អានតួអត្ថបទ
កម្ពុជា-នយោបាយ

កូនស្រីលោក កឹម សុខា ស្នើអូស្ត្រាលីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមន្ត្រីកម្ពុជាដែលធ្វើឲ្យខូចខាតប្រព័ន្ធប្រជាធិបតេយ្យ

 នៅក្នុងសំណុំរឿងអ្នកនយោបាយអតីតបក្សប្រឆាំង លោក កឹម សុខា មកដល់ពេលនេះនៅតែមិនចប់! នៅក្នុងបទសម្ភាសមួយជាមួយស្ថាប័នសារព័ត៌មាន ABC News កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា បានស្នើឲ្យក្រសួងការបរទេសអូស្ត្រាលីដាក់ទណ្ឌកម្មលើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា ចំពោះការធ្វើឲ្យខូចខាតប្រព័ន្ធប្រជាធិបតេយ្យ តាមរយៈការកាត់ទោសមេដឹកនាំអតីតបក្សប្រឆាំងឲ្យជាប់ឃុំឃាំងរយៈ២៧ឆ្នាំ។ 

នៅក្នុងបទសម្ភាសមួយជាមួយស្ថាប័នសារព័ត៌មាន ABC News កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា
នៅក្នុងបទសម្ភាសមួយជាមួយស្ថាប័នសារព័ត៌មាន ABC News កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា © Internet
ផ្សាយពាណិជ្ជកម្ម

 

ក្រោយការប្រកាសសាលក្រមលើលោក កឹម សុខា ឲ្យជាប់ឃុំចំនួន២៧ឆ្នាំ កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ និងកូនស្រីច្បងលោក កឹម សុខា យល់ថា សហគមន៍អន្តរជាតិ តួយ៉ាង អូស្ត្រាលីគួរតែធ្វើសកម្មភាពជាក់ស្តែង ឲ្យលើសពីការជជែកសន្ទនា និងសេចក្តីថ្លែងការណ៍ ដែលហាក់គ្មានប្រយោជន៍អ្វីក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្រាប់កញ្ញា កឹម មនោវិទ្យា គឺចង់ឃើញរដ្ឋាភិបាលអូស្ត្រាលីប្រើប្រាស់ច្បាប់ Global Magnitsky ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលត្រូវទទួលខុសត្រូវចំពោះការខូចខាតប្រព័ន្ធប្រជាធិបតេយ្យ។

បើតាមកញ្ញា កឹម មនោវិទ្យា អូស្ត្រាលី គឺជាបន្ទាយស្តុកទ្រព្យសម្បត្តិនៃបណ្តាមន្ត្រីគណបក្សកាន់អំណាយ។ ហើយប្រសិនបើរដ្ឋាភិបាលអូស្ត្រាលី អាចដាក់ទណ្ឌកម្មនេះលើមន្ត្រីកម្ពុជា នោះវានឹងអាចជាសម្ពាធដ៏មានប្រសិទ្ធភាព ខណៈដែលសហរដ្ឋអាមេរិក ជាប្រទេសដែលធ្លាប់បានប្រើប្រាស់ច្បាប់បង្កកទ្រព្យសម្បត្តិ Global Magitsky លើមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន។

នៅក្នុងបទសម្ភាសជាមួយ ABC News កូនស្រីច្បងលោក កឹម សុខា រូបនេះ បានបង្ហាញភាពខកចិត្តនៅចំពោះមុខនៃការឆ្លើយតបរបស់អូស្ត្រាលី ទៅលើការប្រកាសសាលក្រមលោក កឹម សុខា។ កញ្ញា កឹម មនោវិទ្យា លើកឡើងថា អូស្ត្រាលីគួរណាស់តែយល់ថា ខ្លួនត្រូវធ្វើអ្វីជាចំបាច់ ក្រៅតែពីសេចក្តីថ្លែងការណ៍ ដើម្បីឲ្យកម្ពុជាអាចអនុវត្តបាននូវប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ក៏កាន់តែជិតមកដល់។

ទោះយ៉ាងណា ក្រោយការកាត់ក្តីលោក កឹម សុខា ដែលញ៉ាំងឲ្យមានប្រតិកម្មភ្លាមពីបណ្តាសហគមន៍អន្តរជាតិ បានអន្ទងចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចេញមុខមកព្រមានភ្លាមៗ ចំពោះចេតនាទាំងអស់នោះ។ ថ្លែងនៅក្នុងវេទិកាសាធារណៈ កាលពីថ្ងៃចន្ទ លោក ហ៊ុន​ សែន បានព្រមានជាថ្មីទៀតថា ​«នឹងមិនអត់ឱន»ឲ្យសកម្មភាពណាទាំងអស់ដែល​មាន​ចេតនា​បំផ្លាញ​សន្តិភាព​នៅកម្ពុជា ​ទោះ​ក្នុង​តម្លៃណាក៏ដោយ​។

ក្នុងតំណែងជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំមកនេះ លោក ហ៊ុន សែន បានស្តីបន្ទោសឲ្យរដ្ឋបរទេសខ្លះ ថា​បានសំដែង​កង្វល់​ចំពោះកម្ពុជា​ ខណៈដែលកម្ពុជា​សន្តិភាពទៅហើយ តែរដ្ឋបរទេសទាំងនោះ​មានកំហុសក្នុងការគាំទ្រ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ​ក្នុង​ឆ្នាំ​១៩៧០ ដែល​បាន​ដុត​ប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុង​ភ្លើង​សង្គ្រាម​​រាប់​ទស្ស​វត្ស។

ទោះបីការព្រមាន មិនបានចុចឈ្មោះក្តី តែគេអាចកត់សម្គាល់ថា រដ្ឋបរទេសទាំងនោះរួមមាន សហរដ្ឋអាមេរិកជាដើម នាខណៈដែល សំណុំរឿងលោក កឹម សុខា ថ្មីៗនេះ ភាគីអាមេរិក អូស្ត្រាលី ជាដើមនោះ បានបង្ហាញភាពខកចិត្តយ៉ាងខ្លាំង ហើយទាមទាររដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងប្រព័ន្ធប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ