អានតួអត្ថបទ
កម្ពុជា-សង្គម

យុវជនតំណាងបក្សនយោបាយចង់ឃើញអាជ្ញាធរគិតគូពីបញ្ហាពលរដ្ឋខ្ចីប្រាក់ក្រៅប្រព័ន្ធ

ក្រុម​យុវជន​មក​ពី​គណបក្ស​នយោបាយ ​និង​អង្គការ​សង្គមស៊ីវិល​ ចង់​ឃើញ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​គិតគូ​ពី​បញ្ហា​ប្រជាពលរដ្ឋ​ខ្ចី​ប្រាក់​ក្រៅ​ប្រព័ន្ធ​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​បំណុល​វ័ណ្ឌក។​ ការ​លើក​ឡើង​របស់​ក្រុម​យុវជន​បែប​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ពិភាក្សា​ស្តី​អំពី​អនុសាសន៍​យុវជន​លើ​គោលនយោបាយ​សាធារណៈ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។​

ពិធីផ្សព្វផ្សាយអនុសាសន៍យុវជនលើគោលនយោបាយសាធារណៈ
ពិធីផ្សព្វផ្សាយអនុសាសន៍យុវជនលើគោលនយោបាយសាធារណៈ © Internet
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរមូលដ្ឋានគួរតែពង្រឹងសាវាសាធារណៈនៅក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ មុននឹងចេញលិខិតបញ្ជាក់ស្នើសុំខ្ចីប្រាក់ និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីផលប៉ះពាល់នៃបំណុល ដែលធ្វើឡើងនៅក្រៅប្រព័ន្ធគ្រឹះស្ថានឯកជន និងសាធារណៈ។ នេះគឺជាគោលនយោបាយដែលក្រុមយុវជនតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរគិតគូឡើងវិញ ខណៈដែលបញ្ហាកម្ចីក្រៅប្រព័ន្ធកំពុងតែកើតមានឡើង ជាពិសេសនៅតំបន់ជនបទ។

លោកស្រី ចៅ រតនៈ តំណាងយុវជនមកពីគណបក្សភ្លើងទៀន លើកឡើងថា វាជាផលវិបាក ដែលអាជ្ញាធរមិនសូវមានចំណាត់ការចំពោះការខ្ចីប្រាក់នៅក្រៅប្រព័ន្ធ។ បើតាមលោកស្រី ចៅ រតនៈ ការចងការប្រាក់ក្រៅប្រព័ន្ធ គឺធ្វើឲ្យប្រជាពលរដ្ឋត្រូវប្រឈមនឹងអាត្រាការប្រាក់ខ្ពស់ ខណៈដែលកត្តាជីវភាពប្រជាពលរដ្ឋក៏កំពុងប្រឈមខ្ពស់ នាអំឡុងពេលនៃវិបត្តិកូវីដ១៩កន្លងទៅ។

នៅចំពោះមុខនៃបញ្ហានេះ តំណាងយុវជនគណបក្សនយោបាយ យល់ថា​ អាជ្ញាធរត្រូវពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងបានទូលាយជាងមុន អំពីការខ្ចីប្រាក់ក្រៅប្រព័ន្ធ និងបញ្ហាប្រឈមដែលពួកគេអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិ ជាថ្នូរនឹងការសងត្រលប់ទៅម្ចាស់បំណុលវិញ។

ការលើកឡើងរបស់ក្រុមយុវជនបែបនេះ គឺធ្វើឡើងនាពេលដែលពួកគេបានកត់សម្គាល់ឃើញថា​ ប្រជាពលរដ្ឋនៅតាមតំបន់ជនបទកំពុងប្រឈមខ្ពស់ទៅនឹងការសងប្រាក់ត្រលប់ទៅម្ចាស់បំណុល ដោយសារតែការខ្ចីប្រាក់ក្រៅប្រព័ន្ធ មិនមែនជាការខ្ចីតាមប្រព័ន្ធធនាគារ។ បញ្ហានេះ អង្គការសង្គមស៊ីវិលមួយចំនួន ក៏ធ្លាប់បានចេញរបាយការណ៍របស់ខ្លួន ដែលបង្ហាញថា​ ប្រជាពលរដ្ឋមួយចំនួនប្រឈមនឹងបញ្ហាសងប្រាក់ត្រលប់ទៅវិញ ខណៈដែលពួកគេខ្លះក៏ត្រូវបង្ខំចិត្តលក់ដីធ្លី និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា ការជជែករបស់បណ្តាយុវជនតំណាងគណបក្សនយោបាយនេះ មានសមាភាពចាប់ពី គណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ ក្នុងនោះ មានទាំងគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា ជាដើម។ ហើយការជជែកពិភាក្សាទៀតសោត គឺបណ្តាយុវជន បានលើកជាគោលនយោបាយរហូតដល់​ ១២ចំណុច ដែលចង់ឃើញរដ្ឋាភិបាលមានកែទម្រង់ឲ្យល្អប្រសើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ