាច់សត្វព្រៃតាមរយៈការដាក់អន្ទាក់នេះ។

ប្រធានអង្គការWWFរូបនេះយល់ថា ដើម្បីអាចទប់ស្កាត់បញ្ហានេះបានលឿន គឺមានតែការផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់ពីការដាក់អន្ទាក់សត្វព្រៃ។​ តែគួរជុំវិញឱ្យពលរដ្ឋរិះរករបរថ្មី ដើម្បីរកចំណូលចូលគ្រួសារជាជាងការដាក់អន្ទាក់នេះ។ 

ជុំវិញយុទ្ធនាការនេះ សកម្មជនការពារព្រៃឈើ និងបរិស្ថាន​ ក៏ធ្លាប់បានស្នើឱ្យក្រសួងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ជាពិសេសដាក់ទោសឱ្យធ្ងន់ធ្ងរចំពោះជនល្មើសនោះ ដើម្បីទប់ស្កាត់ការបាត់បង់សត្វព្រៃ​ ជាពិសេសសត្វព្រៃកម្រក្នុងដែនការពារធម្មជាតិរបស់កម្ពុជា។ ខណៈសកម្មជនទាំងអស់ ចង់ឃើញក្រសួងបរិស្ថាន និងក្រសួងកសិកម្មទប់ស្កាត់ការជួញដូរ និងលក់សត្វព្រៃនៅលើទីផ្សារផងដែរ។  

សូមជម្រាបថា  យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធនធានធម្មជាតិដំណាក់កាលទី១ ក្នុងខេត្តចំនួន៦រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរកឃើញថា ​ចំនួន​អន្ទាក់​បាន​ថយចុះ​នៅសល់ ៣៥,១៩៣អន្ទាក់ បើ​ធៀប​ជាមួយ​ទិន្នន័យ​មូលដ្ឋាន​ដែល​មិនទាន់​ធ្វើ​យុទ្ធនាការមាន​ចំនួន ៦១,១៦១ អន្ទាក់។

ដោយឡែក កាលពីឆ្នាំ២០២១ ​អន្ទាក់ចំនួនប្រមាណ ៦១,៦១១ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិ។ ក៏ប៉ុន្តែចំនួននេះបានកើនឡើងប្រមាណ២០% ពីចំនួន ៤៣,២៧០ ក្នុងឆ្នាំ២០២០។ ហើយបើតាមការសិក្សាកន្លងមក គឺថា បរិមាណអន្ទាក់ត្រឹមតែ២០%ប៉ុណ្ណោះត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងមួយឆ្នាំ ខណៈ៨០%ទៀត កំពុងមានវត្តមាននៅក្នុងព្រៃនៅឡើយ។

ក្នុងនោះ អន្ទាក់ដែលមន្ត្រីឧទ្យានុរក្សរកឃើញ ភាគច្រើនជា ​អន្ទាក់​អង្គប់​ដែក អង្គប់​មាន​ធ្មេញ ដុំ​ឆក់ ខ្សែ​កាប​រាយប្រវែងប្រមាណ៥០០ម៉ែត្រ ដោយប្រើអាគុយ​ដើម្បីឆក់សត្វ និងមានកាំភ្លើងកែឆ្នៃជាដើម។ ហើយកាលពីឆ្នាំ២០២១កន្លងទៅ មន្ត្រីឧទ្យានុរក្សដកហូតកាំភ្លើងកែឆ្នៃចំនួន៧៥៨ដើមផងដែរ៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ