អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេ​ធាវី​ការ​ពារ​ក្តី​លោក​ កឹម ​សុខា ​បារម្ភ​ហួស​ពេល​ប្តឹង​ឧទ្ធរណ៍ ​ខណៈ​មាន​ការ​រារាំង​មិន​ឲ្យ​ជួប​កូន​ក្តី

មេ​ធាវី​ការ​ពារ​ក្តី​ឲ្យ ​លោក ​កឹម ​សុខា ​កាល​ពី​ម្សិល​មិញ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​បញ្ជាក់​ថា ​កង​កម្លាំង​ស្លៀក​ពាក់​ស៊ីវិល​ដែល​យាម​ផ្ទះ​អតីត​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​រារាំង​មិន​ឲ្យ​ក្រុម​មេធាវី​ចូល​ជួប​កូន​ក្តី​ឡើយ​។​ ការ​រា​រាំង​នេះ​គឺ​កង​កម្លាំង​ត្រូវ​ឲ្យ​ក្រុម​មេធាវី​ទៅ​សុំ​អនុញ្ញាត​ពី​ព្រះ​អាជ្ញា​ជា​មុន​សិន​។ ​ប៉ុន្តែ​សម្រាប់​មេ​ធាវី​ការ​ពារ​ក្តី​គូស​បញ្ជាក់​ថា​ គ្មាន​ច្បាប់​ណា​តម្រូវ​បែប​នេះ​ទេ ​ហើយ​ថា​មេធាវី​មិន​អាច​ធ្វើ​តាម​ការ​ណែនាំ​ដែល​ផ្ទុយ​នឹង​ច្បាប់​បែប​នេះ​ឡើយ​។​ 

លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ © Internet
ផ្សាយពាណិជ្ជកម្ម

លោក អាង ឧត្តម  សហមេធាវីការពារ​ក្តី​លោក កឹម សុខា ប្រាប់​វិទ្យុ​បារាំងអន្តរជាតិRFI នៅថ្ងៃទី១៥មីនាថា លោកមានការបារម្ភពីការផុតកំណត់​ប្តឹងឧទ្ធរណ៍​ប្រឆាំង​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ។ តុលា​ការ​​ជាន់ទាបនេះបានកាត់ទោស​អតីតមេដឹកនាំបក្សប្រឆាំងដាក់ឃុំក្នុង​ផ្ទះ២៧ឆ្នាំ​ក្រោម​បទចោទ​«សន្និដ្ឋិភាព​»ជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ថ្ងៃទី១៤មីនា សហមេធាវីការពារ​ក្តីលោក កឹម សុខា អះអាងថា​ចាប់ពីពេលនេះទៅ​ សហមេធាវីមិនអាចអនុវត្តសិទ្ធ បំពេញ​កាតព្វកិច្ច និង​ទទួល​ខុស​ត្រូវ​ចំពោះ​លោក កឹម សុខា និង​រឿង​ក្តី​បច្ចុប្បន្ន​បានទៀតឡើយ។

បើតាម​ក្រុមមេធាវីដដែល សិទ្ធិរបស់​លោក កឹម សុខា ដែល​ត្រូវទទួលបាន​មេធាវី​ការពារក្តី និងបានធានាដោយ​ច្បាប់ ត្រូវបានរំលោភយ៉ាង​ធ្ងន់​ធ្ងរ វៀរលែង​តែមានការ​ប្រែជាវិជ្ជមាន និងទាន់ពេល។ ការណ៍នេះ បានញាំងឲ្យមេធាវីការពារក្តីលោក កឹម សុខា បារម្ភហួសពេលប្តឹងឧទ្ធរណ៍ ខណៈថេរវេលា​ត្រឹម​១ខែគិតចាប់ពីថ្ងៃប្រកាសសាលក្រមកាលពីថ្ងៃទី៣មីនា។

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​តំណាងអយ្យការ​តុលាការ​ក្រុង​ភ្នំពេញ ចេញក្រោយ​ពេល​ប្រកាស​សាលក្រម​បានគូសបញ្ជាក់ថា «មិនត្រូវឲ្យ​[លោក កឹម សុខា]ជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិ​ខ្មែរ និង​បរទេស ដោយ​ផ្ទាល់ ឬប្រយោលតាម​ប្រព័ន្ធបច្ចេក​វិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការ​អនុញ្ញាត​ដោយ​ព្រះរាជអាជ្ញា​សាលាដំបូង ដោយ​តម្រូវការចាំបាច់ប៉ុណ្ណោះ។

ជុំវិញការ​កាត់ទោសលោក កឹម សុខា សហភាពអឺរ៉ុប នឹងកោះប្រជុំសមាជិករបស់​ខ្លួន​នៅថ្ងៃទី១៥ និង១៦មីនានេះ ហើយក៏មានរបៀបវារៈមួយដែរ និយាយពីករណីប្រទេសកម្ពុជា។ បើតាមសហភាពអឺរ៉ុប គេនឹងមានការបោះឆ្នោត​ដើម្បី​រកដំណោះ​ស្រាយជាបន្ទាន់មួយសម្រាប់លោក កឹម សុខា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ