អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក កឹម សុខា មានឱកាសប្ដឹងឧទ្ធរណ៍ ក្រោយអយ្យការអនុញ្ញាតឲ្យជួបមេធាវី

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ តាមរយៈមេធាវីតំណាងឲ្យខ្លួនអាចនឹងធ្វើការប្ដឹងទៅសាលាឧទ្ធរណ៍ ជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។ ការប្ដឹងទាស់នេះ អាចធ្វើទៅបានក្រោយពីអយ្យការអនុញ្ញាតឲ្យលោកជួបតំណាងមេធាវី ខណៈកន្លងមកសហមេធាវីលោក កឹម សុខា សុំជួបកូនក្ដី តែត្រូវសមត្ថកិច្ចរារាំង ដោយតម្រូវឲ្យសហមេធាវីស្នើសុំទៅអយ្យការជាមុនសិន។ 

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ © Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយពីមានស្នើសុំពីលោក កឹម សុខា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា បានអនុញ្ញាតឲ្យលោក កឹម សុខា ជួបជា​មួយមេធាវីរបស់លោក ដើម្បីពិភាក្សាគ្នាសារជាថ្មីថាគួរប្ដឹងទៅសាលាឧទ្ធរណ៍ ជំទាស់ទៅនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញឬក៏យ៉ាងណា។ លោក កឹម សុខា សល់ពេលជាងមួយ​​សប្ដាហ៍ប៉ុណ្ណោះ ដែលអាចធ្វើការប្ដឹងទាស់ទៅសាលាឧទ្ធរណ៍បាន បើមិនដូច្នោះទេសាលក្រមផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ នឹងចូលជាស្ថាពរ ព្រោះរយះពេល ១ខែនៃ​​ការប្ដឹង​ទាស់ជិតផុតកំណត់ទៅហើយ។

យ៉ាងណាមិញទាក់ទិនទៅនឹងការប្ដឹងទាស់ទៅសាលាឧទ្ធរណ៍នេះ លោកស្រី ម៉េង សុភារី សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ការប្ដឹងទៅសាលាឧទ្ធរណ៍ វាអាស្រ័យលើលោក កឹម សុខាប៉ុណ្ណោះ។ លោកស្រីបន្តថា បើលោក កឹម សុខា សម្រេចប្ដឹងទៅសាលាឧទ្ធរណ៍ នោះមេធាវីនឹងរៀបចំពាក្យបណ្ដឹងនេះជូនគាត់ ប៉ុន្តែសហមេធាវីមិនទាន់បានទៅជួបលោក កឹម សុខា ពិភាក្សាគ្នាទេគិតមកទល់នឹងពេលនេះ បើទោះបីជាតំណាងអយ្យការអនុញ្ញាតឲ្យជួបក៏ដោយ​។ នេះបើតាមលោកស្រីមេធាវី​ ម៉េង សុភារី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមីនា លោក កឹម សុខា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញសាលក្រមផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។ ក្នុងសាលក្រមក៏បានសម្រេចមិនអនុញ្ញាតឲ្យលោក កឹម សុខា ជួបបុគ្គលណាម្នាក់ មិនថាខ្មែរ ឬបរទេសឡើយ លុះត្រាតែមានការអនុញ្ញាតពីអយ្យការ​។ បញ្ហានេះហើយ ដែលធ្វើឲ្យសហមេធាវីលោក កឹម សុខា មិនអាចជួបពិភាក្សាជាមួយកូនក្ដី ដោយត្រូវស្នើសុំ និងមានការអនុញ្ញាតពីអយ្យការជាមុនសិន ទើបអាចជួបលោក កឹម សុខាបាន។

ទាក់ទងទៅនឹងការផ្ដន្ទាទោសលោក កឹម សុខានេះដែរ សភាអឺរ៉ុបថ្មីៗនេះ បោះឆ្នោតគាំទ្រសេចក្តីស្នើការដកប្រព័ន្ធ​អនុគ្រោះពន្ធ និងទណ្ឌកម្មលើមន្ត្រីកម្ពុជា ក្រោយការបោះឆ្នោតថ្នាក់ជាតិ ប្រសិនបើការបោះឆ្នោតនោះមិនស្របតាមគោលការណ៍អន្តរជាតិ។ ប៉ុន្តែទណ្ឌកម្មទាំងនេះ គេកត់សម្គាល់ឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ហាកមិនខ្វាយខ្វល់ឡើយ ដោយលើកឡើងថា កម្ពុជាមិនមកយកអធិប​តេយ្យភាពរបស់ខ្លួន ទៅដោះដូរជំនួយ ឬភាពអនុគ្រោះណាមួយឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ