អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ថាលោកមិនលើកលែងទោសឲ្យ[កឹម សុខា] ដោយសារមិនទុកចិត្តបរទេស

 ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងជាថ្មីទៀតថា មូលហេតុដែលលោកមិនលើកលែងទោសដែលសំដៅទៅលោក កឹម សុខា និងកញ្ញា សេង ធាវី មេធាវីសញ្ជាតិអាមេរិកាំងនោះ ដោយសារតែលោកមិនទុកចិត្តបរទេស ដែលលោកហៅថាពួកគេចូលចិត្តចាប់ដៃតែជាន់ជើង។ លោក ហ៊ុន សែន ថ្លែងថាគ្មាននណាហ៊ានធ្វើអ្វីលោកបានឡើយ ហើយថានេះជាមេរៀនសម្រាប់បរទេសដែលតែងតែលើកឡើងពីករណីលោក កឹម សុខា និងករណី កញ្ញា សេង ធារី។ 

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា
ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធីជួបជុំកម្មករនៅថ្ងៃទី២៨មិថុនា នៅជាយក្រុងភ្នំពេញ ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្តល់សារទៅបរទេសថា ចាប់ម៉ោងនេះទៅអ្នកណាក៏ដោយឲ្យតែមានអន្តរាគមន៍ពីបរទេសគឺត្រូវជាប់ពន្ធនាគារឲ្យគ្រប់ចំនួនដែលបានកាត់ទោស។ នេះគឺជាអ្វីដែលលោក ហ៊ុន សែន ហៅថាជាការទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេស។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះជាមេរៀនដែលបរទេសត្រូវដកពិសោធន៍បានហើយចំពោះការអន្តរាគមន៍កន្លងមកលើករណីអ្នកនយោបាយដែលជាប់ពន្ធនាគារនៅកម្ពុជា។

លោក ហ៊ុន សែន បានបន្តអះអាងជាថ្មីទៀតថា មូលហេតុដែលោកមិនលើកលែងទោសដែលសំដៅទៅលោក កឹម សុខា និងកញ្ញា សេង ធាវី មេធាវីសញ្ជាតិអាមេរិកាំងនោះ ដោយសារតែលោកមិនទុកចិត្តបរទេស ដែលលោកហៅថាពួកគេចូលចិត្តចាប់ដៃតែជាន់ជើង។

បើតាមលោក ហ៊ុន សែន គ្មាននណាហ៊ានធ្វើអ្វីលោកឡើយ បើទោះជាលោកមិនលើកលែងទោសឲ្យអ្នកទាំងនេះទៅតាមការចង់បានរបស់បរទេស។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣មីនា បានសម្រេចផ្តន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ពីបទ ឃុតឃិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ការផ្តន្ទាទោសនោះ ត្រូវបានសហរដ្ឋអាមេរិកប្រតិកម្មថាជាចេតនាបិទសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា ខណៈប្រទេសសេរីផ្សេងទៀតទទួចឲ្យទម្លាក់ចោលការចោទប្រកាន់ ដោយថា ការកាត់ទោសនេះគ្មានភស្តុតាងគ្រប់គ្រាន់ឡើយ។

ចំណែក  កញ្ញា សេង ធារី មេធាវីខ្មែរសញ្ជាតិអាមេរិក ត្រូវបានផ្តន្ទាទោសដាក់ពន្ធធនាគារ៦ឆ្នាំ ពាក់ព័ន្ធសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី។ ករណីសេង ធារី ត្រូវបានលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកលើកឡើងក្នុងជំនួបជាមួយលោក ហ៊ុន សែន នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ។ នេះបើតាមក្រសួងការបរទេសអាមេរិក តែត្រូវបានលោក ហ៊ុន សែន អះអាងថាមិនការលើកឡើងបែបនោះឡើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ