អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ទទួលស្គាល់ថាលោកទទួលបទបញ្ជាឲ្យទៅបង្ក្រាបខ្មែរឥស្លាមនៅស្រុកក្រូចឆ្មារតែលោកមិនធ្វើ

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករប្រមាណ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថាលោកបានទទួលបទបញ្ជាពីមេបញ្ជាការខ្មែរក្រហមម្នាក់ទៀត ឲ្យទៅបង្ក្រាបការបះបោររបស់ខ្មែរឥស្លាមនៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ក៏ប៉ុន្តែលោកមិនបានអនុវត្តនោះទេ។ ការបញ្ជាក់របស់លោក ហ៊ុន សែន ដូច្នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ ថាលោក ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការបង្ក្រាបជនជាតិចាមនៅឆ្នាំ១៩៧៦។ 

ភាពយន្តរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាវណ្ណកម្មភាពយន្តនិយាយពីការតស៊ូរបស់លោកពីរបបខ្មែរក្រហម ក្នុងនាមមេបញ្ជាការកងទ័ពខ្មែរក្រហមមួយរូបនាសម័យនោះ ដោយក្នុងភាពយន្តត្រូវគេដាក់ឈ្មោះថា មេបញ្ជាការ«សម្រេច» និងភរិយារបស់លោកដែលជាគ្រូពេទ្យមានឈ្មោះថា«ម៉ារ៉ានី»។
ភាពយន្តរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាវណ្ណកម្មភាពយន្តនិយាយពីការតស៊ូរបស់លោកពីរបបខ្មែរក្រហម ក្នុងនាមមេបញ្ជាការកងទ័ពខ្មែរក្រហមមួយរូបនាសម័យនោះ ដោយក្នុងភាពយន្តត្រូវគេដាក់ឈ្មោះថា មេបញ្ជាការ«សម្រេច» និងភរិយារបស់លោកដែលជាគ្រូពេទ្យមានឈ្មោះថា«ម៉ារ៉ានី»។ © FB/SPM
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខកម្មករកាត់ដេរប្រមាណ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថាលោកបានទទួលបទបញ្ជាឲ្យទៅបង្ក្រាបការបះបោររបស់ខ្មែរឥសា្លមនៅស្រុកក្រូចឆ្មារខេត្តកំពង់ចាមកាលពីសម័យខ្មែរក្រហម ក៏ប៉ុន្តែលោកមិនបានធ្វើរឿងហ្នឹងទេ។ លោកថារឿងនេះ មិនមានការបង្ក្រាបអ្វីធំដុំទេ។

ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានសង្ស័យថាលោក សម រង្ស៊ី បានលួចមើលភាពយន្តរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាវណ្ណកម្មភាពយន្តនិយាយពីការតស៊ូរបស់លោកពីរបបខ្មែរក្រហម ក្នុងនាមមេបញ្ជាការកងទ័ពខ្មែរក្រហមមួយរូបនាសម័យនោះ ដោយក្នុងភាពយន្តត្រូវគេដាក់ឈ្មោះថា មេបញ្ជាការ«សម្រេច» និងភរិយារបស់លោកដែលជាគ្រូពេទ្យមានឈ្មោះថា«ម៉ារ៉ានី»។

ចំណុចដែលសង្ស័យថាលោក សម រង្ស៊ី លួចមើលភាពយន្តនេះ គឺត្រង់វគ្គមេបញ្ជាការ«ដេត» បញ្ជាឲ្យមេបញ្ជាការ«សម្រេច»នាំកងទ័ពទៅបង្ក្រាបការបះបោររបស់ខ្មែរឥស្លាមនៅស្វាយឃ្លាំង​ ក្នុងស្រុកក្រូចឆ្មារ តែលោកមិនបានធ្វើតាម។ នេះបើតាមលោក ហ៊ុន សែន។

សូមរំលឹកថាកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ លោក សម រង្ស៊ីដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារមួយនៅលើហ្វេសប៊ុកលោកអំឡុងពេលខ្មែរឥសា្លមទទួលលោកនៅឯប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ ដោយលោក សម រង្ស៊ី បង្ហាញឯកសារទាក់ទងទៅនឹងលោក ហ៊ុន សែន ដែលធ្លាប់ធ្វើជាមេទ័ពខ្មែរក្រហម ហើយដែលបានសម្លាប់ខ្មែរឥស្លាមជាច្រើនក្នុងសម័យ ប៉ុល ពត មុនលោក ហ៊ុន សែន រត់ទៅជ្រកកោននៅប្រទេសវៀតណាម។

បន្ថែមពីនេះ លោក សម រង្ស៊ី ក៏បានភ្ជាប់ទៅនឹងឯកសារដកស្រង់ពីតុលាការខ្មែរក្រហមដែរជាភាសារខ្មែរ និងភាសាអង់គ្លេស ដោយមានការចោទប្រកាន់ថាលោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធទៅនឹងការបង្ក្រាបការបះបោររបស់ជនជាតិចាមនៅក្នុងតំបន់២១ កាលពីចុងឆ្នាំ១៩៧៦ ហើយករណីនេះ មានសាក្សីយ៉ាងតិច៦នាក់។

ក៏ប៉ុន្តែលោក ហ៊ុន សែន អះអាងថាខ្សែរភាពយន្តរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទ» ក៏មិនអាចឃ្លាតឆ្ងាយពីរឿងពិតនៃខ្សែរជីវិតរបស់លោកដែរ ខណៈដែលលោកថា លោក សម រង្ស៊ី លួចមើលកុនរបស់លោក ហើយធ្វើយ៉ាងណារកចំណុចធ្វើឲ្យលោកមានកំហុស។ លោក ហ៊ុន​ សែន បញ្ជាក់ថា លោកបានប្រមូលខ្មែរក្រហមចេញពីព្រៃអស់ តែលោកថាសុំចុះចាញ់លោក សម រង្ស៊ី ដោយសារលោក សម រង្ស៊ី ខូចពេក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ