អានតួអត្ថបទ
កម្ពុជា-សង្គម

របាយការណ៍FCEE៖ តំបន់រ៉ាមសារស្ទឹងត្រែងរងការគំរាមកំហែង ដោយទំនប់វារីអគ្គិសនី ការបរបាញ់សត្វ និងបញ្ហាអាកាសធាតុ

តំបន់ដីសើមរ៉ាមសារស្ថិតក្នុងខេត្តស្ទឹងត្រែង កំពុងប្រឈមនឹងការគំរាមកំហែងពីរូបភាពសាងសង់ទំនប់វារីអគ្គិសនី បញ្ហាប្រែប្រួលអាកាសធាតុ និងការប្រមាញ់សត្វ។ នេះបើតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមេសា ដោយក្រុមអភិរក្សអេកូឡូស៊ីខ្លាត្រី (FCEE) ដែលគាំទ្រពីក្រោយដោយគម្រោងទន្លេមេគង្គរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ(IUCN)។ ក្នុងរបាយការណ៍ស្រាវជ្រាវនេះ ក្រុមអភិរក្សព្រួយបារម្ភថា ការធ្វើប្រតិបត្តិការទំនប់វារីអគ្គិសនី និងការប្រែប្រួលអាកាសនាពេលបច្ចុប្បន្ន នឹងបង្កផលប៉ះពាល់ដល់ជីវចម្រុះក្នុងតំបន់ខាងលើ។  

តំបន់ដីសើមរ៉ាមសារស្ថិតក្នុងខេត្តស្ទឹងត្រែង។
តំបន់ដីសើមរ៉ាមសារស្ថិតក្នុងខេត្តស្ទឹងត្រែង។ © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងរបាយការណ៍ក្រោមចំណងជើងថា«ការវាយតម្លៃភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ (CCVA) សម្រាប់តំបន់រ៉ាមសារខេត្តស្ទឹងត្រែង (STRS)» ក្រុមអភិរក្សខ្លាត្រី Fishing Cat Ecological Enterprise បានរកឃើញថា បញ្ហាចម្បងដែលចាត់ចូលជាសញ្ញាព្រួយបារម្ភចំពោះផលប៉ះពាល់ដែលគំរាមកំហែងធ្ងន់ធ្ងរដល់តំបន់ដីសើមរ៉ាមសារ គឺការសាងសង់ទំបន់វារីអគ្គិសនី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្ហូរទឹកពីទំនប់វារីអគ្គិសនីក្នុងរដូវប្រាំងមកលើ់តំបន់រ៉ាមសារបានធ្វើឱ្យមានការប្រែប្រួលវដ្តនៃជីវិតរបស់រុក្ខជាតិ សត្វនៅលើតំបន់នេះទាំងមូល។

ម្យ៉ាងវិញទៀត បម្រែបម្រួលនៃលំហូរទឹកតាមដងទន្លេមេគង្គក៏ជាបញ្ហាចោទមួយទៀត ដោយក្នុងរដូវប្រាំងកម្រិតទឹកធ្លាក់ចុះយ៉ាងខ្លាំងដល់កម្រិតអប្បរមា២ម៉ែត្រ ខណៈក្នុងរដូវវស្សា កម្រិតទឹកបានកើនឡើងរហូតដល់ចន្លោះពី១០-១២ម៉ែត្រ។

ដោយឡែក ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ ក្រុមអភិរក្ស FCEE​ ព្រួយបារម្ភជាខ្លាំងក្រោយកម្រិតសីតុណ្ហភាពក្នុងតំបន់ដីសើមរ៉ាមសារមានការប្រែប្រួលដែលមិនធ្លាប់មានពីមុន ពោល គឺការចាប់ផ្តើមនៃរដូវវស្សាមិនអាចទាយទុកមុនបាន។ សម្រាប់ពលរដ្ឋរស់នៅតំបន់នេះបានរាយការណ៍ថា ពួកគេជួបប្រទះនឹងគ្រោះរាំងស្ងួត ខ្យល់ព្រុះ និងខ្យល់បក់ខ្លាំង។ បញ្ហាទាំងនេះ បានបង្កឱ្យផ្ទះសម្បែង ផលដំណាំរងការខូចខាត ខណៈពលរដ្ឋប្រឈមនឹងបញ្ហាសុខភាព។

បញ្ហាមួយទៀតដែលធ្វើឱ្យតំបន់ដីសើមរ៉ាមសាររងគ្រោះ គឺបទល្មើសសត្វព្រៃ។ បើផ្អែកការស្ទង់មតិ និងផ្តិតរូបភាពដោយកាមេរ៉ាក្រុមអភិរក្ស FCEE បានបង្ហាញឱ្យឃើញពីវត្តមានរបស់សត្វទន្សោងជិតផុតពូជ សត្វស្វាកន្ទុយវែង និងសត្វ​ក្ងោកបៃតង។ ប៉ុន្តែចំពោះវត្តមានសត្វខ្លាត្រីក្នុងតំបន់ដីសើមរា៉មសារក្នុងខេត្តស្ទឹងត្រែងវិញ មិនត្រូវបានកត់ត្រាឡើយ។ មិនបានកត់ត្រាអាចដោយសារតែវត្តមានខ្លាត្រីមានតិចតូច ឬអាចផុតពូជក្នុងតំបន់ខាងលើ។ តែយ៉ាងណា ទោះបីរបាយការណ៍ស្រាវជ្រាវបានរកឃើញនូវប្រភេទសត្វកម្រ និងជិតផុតពូជមួយចំនួនមានវត្តមានយ៉ាងណាក្តី សម្រាប់លទ្ធផលស្រាវជ្រាវរបស់ ក្រុមអភិរក្សខ្លាត្រី នៅតែបន្តរកឃើញជនល្មើសប្រើប្រាស់កាំភ្លើង និងសំណាញ់ដើម្បីបរបាញ់សត្វព្រៃ។

លោក ហេង គឹមហុង ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជាកត់សម្គាល់ថា សកម្មភាពប្រមាញ់សត្វព្រៃក្នុងតំបន់រ៉ាមសារគ្មានស្រាក់ស្រាន្តឡើយ។ សកម្មភាពប្រមាញ់សត្វព្រៃបន្តយ៉ាងសកម្មដូចជាប្រភេទសត្វជ្រូកព្រៃ ប្រឹស ឈ្លូស ត្រកួតការនេសាទត្រីខុសច្បាប់ និងការប្រមាញ់សត្វស្លាបជិតផុតពូជជាដើម។

ក្រៅពីការប្រមាញ់សត្វព្រៃខុសច្បាប់ លោកគឹមហុង សង្កេតឃើញថា ព្រៃឈើលិចទឹកមួយចំនួនបាក់ដួលរលំជាបណ្តើរៗផង ក្រោយរូបភាពកាប់បំផ្លាញ់យ៉ាងសកម្ម។ ម្ល៉ោះហើយ លោក គឹមហុង ស្នើឱ្យមានវិធានការដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ ដើម្បីរក្សាបានជីវិតរបស់រុក្ខជាតិ សត្វ និងជីវៈចម្រុះដទៃទៀត។

សូមជម្រាបថា តំបន់រ៉ាមសារ ឬហៅថាតំបន់ដីសើម ស្ថិតក្នុងខេត្តស្ទឹងត្រែងនេះ មានទំហំផ្ទៃដីប្រវែង១,៤ម៉ឺនហិកតា គ្របដណ្តប់ដោយព្រៃលិចទឹក និងអន្លង់ជ្រៅៗដែលជាជង្រុកត្រីជាច្រើនរួមទាំងសត្វស្លាបចម្រុះ និងប្រភេទសត្វកម្រ ជីវចម្រុះផងដែរ។ តំបន់រ៉ាមសារស្ទឹងត្រែងនេះ លាតសន្ធឹងប្រវែង៤០គីឡូម៉ែត្ររវាងក្រុងស្ទឹងត្រែង និងព្រំដែនប្រទេសឡាវ។ ប្រទេសកម្ពុជាមានតំបន់រ៉ាមសារចំនួនប្រាំ រួមមាន តំបន់រ៉ាមសារបឹងទន្លេឆ្មារ, តំបន់រ៉ាមសារកោះកាពិ, តំបន់រ៉ាមសារស្ទឹងត្រែង, តំបន់រ៉ាមសារព្រែកទាល់ និងតំបន់រ៉ាមសារស្ទឹងសែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ