អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកជំនាញសិទ្ធិមនុស្សUNថា ការកាត់ទោសលោក កឹម សុខា គឺបិទលំហរនយោបាយមុនការបោះឆ្នោតថ្នាក់ជាតិ

អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានដាក់ក្តីព្រួយបារម្ភកាន់តែខ្លាំងចំពោះស្ថានភាពនយោបាយ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា ខណៈការបោះឆ្នោតថ្នាក់ជាតិកំពុងខិតជិតចូលមកដល់នាខែកក្តដាខាងមុខ។ ការព្រួយបារម្ភពីក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសលោក កឹម សុខា​ អតីតមេបក្សប្រឆាំងដ៏លេចធ្លោមួយរូបនៅកម្ពុជាឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ក្រោមបទចោទ«សន្និដ្ឋិភាពជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល ឬទោសក្បត់ជាតិ»។ 

លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ © Internet
ផ្សាយពាណិជ្ជកម្ម

 

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃទី០៨ ខែមីនាកន្លងទៅបបានចាត់ទុកថា ការកាត់ទោសលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយច្រើនជាងការអនុវត្តច្បាប់។ ក្នុងនោះ អ្នកជំនាញរបស់អសបបានបន្ថែមថា នេះជាភស្តុតាងបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមានចេតនាផ្តួលគូប្រជែងនយោបាយ និងអ្នកដែលរិះគន់ដល់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សដែលរួមមាន លោក វីទិត មុតតាប៊ន អ្នករាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់អង្គ​ការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា អ្នកស្រី Irene Khan អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និងអ្នកជំនាញមួយចំនួនទៀតនៃអង្គការសហប្រជាជាតិបានបន្តថា ករណីលោក កឹម សុខា គឺគ្មានភស្តុតាងណាមួយឱ្យជាក់លាក់ដើម្បីដាក់បន្ទុកឡើយ ដោយការចាប់ខ្លួនលោក កឹម សុខា គ្មានដីកា និងការផ្តន្ទាទោសដោយគ្មានភស្តុតាងរឹងមាំ គឺធ្វើឡើងតាមតែទំនើងចិត្ត ដោយមិនបានអនុវត្តទៅតាមស្តង់ដារនៃច្បាប់ស្តីពីសិទ្ធិមនុស្សកម្ពុជា ឬអន្តរជាតិ។

ម្ល៉ោះហើយក្រោយការផ្តន្ទាទោសលោក កឹម សុខាឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំនេះ ត្រូវបានអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិព្រួយបារម្ភចំពោះស្ថានភាពនយោបាយ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា ជាពិសេសស្ថានភាពកាន់តែអាក្រក់ខ្លាំងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រៀមធ្វើឡើងនៅថ្ងៃទី២៣ ខែកក្តដា ខាងមុខ។ ហើយពួកគេ ក៏ទទូចឱ្យរដ្ឋាភិបាលកម្ពុជាស្តារសិទ្ធិសេរីភាពរបស់លោក កឹម សុខាឡើងវិញ និងធានាឱ្យបាននូវការគោរពសិទិ្ធជាមូលដ្ឋានរបស់លោក កឹម សុខា។

ដោយឡែក កាលពីកាលថ្ងៃទី០៧ ខែមីនា លោក Volker Turk ស្នងការនៃស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានថ្លែងប្រាប់សម័យ​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវថា រដ្ឋាភិបាលកម្ពុជានៅបន្តប្រើអំណាចបង្ក្រាប អ្នកនយោបាយបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​។ លោក ថា សកម្មភាពទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់លំហរស៊ីវិល និងការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា។

តែយ៉ាងណា លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ការកាត់ទោសលោក កឹម សុខា គឺជាអនុវត្តស្របតាមច្បាប់របស់កម្ពុជា។ ហើយចំណែកការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ លោកកត់សម្គាល់ថា កម្ពុជានៅតែបន្តឈរលើគោលការណ៍ យុត្តិធម៌ អព្យាក្រឹត្យ និងឯករាជ្យ ខណៈមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយច្រើនផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ