អានតួអត្ថបទ

លោក សម រង្ស៊ី៖ វិបត្តិបំណុលធនាគារនៅកម្ពុជាធ្វើឲ្យពលរដ្ឋខ្លះបានធ្វើអត្តឃាតខ្លួនឯង

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា វិបត្តិបំណុលធ្វើឲ្យប្រជាពល​រដ្ឋខ្មែរខ្លះបានធ្វើអត្តឃាតខ្លួនឯង។ បញ្ហានេះលោក សម រង្ស៊ី ក៏បានចោទថា ​រដ្ឋាភិបាល​ក៏មានជាប់ពាក់ព័ន្ធផងដែរ។ ប៉ុន្តែអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថា វិបត្តិបំណុលធ្វើឲ្យប្រជាពល​រដ្ឋខ្មែរខ្លះបានធ្វើអត្តឃាតខ្លួនឯងនេះ មិនជាប់ពាក់ព័ន្ធនឹងសមាជិកខ្លួនដោយផ្ទាល់ឡើយ ករណីនេះអាចជាប់​ពាក់ព័ន្ធបំណុលក្រៅប្រព័ន្ធច្រើនជាង។

ពលរដ្ឋសម្លាប់ខ្លួនដោយសារជំពាក់បំណុល
ពលរដ្ឋសម្លាប់ខ្លួនដោយសារជំពាក់បំណុល © internet
ផ្សាយពាណិជ្ជកម្ម

ដោយដកស្រង់ចេញពីសារព័ត៌មានអង់គ្លេសដែលមានឈ្មោះថាThe Guardian លោក សម រង្ស៊ី បាននិយាយថា «មានពលរដ្ឋរាប់មិនអស់ទូទាំងប្រទេសជួបប្រទះវិបត្តិបំណុលយ៉ាងធ្ងន់ធ្ងរ រើ​ខ្លួនមិនរួច អស់សង្ឃឹម រហូតដល់ចង់សម្លាប់ខ្លួន ឬក៏ធ្វើអត្តឃាតរួចទៅហើយ»។ លោក សម រង្ស៊ី បានចោទរដ្ឋាភិ​បាលដឹកនាំដោយលោក ហ៊ុន សែននិងរដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជាអ្នកចូលដៃជាមួយ​​ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខិលខូច កេងប្រវ័ញ្ចពល​រដ្ឋក្រីក្រ ដើម្បីទទួលបានប្រាក់ចំណេញ។

យ៉ាងណាការចោទប្រកាន់របស់លោក សម រង្ស៊ី ខាងលើនេះ នៅមិនទាន់មានប្រតិកម្មពីរដ្ឋាភិបាល​ឡើយ​។ ប៉ុន្តែអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងីវិញ ថាការចុះផ្សាយដោយសារព័ត៌មានអង់​គ្លេស The Guardian ដែលដកស្រង់ដោយលោក សម រង្ស៊ីនេះ ខាងសមាគមមីក្រូហិរញ្ញវត្ថុរកមិនទាន់ឃើញថាសមាជិកខ្លួនជាប់ព័ន្ធដោយផ្ទាល់ឡើយ។ ករណីនេះអាចជាប់ពាក់ព័ន្ធដោយប្រយោលប៉ុណ្ណោះ ហើយមួយផ្នែកទៀតអាចជាប់ពាក់ព័ន្ធបំណុលក្រៅប្រព័ន្ធ។

នៅក្នុងអត្ថបទសារព័ត៌មានអង់គ្លេស The Guardian បានសរសេររៀបរាប់អំពីគ្រួសារក្រីក្រមួយនៅខេត្តរតនៈគិរី ដែលស្វាមីបានស្លាប់ដោយសារតែបញ្ហាខ្ចីលុយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ពុំមាន​លទ្ធភាពសងត្រឡប់ទៅវិញ។ សារព័ត៌មាននេះបានស្រង់សម្ដីគ្រួសារជនរងគ្រោះ មុនឈានដល់ការសម្លាប់ខ្លួន គឺបន្ទាប់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មករំលឹកដល់ផ្ទះដើម្បីដាស់​តឿនឲ្យជនរងគ្រោះសងប្រាក់ដែលបានជំពាក់។

ចំពោះអត្ថបទសារព័ត៌មានអង់គ្លេស The Guardian ដែលបានចុះផ្សាយរឿងនេះ លោក កាំង តុងងី បានគូសបញ្ជាក់ថា ខាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារ បាននិងកំពុងធ្វើការស្រាវជ្រាវស្វែងរកការពិតចំពោះរឿងនេះហើយ ដើម្បីដាក់ជូនទៅធនាគារជាតិនៃកម្ពុជា។ ដូច្នេះករណីនេះស្ថិតក្នុងការស្រាវជ្រាវនៅឡើយ មិនទាន់ដឹងច្បាស់ថា ពិតជាមានករណីពលរដ្ឋសម្លាប់ខ្លួនដោយសារវិបត្តិបំណុលជំពាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ។

ប៉ុន្តែយ៉ាងណាបើតាមសារព័ត៌មានអង់គ្លេស The Guardian ប្រទេសកម្ពុជាតំណាងឲ្យវិស័យមីក្រូហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់ពិភពលោក ដោយកម្ចីសម្រាប់មនុស្សម្នាក់ៗជាមួយនឹងប្រាក់កម្ចីសរុបចំនួន 16ពាន់លានដុល្លារ ប៉ុន្តែក្រុមហ៊ុនមីក្រូប្រាក់កម្ចីដ៏ធំបំផុតមួយចំនួននៅកម្ពុជា កំពុងស្ថិតក្រោមការត្រួតពិនិត្យពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ក្រុមធនាគារពិភពលោកសម្រាប់ការខូចខាតដែលត្រូវ​បានចោទប្រកាន់ថាបណ្តាលមកពីការផ្តល់ប្រាក់កម្ចី រួមមាន "ការបាត់បង់ដីធ្លី ផលប៉ះពាល់លើជីវភាពរស់នៅ ផលប៉ះពាល់លើជនជាតិដើមភាគតិច និងការគំរាមកំហែងជាដើម"៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ