អានតួអត្ថបទ
កម្ពុជា-នយោបាយ

អាមេរិកសម្រេចផ្អាកផ្តល់ជំនួយមួយចំនួន និងរឹតត្បិតទិដ្ឋាការមន្ត្រីរដ្ឋាភិបាល ចំពោះការបោះឆ្នោតដែលមិនសេរី

សហរដ្ឋអាមេរិកបានសម្រេចកាត់ផ្តាច់ផ្នែកខ្លះនៃជំនួយបរទេសមកកម្ពុជា និងរឹតត្បិតទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលមួយចំនួន ចំពោះទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលធ្វើឡើងដោយមិនសេរី និងយុត្តិធម៌។ ការសម្រេចរបស់អាមេរិកនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីកម្ពុជាបានបញ្ចប់ការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃអាទិត្យ ដែលជាលទ្ធផលគណបក្សប្រជាជនកម្ពុជា បន្តឈ្នះភ្លូកទឹកភ្លូកដី និងត្រៀមកាន់អំណាច៥ឆ្នាំបន្តទៀត។ 

លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។ © Internet
ផ្សាយពាណិជ្ជកម្ម

ជាប្រតិកម្មឆ្លើយតបភ្លាមៗ នឹងសភាពការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ខ្លួនមានការរំខានចិត្ត ដែលការបោះឆ្នោតជាតិនៅថ្ងៃទី២៣កក្កដា មិនបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។

ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ខ្លួនបានសម្រេចរឹតត្បិតលើទិដ្ឋាការមន្ត្រីមួយចំនួនដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយក៏ផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួនមកដល់កម្ពុជា។ ជាការសម្រេចមួយ ដែលក្រសួងការបរទេសអាមេរិក បានលើកហេតុផលមួយចំនួន ថា អាជ្ញាធរកម្ពុជាបានគំរាមកំហែង និងយាយីលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលជាការបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចជាអន្តរជាតិ របស់កម្ពុជា។ តាមសេចក្តីថ្លែងការណ៍ ទង្វើទាំងនេះ បានធ្វើឲ្យពលរដ្ឋកម្ពុជាបាត់បង់សំឡេង និងជម្រើសក្នុងការកំណត់អនាគតប្រទេសកម្ពុជា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ថា ជាការវាយតម្លៃដោយប្រើក្រសែភ្នែករាប់ម៉ឺនគីឡូម៉ែត្រពីចម្ងាយ។ ការលើកឡើងបែបនេះ លោក សុខ ឥសាន ពន្យល់ថា អាមេរិកមិនបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន មកតាមដានការបោះឆ្នោតនៅកម្ពុជាឡើយ ដូច្នេះ ការវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជាមិនសេរី និងមិនយុត្តិធម៌ គឺមិនត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងពីសច្ចភាពនៃការបោះឆ្នោត។

នៅចំពោះមុខនៃការលើកឡើងពីទណ្ឌកម្មរឹតត្បិតទិដ្ឋាការមន្ត្រីរដ្ឋាភិបាល និងការកាត់ផ្តាច់ជំនួយមកកម្ពុជា អ្នកនាំពាក្យគណបក្សកាន់អំណាច ថា ជាទង្វើដែលអាមេរិកតែងតែធ្វើ ដើម្បីឲ្យប្រទេសតូចៗស្តាប់បង្គាប់។ ការគាបសង្កត់តាមរយៈការផ្តាច់ជំនួយ គឺជាសិទ្ធិរបស់អាមេរិក ក៏ប៉ុន្តែលក្ខខណ្ឌនេះ អាចបញ្ជាក់បានថា អាមេរិកកំពុងព្យាយាមប្រើប្រាស់ជំនួយរបស់ខ្លួន ដើម្បីលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ នេះបើតាមលោក សុខ ឥសាន។

គួរកត់សម្គាល់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលធ្វើឡើងនៅថ្ងៃទី២៣កក្កដា បានរងនូវការរិះគន់ពីបណ្តាសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសនិយមប្រជាធិបតេយ្យ ដែលថាការបោះឆ្នោតនេះ ជាការបោះឆ្នោតដើម្បីបង្រ្គប់កិច្ច និងជាជន្ទល់សម្រាប់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្តោបក្តាប់អំណាចជាបន្តទៀត។ ជាលទ្ធផលបឋម គឺគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងនាំមុខគេ ក្នុងការឈានទៅបង្កើតរដ្ឋាភិបាលថ្មីខាងមុខនេះ ខណៈអាសនៈជាបណ្តោះអាសន្នក្រៅផ្លូវការ គឺគណបក្សប្រជាជនកម្ពុជាមានចំនួន១២០ និងគណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច ទទួលបាន៥អាសនៈ។

នៅមុនការបោះឆ្នោតនេះ មកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឌឺដងដល់ការរិះគន់ទាំងឡាយជាមុនថា លោកមិនខ្វល់ខ្វាយអំពីការទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ពីសំណាក់បណ្តាសហគមន៍អន្តរជាតិឡើយ។ តែអ្វីដែលសំខាន់សម្រាប់ប្រមុខរដ្ឋាភិបាលក្នុងអំណាច៣៨ឆ្នាំមកនេះ គឺកម្ពុជាបានបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងស្របទៅតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។

យ៉ាងណាមិញ ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលនឹងត្រៀមបង្កើតរដ្ឋាភិបាលថ្មី នៅមានឱកាសកែលម្អកិត្តិនាមរបស់ខ្លួនលើឆាកអន្តរជាតិ ក៏ដូចជា ការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្ស ពិតប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ