អានតួអត្ថបទ
កម្ពុជា-នយោបាយ

សំណុំរឿងលោក កឹម សុខា៖ មេធាវីនឹងប្តឹងឧទ្ធរណ៍នៅសប្តាហ៍នេះ ប្រឆាំងសាលក្រមសាលាដំបូង

សហមេធាវីការពារសិទ្ធិ លោក កឹម សុខា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទនេះថា ក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីរបស់ពួកគេ ថាត្រូវសម្រេចប្តឹងឧទ្ធរណ៍ដោយរបៀបណា។ ការលើកឡើងរបស់សហមេធាវីការពារសិទ្ធិលោក កឹម សុខា ដូច្នេះ គឺបន្ទាប់ពីពួកគេទទួលបានសាលក្រមពេញលេញរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបានផ្តន្ទាទោសលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ។ 

សាលាដំបូងរាជធានីភ្នំពេញ
សាលាដំបូងរាជធានីភ្នំពេញ © Internet
ផ្សាយពាណិជ្ជកម្ម

លោកស្រី ម៉េង សុភារី ជាមេធាវីមួយរូបនៃក្រុមមេធាវីការពារសិទ្ធិលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថា ក្រុមមេធាវីនឹងមានជំនួបជាមួយកូនក្តីក្នុងពេលឆាប់ៗនេះ ដើម្បីជជែកគ្នាថាតើ លោក កឹម សុខា ចង់បន្តប្តឹងទៅសាលាឧទ្ធរណ៍លើចំណុចណាខ្លះ ឬក៏ប្តឹងប្រឆាំងនឹងការសម្រេចនៃសាលក្រមសាលាដំបូងទាំងស្រុងតែម្តង។

ក៏ប៉ុន្តែសម្រាប់ពេលនេះ លោកស្រីបញ្ជាក់ថា ក្រុមមេធាវីការពារក្តីទាំង៤នាក់ ត្រូវជួបជជែកគ្នាជាមុនសិន មុននឹងមានជំនួបជាមួយលោក កឹម សុខា ក្នុងពេលឆាប់ៗនេះ ខណៈការដាក់ពាក្យប្តឹងឧទ្ធរណ៍នឹងត្រូវធ្វើនៅក្នុងសប្តាហ៍នេះដែរ ក្រោយនីតិវិធីផ្លូវច្បាប់អនុញ្ញាតឲ្យជនជាប់ចោទមានសិទ្ធិប្តឹងឧទ្ធរណ៍រយៈពេល១ខែ។

សូមរំលឹកថាសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមីនា កន្លងទៅបានប្រកាសសាលក្រមសង្ខេបផ្តន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទក្បត់ជាតិ ព្រមទាំងដកហូតសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋផងដែរ។ ក៏ប៉ុន្តែលោក កឹម សុខា ត្រូវឃុំខ្លួននៅក្នុងផ្ទះ។ ការកាត់ទោសលោក កឹម សុខា បាននាំមកនូវប្រតិកម្មយ៉ាងព្រោងព្រាធពីសំណាក់អង្គការសង្គមស៊ីវិលជាតិមួយចំនួន អង្គការអន្តរជាតិ និងបណ្តាប្រទេសលោកខាងលិចជាច្រើនផងដែរ។ ទន្ទឹមគ្នានោះ ក៏មានប្រតិកម្មគាំទ្រសាលក្រមតុលាការពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកគាំទ្រគណបក្សកាន់អំណាចដូចគ្នាដែរ។

ទោះយ៉ាងណា លោកស្រី ម៉េង សុភារី មិនមានយោបល់អ្វីពីការតស៊ូក្តីនៅដំណាក់កាលឧទ្ធរណ៍ទេ ក៏ប៉ុន្តែលោកស្រីមេធាវីនៅតែយល់ថាសំណុំរឿងលោក កឹម សុខា គឺជារឿងនយោបាយ ដែលអ្នកនយោបាយគួរតែមានដំណោះស្រាយគ្នាបញ្ចប់ ដើម្បីប្រទេសជាតិ និងប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ