អានតួអត្ថបទ
កម្ពុជា-នយោបាយ

សាលាដំបូងត្រៀមបញ្ជូនពាក្យប្តឹងជំទាស់របស់លោក កឹម សុខា ឡើងទៅឧទ្ធរណ៍ បន្ទាប់ពីចាយពេលពិនិត្យជាង២សប្តាហ៍

សាលាដំបូងរាជធានីភ្នំពេញនឹងបញ្ជូនពាក្យប្តឹងជំទាស់ទៅនឹងសាលក្រមរបស់លោក កឹម សុខា ឡើងទៅសាលាឧទ្ធរណ៍ នៅថ្ងៃពុធនេះ បន្ទាប់ពីចាយពេលពិនិត្យពាក្យប្តឹងជាង២សប្តាហ៍។ ការពន្យារពេលបញ្ជូនពាក្យប្តឹងជំទាស់របស់លោក កឹម សុខា ឡើងទៅសាលាឧទ្ធរណ៍នេះ បានញ៉ាំងឲ្យកូនស្រីមេដឹកនាំអតីតបក្សប្រឆាំង ថាលោក កឹម សុខា នឹងខកខានឱកាសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងធ្វើឡើងនៅខែកក្កដាខាងមុខ។ 

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលធ្វើដំណើរទៅកាន់តុលាការក្នុងគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។
ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលធ្វើដំណើរទៅកាន់តុលាការក្នុងគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា សាលាដំបូងនឹងបញ្ជូនពាក្យបណ្តឹងជំទាស់នឹងសាលក្រមរបស់លោក កឹម សុខា មេដឹកនាំអតីតបក្សសង្រ្គោះជាតិ ឡើងទៅសាលាឧទ្ធរណ៍ ឬតុលាការថ្នាក់កណ្តាល នៅថ្ងៃពុធ បន្ទាប់ពីពិនិត្យរួចរាល់។ ពាក្យបណ្តឹងជំទាស់របស់លោក កឹម សុខា ទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលដាក់ចូលកាលពីថ្ងៃទី៣០មីនា បានចាយពេលអស់ជាង២សប្តាហ៍ មុននឹងសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនឡើងទៅសាលាឧទ្ធរណ៍។

ការណ៍នេះ មេធាវីលោក កឹម សុខា យល់ថាអាចប៉ះពាល់ដល់សិទ្ធិទទួលបានការជម្រះក្តីដោយឆាប់រហ័សប្រសិនជាមានការពន្យាពេលមិនសមរម្យណាមួយ។ តាមលោក អាង ឧត្តម សហមេធាវីការពារក្តីលោក កឹម សុខា បញ្ជាក់ថាការសម្រេចបើកសវនាការនៅសាលាឧទ្ធរណ៍ គឺមិនមាននីតិវិធីណាមួយកំណត់ឡើយ យោងតាមបទពិសោធន៍សំណុំរឿងខ្លះអាចត្រូវការពេលរាប់ខែ។

ដោយឡែកសម្រាប់កូនស្រី លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា យល់ថា មេដឹកនាំអតីតបក្សប្រឆាំងរូបនេះអាចបាត់បង់ឱកាសចូលរួមការបោះឆ្នោតពេលខាងមុខ ខណៈដែលសំណុំរឿងនយោបាយរបស់លោក កឹម សុខា នៅតែបន្តភាពស្មុគស្មាញដោយគ្មានដំណោះស្រាយ។ អាចបាត់បង់ឱកាស ដ្បិតថ្ងៃផុតកំណត់សម្រាប់គណបក្ស និងបេក្ខជនចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ គឺថ្ងៃទី៤ឧសភាពេលខាងមុខ។

សូមរំលឹកថាលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៣ ខែមីនាកន្លងទៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសចំនួន២៧ឆ្នាំ ដោយឃុំខ្លួននៅក្នុងផ្ទះ ក្រោមបទចោទក្បត់ជាតិ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយទាំងអស់។ កាលពីចុងខែមីនាដែរ លោក កឹម សុខា បានដាក់ពាក្យប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងការសម្រេចទាំងអស់របស់សាលាដំបូងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានតម្រុយណាមួយពីសាលាឧទ្ធរណ៍កំណត់ពេលវេលាជំនុំជម្រះឡើងវិញនៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ