អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរ​ស្រុក​បាធាយ​ថា ​គ្មាន​ការ​លក់​ដូរ​សត្វ​ព្រៃ​ក្នុង​មូលដ្ឋាន​ខ្លួនឡើយ

រដ្ឋបាល​ស្រុកបាធាយ ​ច្រាន​ចោល​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ការជួញដូរ​ និង​លក់​សត្វ​ព្រៃនៅ​តាម​ដង​ផ្លូវជាតិលេខ៦​អាត្រង់​គីឡូម៉ែត្រ​លេខ៤៩ថា ​ជារូបភាពចាស់ៗ។​ ការចេញ​មក​បដិសេធ​នាពេលនេះ​ ធ្វើ​ឡើង​បន្ទាប់​ពីមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ប្រជាពលរដ្ឋ​មួយចំនួន​ ធ្វើដំណើរ​ត្រង់​ទីតាំង​ខាងលើ​ប្រទះ​ឃើញ​សកម្មភាព​លក់សត្វ​ព្រៃយ៉ាង​សកម្ម​ ដោយ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរក្នុង​មូលដ្ឋាន។​

ការជួញដូរ និងលក់សត្វព្រៃនៅតាមដងផ្លូវជាតិលេខ៦
ការជួញដូរ និងលក់សត្វព្រៃនៅតាមដងផ្លូវជាតិលេខ៦ © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៣ រដ្ឋបាលស្រុកបាធាយ អះអាងថា គ្មានឡើយករណីជួយដូរ ឬលក់សត្វព្រៃនៅតាមដងផ្លូវជាតិលេខ៦អា ស្ថិតត្រង់គីឡូម៉ែត្រលេខ៤៩ ចំណុចស្ពានត្រស់ ដូចដែលបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានាបង្ហោះនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទេ។

ត្រង់ចំណុចនេះ អាជ្ញាធរចាត់ទុកថា ជារូបភាពចាស់ដែលផ្សព្វផ្សាយតគ្នា ពីព្រោះកន្លងមក អាជ្ញាធរមានសមត្ថកិច្ចធ្លាប់បានអញ្ចើញពលរដ្ឋដែលលួចបន្លំរក្សាទុក និងលួចលក់សត្វព្រៃ ឱ្យធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ ពិសេសមានទាំងការចាប់ផាកពិន័យអន្តរកាល ហើយថែមទាំងធ្លាប់បញ្ចូនទៅតុលាការម្តងផង។

ទោះបីធ្លាប់មានចំណាត់ការតាមផ្លូវច្បាប់យ៉ាងណា សម្រាប់ករណីលួចលក់ និងជួញដូរសត្វព្រៃនៅតាមដងផ្លូវក្នុងភូមិសាស្ត្រស្រុកបាធាយនៃខេត្តកំពង់ចាមនេះ ត្រូវបានរដ្ឋបាលស្រុកបាធាយសង្កេតឃើញថា ជនល្មើសនៅតែបន្តលួចបន្លំរក្សាទុក ឬបន្លំភ្នែកអាជ្ញាធរក្រោមរូបភាពលក់ត្រីងៀត ត្រីឆ្អើ និងផ្លែឈូកជាដើម។

លោក ហេង គឹមហុង ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជាយល់ថា នេះជាការគេចវេសមិនទទួលខុសត្រូវរបស់អាជ្ញាធរក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយលោកមើលឃើញថា ការលក់ដូរសត្វព្រៃតាមដងផ្លូវក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម គឺជារឿងពិត ហើយនៅតែបន្តកើតមានយ៉ាងព្រោងព្រាត ដោយគ្មានការអើពើពីអាជ្ញាធរ។

បើតាម លោក គឹម ហុង   ក្នុងនាមអាជ្ញាធរមូលដ្ឋាន មិនគួរច្រានចោលនូវអ្វីដែលពលរដ្ឋបានឃើញ ឬឈឺឆ្អាលនោះទេ ផ្ទុយទៅវិញអាជ្ញាធរគួរសប្បាយចិត្តនៅពេលដែលពលរដ្ឋបានចូលរួមផ្សព្វផ្សាយ និងទប់ស្កាត់ការលក់ ឬជួញដូរសត្វព្រៃ។ តែយ៉ាងណា ​លោកព្រួយបារម្ភថា សកម្មភាពលក់ដូរសត្វព្រៃនៅទីសាធារណ ជាពិសេសក្នុងស្រុកបាធាយ​នឹងបន្តកើតមាន ប្រសិនបើអាជ្ញាធរគ្មានចំណាត់ការណាឱ្យបានត្រឹមត្រូវ។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់សមាគមបណ្តាញយុវជនកម្ពុជាកាលពីខែមីនា បានរកឃើញថា ខេត្តស្ទឹងត្រែង និងខេត្តក្រចេះដែលជាភូមិសាស្ត្រខេត្តជាប់នឹងតំបន់ការពារធម្មជាតិមានករណីលក់សត្វព្រៃខុសច្បាប់យ៉ាងអណាធិបតេយ្យ។ សត្វព្រៃដែលពលរដ្ឋយកមកលក់ភាគច្រើនជាប្រភេទសត្វជ្រូកព្រៃ ប្រឹស និងឈ្លូសជាដើម។

ករណីលក់ និងជួញដូរសត្វព្រៃនៅតែបន្តដដែល។ តែយ៉ាងណា កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថានសម្រេចកំណត់យកខេត្តចំនួន៥ រួមមាន៖ ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កោះកុង បាត់ដំបង និងបៃលិន  ដែលស្ថិតនៅតំបន់ជួរភ្នំក្រវាញ មកអនុវត្តនូវយុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២។ ខណៈកាលពីដំណាក់កាលទី២ ក្រសួងបរិស្ថានបានអនុវត្តទៅលើខេត្តចំនួន៦ មានដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ ហើយរកឃើញថា ចំនួន​អន្ទាក់​បាន​ថយចុះ​នៅសល់ជាង៣ម៉ឺន៥ពាន់(៣៥,១៩៣អន្ទាក់) បើ​ធៀប​ជាមួយ​ទិន្នន័យ​មូលដ្ឋាន​ដែល​មិនទាន់​ធ្វើ​យុទ្ធនាការមាន​ចំនួនជាង៦ម៉ឺន(៦១,១៦១) អន្ទាក់។

ដោយឡែក កាលពីឆ្នាំ២០២១ ​អន្ទាក់ចំនួនប្រមាណ៦ម៉ឺន(៦១,៦១១) ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិ។ ក៏ប៉ុន្តែចំនួននេះបានកើនឡើងប្រមាណ២០% ពីចំនួនជាង៤ម៉ឺនអន្ទាក់(៤៣,២៧០) ក្នុងឆ្នាំ២០២០។ ហើយ បើតាមការសិក្សាកន្លងមក គឺថា បរិមាណអន្ទាក់ត្រឹមតែ២០%ប៉ុណ្ណោះត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងមួយឆ្នាំ ខណៈ៨០%ទៀត កំពុងមានវត្តមាននៅក្នុងព្រៃនៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ