អានតួអត្ថបទ

ធនាគារ​ពិភពលោក​ប្រាប់​កម្ពុជា​ឲ្យ​ចាត់​វិធានការ​លើ​បំរែបំរួល​អាកាសធាតុ​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ

ប្រទេស​កម្ពុជា​អាច​សម្រេច​ចក្ខុវិស័យ​អភិវឌ្ឍន៍​របស់ខ្លួន​ ប្រសិនបើ​ប្រទេស​នេះ​មាន​ចំណាត់ការ​លើ​បម្រែបម្រួល​អាកាសធាតុ​តាមរយៈ​សកម្មភាព​ធំ​ៗ​៣ ​គឺ​ការ​កាត់បន្ថយ​ឲ្យបាន​ច្រើន​នូវ​ភាព​ងាយ​រងគ្រោះ ​ដោយសារ​បម្រែបម្រួល​អាកាសធាតុ ​សម្រប​ឡើងវិញ​នូវ​គន្លង​បំភាយ​កាបូន​នៅក្នុង​ការអភិវឌ្ឍន៍ ​និង​តម្រង់ទិស​ឡើងវិញ​សម្រាប់​សេដ្ឋកិច្ច ​ដើម្បី​ក្រសោប​យក​ឱកាស​ថ្មី​ៗ​ពី​ការ​ធ្វើ​អន្តរកាល​ទៅរក​ការ​អភិវឌ្ឍន៍​បៃតង​លើ​សកលលោក​។ ​នេះបើតាម​របាយការណ៍​របស់​ធនាគារពិភពលោក​ ដែល​ចេញផ្សាយ​នៅថ្ងៃ​ទី​៣១​ ខែ​តុលា​ម្សិលមិញ​។

កសិករនៅវាលស្រែ
កសិករនៅវាលស្រែ © WB
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ស្តីពី​ស្ថានភាពអាកាសធាតុ​ និងការ​អភិវឌ្ឍន៍ប្រទេស​កម្ពុជា(CCDR) របស់​ធនាគារពិភពលោក​ ដែលបានចេញផ្សាយ​កាលពីពេលថ្មីៗនេះ ​បង្ហាញថា​យោងតាម​ការព្យាករអាកាសធាតុ​ ហានិភ័យទឹកជំនន់ ​និងសម្ពាធកំដៅនៅ​កម្ពុជានឹង​មានសភាព​កាន់តែ​អាក្រក់​នាពេលអនាគត​។ ប្រសិនបើ​គ្មាន​វិធានការបន្ស៊ាំ ​និង​កាត់បន្ថយ​ផលប៉ះពាល់​សមស្របទេ​ បម្រែបម្រួល​អាកាសធាតុ​អាចនឹង​ធ្វើឲ្យ​កម្ពុជាខាតបង់​ ផ.ស.ស ​៩% គិតត្រឹម​ឆ្នាំ២០៥០ ​និងធ្វើឲ្យអត្រា​ភាពក្រីក្រកើនឡើង​ ៦ភាគរយពិន្ទុ ​គិតត្រឹមឆ្នាំ២០៤០​។ របាយការណ៍​វិភាគចុងក្រោយ​នេះ ក៏ជា​ការ​ផ្តល់អនុសាសន៍​ដល់រដ្ឋាភិបាល​ផងដែរ​។

លោកស្រី​ ម៉ានូអែលឡា វ. ហ្វេរ៉ូ ​អនុប្រធានធនាគារ​ពិភពលោកទទួលបន្ទុក​តំបន់អាស៊ីបូព៌ា ​និងប៉ាស៊ីហ្វិក ​លើកឡើងថា ​កម្ពុជាជាប្រទេស​ដែលប្រឈមខ្លាំងទៅនឹង​ផលប៉ះពាល់នៃអាកាសធាតុ​ ជាពិសេសតាមរយៈ​ការកើនឡើងជាញឹកញាប់​ និងធ្ងន់ធ្ងរ​នៃគ្រោះទឹកជំនន់​។ ដូច្នេះ ដើម្បីស្តារ​ឡើងវិញអ្វីដែលបាន​បាត់បង់ដោយសារជំងឺ​ឆ្លងរាតត្បាត ​និងការកើនឡើង​តម្លៃចំណីអាហារ​ និងប្រេងឥន្ធនៈ​ កម្ពុជាត្រូវរក្សាកំណើន​ខ្ពស់​ស្របពេលដែលប្រទេសនេះ​ត្រូវដោះស្រាយផលប៉ះពាល់​ ដែលបង្កឡើងដោយ​ការប្រែប្រួលអាកាសធាតុ​លើសេដ្ឋកិច្ច ​និងការកាត់បន្ថយ​ការបំភាយកាបូន​។ នេះបើតាម​លោកស្រី ហ្វេរ៉ូ​។

ជាមួយគ្នានេះ ​CCDR ក៏បានលើកឡើង​ពីកំណើនសេដ្ឋកិច្ច​មធ្យមដ៏ល្អរបស់​ប្រទេសកម្ពុជា​កន្លងមកដែរ​ ក៏ប៉ុន្តែដើម្បីរក្សា​កំណើនរឹងម៉ាំ ​ធនាគារពិភពលោក​រំលឹកដល់កម្ពុជា​ឲ្យខិតខំជម្នះ​ឧបសគ្គមួយចំនួន​ទាក់ទងទៅនឹង​ពាណិជ្ជកម្ម ​ហេដ្ឋារចនាសម្ព័ន្ធ​ វិនិយោគ ​ការថយចុះនៃ​វិនិយោគសាធារណៈ និង​ការកើនឡើង​នូវបំណុល​ជាឯកជន​។

របាយការណ៍​ធនាគារពិភពលោក​បន្តថា សេដ្ឋកិច្ចកម្ពុជា​មានមូលដ្ឋាន​ប្រមូលផ្តុំខ្លាំង ​បើនិយាយពីការ​នាំចេញ ទីផ្សារ​ វិស័យ និងប្រភព​ហិរញ្ញប្បទាន ​ដែលធ្វើឲ្យប្រទេសនេះ​ងាយរងគ្រោះ​ ពីសំណាក់ហេតុការណ៍​នៅក្រៅប្រទេស។​ ការធ្វើពិពិធកម្ម​មូលដ្ឋាននាំចេញ​របស់ខ្លួន ការកែលម្អ​បរិយាកាសអំណោយផល​សម្រាប់វិស័យ​ឯកជន ការដោះស្រាយ​បញ្ហាខ្វះខាតនៅក្នុង​វិស័យអប់រំ ​សុខាភិបាល និង​ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ទាំងអស់នេះ​ជាកត្តាសំខាន់​សម្រាប់រក្សាកំណើន​បែបបរិយាបន្ន ​និង​ការអភិវឌ្ឍន៍ប្រកបដោយ​ចីរភាព។ ​នេះបើតាម ​World Bank​។

បន្ថែមពីនេះ ​ធនាគារពិភពលោក​កត់សម្គាល់ថា បែបផែន​អភិវឌ្ឍថ្មីៗក៏មាន​ចំណែកធ្វើឲ្យភាព​ប្រឈមនឹងឥទ្ធិពល​អាកាសធាតុមានសភាព​កាន់តែអាក្រក់ដែរ​ ខណៈដែលកម្ពុជា​មានអត្រាកាប់បំផ្លាញ​ព្រៃឈើខ្ពស់បំផុត​មួយក្នុងពិភពលោក​។ បែបផែននៃការ​អភិវឌ្ឍន៍ទីក្រុង​នាពេលថ្មីៗនេះ​ បានធ្វើឲ្យអ្នក​តាំងទីលំនៅថ្មីក្នុង​ទីក្រុង ស្ថិតនៅក្នុង​តំបន់ងាយរងនឹងការ​លិចលង់ពីទឹកជំនន់​។ ជាមួយគ្នានេះ​ កម្ពុជាបានជាប់ជា​ប្រទេសដែលមានកំណើន​នៃអត្រាបំភាយឧស្ម័ន​ផ្ទះកញ្ចក់លឿន​បំផុតក្នុងតំបន់​អាស៊ីអាគ្នេយ៍ និង​ជាប្រទេស​ដែលមានអត្រា​នៃការបំភាយ​ឧស្ម័នកាបូន​ខ្ពស់ខ្លាំង តែការ​បញ្ចេញឧស្ម័នផ្ទះកញ្ចក់​កម្រិតទាប​។

លោកស្រី ​ម៉ារីយ៉ាម ស្ហឺរមែន ​តំណាងធនាគារពិភពលោក​ប្រចាំប្រទេសភូមា​ កម្ពុជា និងឡាវ ​ឲ្យដឹងថា សម្រាប់​ប្រទេសកម្ពុជា ការ​បន្តរក្សាឲ្យបាននូវកំណើន​សេដ្ឋកិច្ចប្រកបដោយ​ចីរភាព និងការ​ឆ្លើយតប​ទៅនឹងតម្រូវការនៃ​បម្រែបម្រួលអាកាសធាតុ គឺ​ជាបញ្ហាប្រឈមដែល​ប្រទាក់ក្រឡាគ្នា ដោយ​នៅក្នុងន័យនេះ ការ​បង្កើនសមត្ថភាព​ប្រកួតប្រជែងសេដ្ឋកិច្ច ​ការកសាងមូលធន​មនុស្ស និងការវិនិយោគ​ទៅលើភាពធន់​នឹងអាកាសធាតុ​ នឹងនាំ​អត្ថប្រយោជន៍ដល់​ប្រជាជនកម្ពុជា​ទាំងអស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ