អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមចលនាមាតាធម្មជាតិ៣រូប ចេញដំណើរទៅទទួលពានរង្វាន់ Right Livelihoodនៅស៊ុយអែត

តំណាងក្រុមចលនាមាតាធម្មជាតិចំនួន៣រូប សម្រេចទៅទទួលពានរង្វាន់Right Livelihood នៅប្រទេសស៊ុយអែត ជំនួសកញ្ញា ភួន កែវរស្មី លោក ថុនរដ្ឋា និងកញ្ញា ឡុង គន្ធា បន្ទាប់ពីអ្នកទាំងបីត្រូវបានតុលាការបដិសេធសំណើសុំចេញទៅក្រៅប្រទេស។ បច្ចុប្បន្នតំណាងក្រុមទាំង៣នាក់នោះ កំពុងស្ថិតនៅប្រទេសអាល្លឺម៉ង់ និងត្រៀមចូលជួបជាមួយតំណាងសភាអាល្លឺម៉ង់ តំណាងសហភាពអឺរ៉ុប និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ។

ក្រុមយុវជនចលនាមាតាធម្មជាតិដើរបង្ហែក្បួនស្តីពីកិច្ចការពារតំបន់កោះកុងក្រៅ
ក្រុមយុវជនចលនាមាតាធម្មជាតិដើរបង្ហែក្បួនស្តីពីកិច្ចការពារតំបន់កោះកុងក្រៅ © Internet
ផ្សាយពាណិជ្ជកម្ម

ការចេញទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន Right Livelihood នៅទីក្រុងស្តុកហូម ប្រទេសស៊ុយអែតដែលត្រៀមធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា គឺមានវត្តមានលោក លី ចាន់ដារាវុធ កញ្ញា ស៊ុន រដ្ឋា និងកញ្ញា លីសា ដែលសុទ្ធសឹងជាសមាជិកក្រុមចលនាមាតាធម្មជាតិ។

ជាក់ស្តែង លោក លី ចាន់ដារាវុធ និងកញ្ញា ស៊ុន រដ្ឋា អ្នកទាំងពីរក៏កំពុងស្ថិតក្រោមបទចោទមួយដែរនោះគឺ រួមគំនិតក្បត់។ ក៏ប៉ុន្តែ បទចោទនេះ មិនបានដាក់បម្រាមចំពោះការចេញទៅក្រៅប្រទេសដូចបទចោទដែលតុលាការចោទប្រកាន់មកលើ កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធាឡើយ។ បទចោទនោះគឺ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលហាមមិនឱ្យអ្នកទាំងបីចេញទៅក្រៅប្រទេស។

កញ្ញា ភួន កែវរស្មី សមាជិកក្រុមចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ទោះបីមានតំណាងសមាជិកក្រុមទៅទទួលពានជំនួសក៏ដោយ ប៉ុន្តែកញ្ញាយល់ថា នេះជាការបាត់បង់ឱកាស។  សម្រាប់កញ្ញា ភួន កែវរស្មី រដ្ឋាភិបាលកម្ពុជាហាក់រិតត្បិតសិទ្ធិសេរីភាពរបស់កញ្ញា រួមមនឹងសមាជិក្រុមយ៉ាងតឹងរឹង ដែលនេះចាត់ទុកជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន ត្បិត កញ្ញា អះអាងថា ខ្លួនមិនបានប្រព្រឹត្តបទឧកិ្រដ្ឋណាមួយដែលប៉ះពាល់ដល់ប្រទេសជាតិឡើយ។

ដោយសារជាប់បម្រាមមិនឱ្យចេញទៅក្រៅប្រទេសរបស់តុលាការ កញ្ញាភួន កែវរស្មីបានដាក់លិខិតស្នើសុំទៅព្រះរាជអាជ្ញាដើម្បីអនុញ្ញាតឱ្យខ្លួន​ និងសមាជិកក្រុម២នាក់ផ្សេងទៀតអាចចេញទៅទទួលពានរង្វាន់Right Livelihood នៅប្រទេសស៊ុយអែត​ ក៏ប៉ុន្តែត្រូវបានព្រះរាជអាជ្ញាចារលើលិខិតស្នើសុំថា ពុំមានការចាំបាច់។ ក្រោយមកអ្នកទាំងបី ក៏ស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌តាមរយៈការដាក់ញត្តិកាលពីថ្ងៃទី០៦ តុលា។ ជាលទ្ធផលក្រសួងយុត្តិធម៌មិនបានឆ្លើយតបអ្វីឡើយ។

គួរបញ្ជាក់ថា ក្រុមយុវជនមាតាធម្មជាតិ បានស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានអង្គការ Right Livelihood ផ្តល់ពានរង្វាន់នៅក្នុងឆ្នាំនេះ ចំពោះសកម្មភាពដែលមិនខ្លាចរអារបស់ពួកគេ។ តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិមួយនេះ គឺ ក្រុមយុវជនមាតាធម្មជាតិ បានការពារធនធានធម្មជាតិរបស់កម្ពុជា និងក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅចំពោះមុខការបង្រ្កាបរបស់រដ្ឋាភិបាលដែលកំពុងកើនឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ