អានតួអត្ថបទ
កម្ពុជា-នយោបាយ

ចូលឆ្នាំខ្មែរ៖ អ្នកនយោបាយកាន់អំណាចបង្ហាញរូបភាពរីករាយ តែអ្នកនយោបាយប្រឆាំងបង្ហាញនូវភាពទុក្ខសោក

 នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសាស្អែកនេះ អ្នកនយោបាយនៃគណបក្សកាន់អំណាចបានបង្ហាញពីភាពសប្បាយរីករាយ និងត្រៀមចូលរួមសង្ក្រាន្តធំៗ ដូចជាអង្គរសង្ក្រាន្តនៅខេត្តសៀមរាបជាដើម។ ដោយឡែកអ្នកនយោបាយប្រឆាំងវិញ ពួកគេកំពុងស្ថិតនៅក្នុងសភាពស្ងាត់ស្ងៀមនៅឡើយ ហើយអ្នកខ្លះកំពុងបាត់បង់សិទ្ធិចូលរួមអបអរបុណ្យចូលឆ្នាំថ្មី ដោយហេតុថាពួកគេបានរងនូវចំណាត់ផ្លូវច្បាប់ពីរដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារបានចាកចេញពីរាជធានីភ្នំពេញតាមឧត្ថម្ភាគចក្រ សំដៅទៅកាន់ខេត្តសៀមរាបដើម្បីធ្វើជាអធិបតីនៃពិធីបើកអង្គរសង្ក្រាន្ត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារបានចាកចេញពីរាជធានីភ្នំពេញតាមឧត្ថម្ភាគចក្រ សំដៅទៅកាន់ខេត្តសៀមរាបដើម្បីធ្វើជាអធិបតីនៃពិធីបើកអង្គរសង្ក្រាន្ត។ © FB/SPM
ផ្សាយពាណិជ្ជកម្ម

ផ្តើមចេញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាចបច្ចុប្បន្ននោះ លោក និងក្រុមគ្រួសារបានចាកចេញពីរាជធានីភ្នំពេញតាមឧត្ថម្ភាគចក្រនៅថ្ងៃនេះ សំដៅទៅកាន់ខេត្តសៀមរាបដើម្បីធ្វើជាអធិបតីនៃពិធីបើកអង្គរសង្ក្រាន្ត។

ក៏ប៉ុន្តែមុននេះ លោកនាយករដ្ឋមន្ត្រីបានរៀបចំពិធីនៅក្នុងក្រុមគ្រួសារផងដែរ ដោយកូនៗនិងចៅៗទាំងអស់របស់លោកអង្គុយត្រៀបត្រាជាមួយគ្នា ហើយលោក និងភរិយា ជាអ្នកស្រោចទឹកប្រោះព្រំដល់ពួកគេ ដើម្បីទទួលបានសិរីសួស្តី ជយមង្គលនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ ទំនៀមទំលាប់នេះ ពលរដ្ឋធម្មតាក៏បានធ្វើរៀងៗខ្លួនផងដែរ។

ងាកទៅមើលលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិវិញ តាមទំលាប់ហ្វេសប៊ុករបស់លោកតែងបង្ហាញពីរូបភាពថ្មីៗស្តីពីសកម្មភាពសាសនាផ្សេងៗ ឬក៏សរសេរសារជូនពរអំឡុងបុណ្យប្រពៃណីជាតិធំៗ។ ក៏ប៉ុន្តែចូលឆ្នាំខ្មែរឆ្នាំនេះ លោក កឹម សុខា មានសភាពស្ងប់ស្ងាត់ ដោយហេតុថាតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី០៣ ខែមីនា បានផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ ពីបទក្បត់ជាតិ ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផងដែរ។

ក៏ប៉ុន្តែលោក មុត ចន្ថា អ្នកនយោបាយប្រឆាំងមួយរូបស្និទ្ធនឹងលោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាលោកកឹម សុខា តែងចូលរួមប្រារព្ធពិធីប្រពៃណីជាតិខ្មែរយ៉ាងខ្ជាប់ខ្ជួន ដោយនិមន្តព្រះសង្ឃធ្វើបុណ្យឧទ្ទិសកុសលជូនបុព្វការីជន ជូនអ្នកមានគុណ ធ្វើទានជូនអ្នកខ្វះខាត ជួបជុំក្រុមគ្រួសារ ញាតិមិត្តជាដើម។ ប៉ុន្តែពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាឆ្នាំនេះ គួរឲ្យសោកស្តាយ និងសង្វេគខ្លាំងណាស់ កុំថាឡើយពួកគេបានជួបមុខ បានឮសម្លេង សូម្បីតែអ្នកម្តាយជាទីគោរពស្រឡាញ់បំផុតរបស់លោក ដែលមានជន្មាយុជិត១០០វស្សា កំពុងមានជំងឺសម្រាកនៅលើគ្រែក្រោកមិនរួច ក៏លោក កឹម សុខា មិនអាចទៅជួបមុខ ក្រាបបង្គំធ្វើបុណ្យជូនពរអ្នកមានគុណដែលជាព្រះរស់ដូចរាល់ឆ្នាំបានដែរ។ នេះបើតាមលោក មុត ចន្ថា។ លោកសង្ឃឹមថាលោក កឹម សុខា អាចទទួលបាននូវសេរីភាព ដើម្បីលោកអាចចូលរួមបម្រើជាតិក្នុងសមត្ថភាពណាមួយ ជាពិសេសក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ចំណែកលោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំងកំពុងនិរទេសខ្លួននៅក្រៅប្រទេសវិញ មិនទាន់មានសារអ្វីទាក់ទងទៅនឹងពិធីបុណ្យចូលឆ្នាំខ្មែរទេ ក៏ប៉ុន្តែតាមរយៈហ្វេសប៊ុករបស់លោក លោក សម រង្ស៊ី បានលើកយកករណីសកម្មជន និងមេដឹកនាំបក្សប្រឆាំង៣រូប ដែលកំពុងជាប់ឃុំ គឺកញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង លោកថាច់ សេដ្ឋា មកនិយាយថាជាមនុស្សស្លូតត្រង់។

រីឯមេដឹកនាំជាន់ខ្ពស់ និងអ្នកនយោបាយរបស់គណបក្សកាន់អំណាចផ្សេងៗទៀត ក៏បានទៅចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំនៅតាមខេត្ត ក្រុងរៀងៗខ្លួន និងត្រៀមប្រមូលផ្តុំគ្នាជុំវិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខេត្តសៀមរាបផងដែរ នៅក្នុងពិធីបើកកម្មវិធីអង្គរសង្ក្រាន្តនៅថ្ងៃចូលឆ្នាំថ្មីនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ