អានតួអត្ថបទ

IFC បើកការស៊ើបអង្កេតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ដែលចោទថាបង្កមហន្តរាយដល់អ្នកខ្ចី

សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ (International Finance Corporation ​ឬ IFC) នៅថ្ងៃទី​១ខែសីហាម្សិលមិញនេះ ​បានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការលើ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា បន្ទាប់ពីមានពាក្យបណ្តឹងថា​​គ្រឹះស្ថានទាំងនោះ​បាន ធ្វើ​ឲ្យ​អន្ត​រាយ​ដល់​ពល​រដ្ឋ​កម្ពុជា​ជា​អ្នក​ខ្ចី​ប្រាក់។ នៅក្នុងសេចក្តីថ្លែងការណ៍ IFC បាន​បញ្ជាក់ថាស៊ើបអង្កេតឱ្យ​ម៉ត់ចត់ ដើម្បីធានាថា ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងនោះមិន​​​ពាក់ព័ន្ធ​នឹងពលកម្ម​កុមារ ​និង​ការ​រំលោភ​សិទ្ធិ​ដីធ្លី​របស់​ជន​ជាតិ​ដើម​ភាគតិច​ដោយ​គ្មាន​ការ​យល់ព្រម។​ អោ ស្រីពេជ្រ រាយការណ៍​

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៦នៅកម្ពុជា ត្រូវបានគេស៊ើបអង្កេតរកឃើញថា បានធ្វើឲ្យអន្តរាយដល់ពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៦នៅកម្ពុជា ត្រូវបានគេស៊ើបអង្កេតរកឃើញថា បានធ្វើឲ្យអន្តរាយដល់ពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់។ © Internet
ផ្សាយពាណិជ្ជកម្ម

រយៈពេលជាងមួយឆ្នាំមកហើយដែលដំណើរការត្រួតពិនិត្យជាច្រើនលើកច្រើនសាររបស់​​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ​នៃ​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ ត្រូវបានធ្វើឡើង ទៅតាមបណ្តឹងរបស់អង្គការក្រៅរដ្ឋាភិបាលដែលមានដូចជា​អង្គ​ការ​លី​កាដូ​ និង​អង្គការ​សមធម៌​កម្ពុជា។ ពាក្យបណ្តឹង​នោះចោទថា ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៦ បានបង្កមហន្តរាយ​ដល់អ្នកខ្ចី​។

នៅថ្ងៃទី​១​ ខែសីហា ឆ្នាំ​២០២៣ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation ឬ IFC)ដែល​ផ្តល់​មូលនិធិ​ដល់​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា បានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការ លើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៦នោះរួមមាន ​ធនាគារ​អេ​ស៊ី​លីដា​ ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ធនាគារ​ហត្ថា​ ​ធនាគារ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​ធនាគារ​ស្ថាបនា​ជាដើម​។​

យោងតាមសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មីក្រូហិរញ្ញវត្ថុនៅកម្ពុជាខាងលើនេះ ត្រូវបានចោទប្រកាន់ថា បាន​បំពាន​បទដ្ឋាន​ស្តង់ដា​អនុវត្តន៍​របស់​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​ដែល​ហាម​ឃាត់​ការ​វិនិយោគ​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​ការបាត់បង់ដីធ្លី និងជីវភាពរស់នៅរបស់អ្នកខ្ចីមីក្រូហិរញ្ញវត្ថុ ពលកម្មកុមារ ការធ្វើចំណាកស្រុកដែលជំរុញដោយតម្រូវការសេដ្ឋកិច្ច ផលប៉ះពាល់អវិជ្ជមានលើសហគមន៍ជនជាតិដើមភាគតិច និងការភ័យខ្លាចនៃការសងសឹកឧស្សាហកម្មប្រឆាំងនឹងអ្នករិះគន់។

គួរជម្រាបថា មីក្រូហិរញ្ញវត្ថុទាំង៦នោះ ​តំណាងឱ្យភាគហ៊ុនជាង៧០% នៃទីផ្សារមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាជាសរុប។

យោងតាមអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ ស្ថាប័នហិរញ្ញ​វត្ថុ​ទាំង​៦​ខាង​លើ ​ធ្លាប់​ទទួល​បាន​ការ​អនុម័ត​ទឹកប្រាក់​ច្រើន​ជាង​៤០០​លាន​ដុល្លារពី​មូលនិធិ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ ​នៅ​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ រួមមាន​កម្ចី​ឥណទាន​ដោយ​ផ្ទាល់​ កម្ចី​បញ្ចូល​គ្នា​ កម្ចី​ឥណទាន​ និង​ការ​វិនិយោគ​ផ្អែក​លើ​សមភាព​ពី​មូលនិធិ​ដែល​គាំទ្រ​ដោយ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ។

ចំណែក វិនិយោគិន ឬមូលនិធិ ចំនួន ៤ទៀតដូចជា ឥណទានពង្រឹងមីក្រូហិរញ្ញវត្ថុ មូលនិធិគំនិតផ្តួចផ្តើមមីក្រូហិរញ្ញវត្ថុដើម្បីបំណុលអាស៊ី ក្រុមហ៊ុន Advans S.A និង ក្រុមហ៊ុន North Haven Thai Private Equity Fund L.Pក៏ស្ថិតក្នុងការស៊ើបអង្កេតនេះដែរ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ